មេបក្ស​ប្រឆាំង បរិហារ​សា​ជា​ថ្មី បក្ស​កាន់​អំណាច​ រឿង​បោះឆ្នោត​ទន្ទឹម​នឹង​នយោបាយ​ក្តៅ

លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ កាលពីយប់ម្សិលមិញ បានបើកការវាយសាជាថ្មីមកកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្តីពីកាលបរិច្ចេទការបោះឆ្នោត។ ការបោះឆោ្នតខាងមុខដែលប្រធានបក្សប្រឆាំងនឹងមិនអាចធានាបាននូវការជឿទុកចិត្តឡើយ។ គណបក្សប្រជាជនថា មេបក្សប្រឆាំងផ្តើមឡាំប៉ា មុនការបោះឆ្នោត។

មេបក្ស​ប្រឆាំង បរិហារ​សា​ជា​ថ្មី បក្ស​កាន់​អំណាច​ រឿង​បោះឆ្នោត​ទន្ទឹម​នឹង​នយោបាយ​ក្តៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបភាពចាស់)

លោកសម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានចោទលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាកំពុងរៀបចំត្រៀមកលល្បិច ដើម្បីដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោតខាងមុខ។ ខណៈដែលបក្សប្រជាជនអះអាងថា លោក សម រង្ស៊ី កំពុងផ្តើមឡាំប៉ា ពីលទ្ធផលបោះឆ្នោត ដែលមិនទាន់មកដល់។ លោក សម រង្ស៊ីបានអះអាងថា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលពីកាលបរិច្ឆេទបោះឆ្នោត ក្រុមប្រឹក្សាឃុំ និងការបោះឆ្នោតតំណាងរាស្ត្រខាងមុខនោះ គឺមិនគ្រប់គ្រាន់ ដើម្បីធានាការបោះឆ្នោតដែលអាចជឿទុកចិត្តបាន និងការទទួលយកបានពីប្រជារាស្ត្រ រួមទាំងសហគមន៍អន្តរជាតិនោះឡើយ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានពន្យល់ថាមូលហេតុ ដែលនាំឱ្យលោក សម រង្ស៊ី ប្រើពាក្យមិនធានាការបោះឆ្នោតនោះ គឺដោយសារការចាប់ខ្លួនលោកនី ចរិយា អគ្គលេខាធិការរងគ.ជ.ប និងនីតិវិធីតុលាការមកលើលោករ៉ុង ឈុន ដែលសមាជិកគ.ជ.ប កូតាគណបក្សសង្គ្រោះជាតិ។ បញ្ហាទាំងនេះ គឺនឹងជះឥទ្ធិពលអាក្រក់ដល់ការសម្រេចចិត្តរបស់គ.ជ.ប ដែលនឹងលំអៀង និងការបំផ្លាញតុល្យភាពនយោបាយនៅ គ.ជ.ប ដែលអាចបំផ្លាញដំណើរការបោះឆ្នោតទាំងមូលតែម្តង។

ក្រៅពីនេះ លោក សម រង្ស៊ី បានចោទត្រង់ៗថាគណបក្សកាន់អំណាចដែលមានលោកនាយករដ្ឋមន្ត្រីជាប្រធានបក្ស មិនត្រឹមតែបំបាត់សិទ្ធិសេរីភាពរបស់ពលរដ្ឋប៉ុណ្ណោះទេ ហើយថែមទាំងធ្វើទុក្ខបុកម្នេញលោក ឥតឈប់ឈរថែមទៀតផង។ គណបក្សប្រជាជនកម្ពុជា បានអះអាងការវាយប្រហាររបស់មេបក្សប្រឆាំងនេះ គឺជាល្បិចចាស់ និងការជាការត្រៀមឡាំប៉ាសម្រាប់ការបោះឆ្នោត។

លោក សុខ ឥសាន បានគូសបញ្ជាក់ថា ការវាយប្រហារថាមិនទុកចិត្ត គ.ជ.ប គឺមានន័យថាជាការមិនទុកចិត្តសមាជិកគ.ជ.ប ដែលខ្លួនបានជ្រើសរើស និងក្បត់នឹងឧត្តមគតិខ្លួនឯង ព្រោះថា កំណែទម្រង់ គ.ជ.ប ទាំងមូលដែលមេបក្សប្រឆាំងចូលរួមចុះហត្ថលេខាទទួលស្គាល់។ យ៉ាងណាក៏ដោយ លោក សុខឥសាន បានច្រានចោលពាក្យចោទប្រកាន់ ថា មានការគម្រាមកំហែងដល់បក្សប្រឆាំងទាំងមូល។ សម្រាប់លោក អ្វីដែលបក្សប្រឆាំងកំពុងជាប់នឹងបណ្តឹងតុលាការ គឺមកពីបក្សប្រឆាំងអ្នកល្មើសច្បាប់ខ្លួនឯងដែលមានចេតនា នយោបាយអាក្រក់រាប់ចាប់តាំងពីបញ្ហាព្រំដែនឡើង។

សូមបញ្ជាក់ថា ការវាយប្រហារសាជាថ្មីរបស់មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ស្តីពីការបោះឆ្នោត គឺក្រោយពេល ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសពីកាលបរិច្ឆេទនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតតំណាងរាស្ត្រដែលរក្សាពេលវេលាកំណត់ដូចអាណត្តិមុនៗដដែល។

ទន្ទឹមនឹងវោហាសាស្រ្ត ដែលបានវាយប្រហារស្របពេលនឹងស្ថានភាពនយោបាយកំពុងពុះកញ្ជ្រោលនេះ អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា បានកាន់តែបង្ហាញក្តីព្រួយបារម្ភខ្លាំងរបស់ខ្លួនពីជម្លោះនយោបាយធ្ងន់ធ្ងរនៅកម្ពុជាដូចកាលពីឆ្នាំ២០១៣៕

ប្រភពៈ RFI