ក្រសួង​ការងារ​ ចូលរួម​រំលែក​ទុក្ខ​ ដល់​គ្រួសារ​សព​កម្មករ​២​នាក់ ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ក្រសួង​ការងារ​ ចូលរួម​រំលែក​ទុក្ខ​ ដល់​គ្រួសារ​សព​កម្មករ​២​នាក់ ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍



ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ក្ដី​រន្ធត់ និង​សោកស្ដាយ យ៉ាង​ក្រៃលែង ចំពោះ​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ដឹក​កម្មករ កាលពី​វេលា​ម៉ោង​១៧និង៥០​នាទី​ល្ងាច ​នា​ថ្ងៃទី​២៥ ខែ​ឧសភា នៅ​ផ្លូវជាតិ​លេខ១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៩ និង​១៤០ នៅ​ភូមិ​លៀប ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល ៦៩​នាក់​។ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ កាល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

យោង​តាម​សេចក្ដីប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​រង​របួស​ទាំងនេះ ត្រូវ​បាន​ទទួល​ការ​ស​ង្គ្រោះ​ពី​សំណាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​បេឡា​ជាតិ របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ ដោយ​យកចិត្តទុកដាក់​បំផុត ដោយឡែក​សព​ជនរងគ្រោះ​ទាំង២​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

ក្រសួង​ការងារ​បាន​ថ្លែង​ថា ​«​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ ក្រសួង​ការងារ សូម​ចូលរួម​សោក​ស្ដា​យ ចំពោះ​គ្រួសារ​សព និង​អាណិត​ស្រឡាញ់​ជាទីបំផុត ជាមួយ​ក្រុម​គ្រូ​សារ និង​ញាតិមិត្ត ទាំងអស់ របស់​ជនរងគ្រោះ ហើយ​ជូនពរ​ឲ្យ​អ្នក​ដែល​រង​របួស​ឆាប់​ជាសះស្បើយ​»។

​គួរ​បញ្ជាក់​ថា​ កម្មករ​ដែល​រង​របួស​ចំនួន​៦៩​នាក់​ មាន​ចំនួន​៥២​នាក់​ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ្យ​ជី​ភូ​៥​នាក់​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្វាយទាប​ និង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ចំនួន​១២​នាក់​៕​