សាលា​រាជធានី​ភ្នំពេញ ពន្លឿន​ការ​ទម្លាក់​ខ្សែកាប​អាកាស ​ឲ្យ​ទៅ​នៅ​ក្រោម​ដី​ តាម​ដង​វិថី​សំខាន់ៗ​ចំនួន​៥​

សាលា​រាជធានី​ភ្នំពេញ ពន្លឿន​ការ​ទម្លាក់​ខ្សែកាប​អាកាស ​ឲ្យ​ទៅ​នៅ​ក្រោម​ដី​ តាម​ដង​វិថី​សំខាន់ៗ​ចំនួន​៥​



​ភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​ភាព​អនាធិបតេយ្យ​តាមរយៈ​ការ​ត​ខ្សែភ្លើង​,​ ខ្សែកាប​,​ ខ្សែ​ទូរស័ព្ទ លើ​អាកាស​តាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ​ នឹង​មាន​វិធាន​ការ​សំអាត​ខ្សែភ្លើង​ ខ្សែកាប និង​ខ្សែ​ទូរស័ព្ទ​រញ៉េរញ៉ៃ​ គ្មាន​សណ្ដាប់ធ្នាប់​ទាំង​នោះ ​ឲ្យ​បាន​លឿន​ ដើម្បី​សោភណភាព និង​សណ្ដាប់ធ្នាប់​ទីក្រុង​។​

​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការងារ​ រៀបចំ​សណ្ដាប់ធ្នាប់​ បណ្ដាញ​ខ្សែកាប​អាកាស​ តាម​ដង​វិថី ក្នុង​រាជធានី​ភ្នំ​ពេ​ញ កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​ឧសភា លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល ​រាជធានី​ភ្នំពេញ​បាន​​មាន​ប្រសាសន៍​ថា អ្នក​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ​មាន​ ទូរគមនាគមន៍​កម្ពុជា​​ អគ្គិសនី​កម្ពុជា​ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​ ក្រុមហ៊ុន ​CFOCX និង​ក្រុមហ៊ុន​ទូរស័ព្ទ​ជាដើម​។​

លោក​បន្ត​ថា អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​កំណត់​ពេលវេលា​ ឯកភាព​គ្នា​មួយ​ច្បាស់លាស់ ដោយ​ធ្វើ​ក្នុង​ពេល​តែមួយ​ស្មើគ្នា​ គឺ​ទម្លាក់​ខ្សែកាប​អាកាស​ទាំងអស់​ មក​កប់​ក្រោម​ដី​វិញ​ ដោយ​សាលា​រាជធានី​ភ្នំ​ពេ​ញ​ លែង​ឲ្យ​មាន​ខ្សែកាប លើ​អាកាស​បង្ក​ផល​ប៉ះពាល់​សោភណភាព​​ សុវត្ថិភាព​ទីក្រុង​ទៀតហើយ ​ដោយ​ស្នើ​ឲ្យ​ក្រុម​មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ ​ធ្វើការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ ពី​ប្រព័ន្ធ​ក្រោម​ដី ដោយ​កំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់​គឺ​ ត្រូវ​លុបបំបាត់​ខ្សែកាប​អាកាស និង​ត្រូវធ្វើ​ប្លង់​គោល​ជា​កំ​ណត់​ កុំ​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា​ ជៀសវាង​ទាស់​គ្នា​លើ​អាកាស​ហើយ មក​ទាស់​គ្នា​ក្រោម​ដី​ទៀត​។​

សាលា​រាជធានី​ភ្នំពេញ​ នឹង​ចាប់​អនុវត្ត​ទម្លាក់​ខ្សែកាប​អាកាស​ ដែល​បង្ក​ភាព​អនាធិបតេយ្យ​ តាម​ដង​វិថី​សំខាន់ៗ​ ចំនួន​៥​មុនគេ​គឺ មហាវិថី​ព្រះ​នរោត្តម​​ មហាវិថី​សហព័ន្ធ​រុស្ស៊ី មហាវិថី​ព្រះមុនីវង្ស​ ​មហាវិថី​ម៉ៅ​សេទុង និង​មហាវិថី​កម្ពុជា​ក្រោម​។​

ពេល​បច្ចុប្បន្ន​ គេ​បាន​សង្កេត​ឃើញ​ថា តាម​ដងផ្លូវ​នានា​ ក្នុង​រាជធានី​ភ្នំពេញ​ពោរពេញ​ដោយ​ខ្សែភ្លើង​ ​ខ្សែ​ទូរស័ព្ទ ត្រូវ​បាន​គេ​ត​គ្មាន​សណ្ដាប់ធ្នាប់​ មើលទៅ​ដូច​សំបុក​ពីងពាង ហើយ​តែង​បង្ក​ឲ្យ​មាន​អគ្គិភ័​យ​ឆាបឆេះ ​ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី​ បណ្ដាលមកពី​ត​ខ្សែភ្លើង​គ្មាន​លក្ខណៈ​បច្ចេកទេស ឬ​ឆក់​មនុស្ស​ស្លាប់ និង​របួស​ជា​ញឹកញាប់​ផង​ដែរ​៕

សាលា​រាជធានី​ភ្នំពេញ ពន្លឿន​ការ​ទម្លាក់​ខ្សែកាប​អាកាស ​ឲ្យ​ទៅ​នៅ​ក្រោម​ដី​ តាម​ដង​វិថី​សំខាន់ៗ​ចំនួន​៥​