លោក សម រង្ស៊ី ថា​ការ​ប្រកាស​កំណត់​ថ្ងៃ​បោះឆ្នោត​នៅ​ពុំ​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ថា ការ​កំណត់​យក​ថ្ងៃ​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ នៅ​ពុំ​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រកប​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​ទទួល​យក​បាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ។

រដ្ឋាភិបាល​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ចំណែក​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៨។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា គូស​បញ្ជាក់​ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន និង​បរិយាកាស​បំភិតបំភ័យ គំរាម​កំហែង ត្រូវ​តែ​បញ្ចប់​ជា​មុន​សិន មុន​ពេល​គ្រប់ៗ​គ្នា​និយាយ​អំពី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។ ការ​ប្រកាស​កំណត់​ថ្ងៃ​បោះឆ្នោត​នេះ គឺ​គ្រាន់​តែ​ជា​ការ​បំភ័ន្ត និង​បង្វែរ​ការ​ចាប់​អារម្មណ៍​មក​លើ​សកម្មភាព​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ប៉ុណ្ណោះ ដែល​បាន​ប្រើ​អំណាច​គាប​សង្កត់ និង​បំភិតបំភ័យ​ដល់​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ក្នុង​គោល​បំណង​ដើម្បី​បន្ត​កាន់​អំណាច បើ​ទោះ​បី​ជា​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្តី។

សេចក្តី​ថ្លែងការណ៍​បន្ត​ទៀត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​យក​ប្រព័ន្ធ​តុលាការ​ប្រើប្រាស់​ជា​ឧបករណ៍​របស់​ខ្លួន ដើម្បី​ចាប់​ក្រុម​អ្នក​ប្រឆាំង ក្នុង​នោះ​រួម​មាន​តំណាង​រាស្ត្រ សកម្មជន​បក្ស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដាក់​ពន្ធនាគារ និង​ចោទ​ប្រកាន់​នានា ដោយ​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់។

បន្ថែម​ពី​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​អគ្គលេខាធិការ​រង​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា ដាក់​ពន្ធនាគារ និង​មន្ត្រី គ..ប ម្នាក់​ទៀត​ដែល​មក​ពី​ភាគី​គណបក្ស​ប្រឆាំង គឺ​លោក រ៉ុង ឈុន ក៏​កំពុង​រង​ការ​ចោទ​ប្រកាន់​ផង​ដែរ។

គណបក្ស​ប្រឆាំង​អះអាង​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា នេះ គឺ​ក្នុង​ន័យ​បំផ្លាញ​សមាសភាព​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ទើប​បង្កើត​ឡើង និង​បង្ក​ហានិភ័យ​ដល់​ដំណើរ​ការ​បោះឆ្នោត​ទាំង​មូល។

សេចក្តី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចាំ​ថា ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ការ​បោះឆ្នោត​ជាតិ​ណា​មួយ ប្រសិន​បើ​ពុំ​មាន​ការ​ចូលរួម​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង គឺ​ជា​ការ​បោះឆ្នោត​ពុំ​មាន​ន័យ​អ្វី​ឡើយ។ លោក សម រង្ស៊ី អះអាង​ថា ប្រការ​ដែល​លោក​និរទេស​ខ្លួន​ជា​លើក​ទី​៣ នេះ ពីព្រោះ​លោក​ជា​ជន​រងគ្រោះ​ដោយសារ​ការ​រើសអើង​នយោបាយ និង​តុលាការ​លម្អៀង កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ។

រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​នឹង​សេចក្តី​ថ្លែងការណ៍​គណបក្ស​ប្រឆាំង​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា បាន​ចំអក​គណបក្ស​ប្រឆាំង​ថា លោក​សង្ឃឹម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ នឹង​គ្មាន​បាតុកម្ម​បដិសេធ​មិន​ទទួល​យក​លទ្ធផល​បោះឆ្នោត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។