​អ្នកវិនិយោគទុន​កម្ពុជា​ និង​ហុងកុង ​បង្កើត​ទីផ្សារ​ជួញដូរ​មាស ​នៅ​កម្ពុជា​ជា​លើកដំបូង​

​អ្នកវិនិយោគទុន​កម្ពុជា​ និង​ហុងកុង ​បង្កើត​ទីផ្សារ​ជួញដូរ​មាស ​នៅ​កម្ពុជា​ជា​លើកដំបូង​



ភ្នំពេញ ៖ អ្នក​វិនិយោគិន​នៅក្នុង​ស្រុក សហការ​ជាមួយ​អ្នកវិនិយោគទុន​ ជនជាតិ​ហុងកុង បាន​បង្កើត​ក្រុមហ៊ុន Golden FX Link (Cambodia ) Co.,Ltd ដើម្បី​ធ្វើការ​ជួញដូរ​មាស​ ពី​ហុងកុង​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា។

បើ​តាម​លោកស្រី ឆាយ លក្ខិណា អគ្គ​នាយិកា​ក្រុមហ៊ុន Golden FX Link ( Cambodia) Co.,Ltd បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ​ស្ដីពី​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​ក្រុមហ៊ុន Golden FX Link (Camb​od​ia ) Co.,Ltd នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា មាស​គឺជា​ទីផ្សារ​ហិរញ្ញវត្ថុ​ ដែល​អាច​ទិញ និង​អាច​លក់ដូរ​វិញ​បាន​ភ្លាមៗ ដូចនេះ​ទ្រព្យសម្បត្តិ​ដែល​ល្អ​បំផុត​នោះ​គឺ ​មាន​តែ​មាស​នេះ​ដែរ ព្រោះ​ងាយ​ទិញ និង​ងាយ​លក់​។ លោកស្រី​បាន​បន្ត​ថា ចំពោះ​តម្លៃ​មាស​ ដែល​ក្រុមហ៊ុន Golden FX Link( Cambodia ) នាំ​ចូល​មក​លក់​នៅក្នុង​ប្រទេស​កម្ពុជា គឺ​អាស្រ័យ​ទៅ​លើ​តម្លៃ​ទីផ្សារ​មាស​នៅ​លើ​ពិភពលោក មិន​អាស្រ័យ​ទៅ​លើ​តម្លៃ​ទីផ្សារ​មាស​កម្ពុជា​នោះ​ទេ។

លោក សេម​មី សូ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Golden FX Link (Cambodia ) ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ទសវត្សរ៍​កន្លង​មក​នេះ កំណើនសេដ្ឋកិច្ច ប្រទេស​កម្ពុជា​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ដែល​ជំរុញ​ឲ្យ​មាន​តម្រូវ​ការ​វិនិយោគ​យ៉ាង​ខ្លាំង​ក្លា។ យោង​តាម​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​ចិន លើ​គម្រោង​ការចូលរួម​កសាង​ខ្សែក្រវាត់​ផ្លូវ​សូត្រ សេដ្ឋកិច្ច​, កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ ដែល​មាន​សារៈ​សំ​ខាន់ ក្នុង​ការ​តភ្ជាប់​ទៅ​នឹង​ខ្សែក្រវាត់​សេដ្ឋកិច្ច​នេះ។ លោក​ជឿជាក់​ថា ​ផលិតផល​ហិរញ្ញវត្ថុ​ចម្រុះ​ជា​ច្រើន​នឹង​ជួយ​កំណត់​តម្លាភាព នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។​

លោក Re moa អ្នកគ្រប់គ្រង​ក្រុមហ៊ុន Golden FX Link (Cambodia ) បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​របស់​លោក​វិនិយោគ នៅ​ប្រទេស​កម្ពុជា​នេះ ដោយសារ​តែ​ក្រុមហ៊ុន​មាន​ម្ចាស់​ភាគហ៊ុន ដែល​ជា​ដៃគូ​នៅ​កម្ពុជា គួបផ្សំ​នឹង​ការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា រួមមាន​វិស័យ​អប់រំ វិស័យ​ទេសចរណ៍ វិស័យ​ប្រៃសណីយ៍ និង​គមនាគមន៍​ផង​ដែរ​។ ពិសេស​ជាង​នេះ​ទៀត​នោះ ដៃគូ​សហការ​របស់​ក្រុម​ហ៊ុន នៅ​កម្ពុជា មានគុណ​ធម៌ និង​មាន​បុគ្គលិក​លក្ខណៈ​ជាច្រើន ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​វិនិយោគ​រួមគ្នា​។

ចំពោះ​អតិថិជន​ដែល​ជា​គោលដៅ​របស់ ក្រុមហ៊ុន Golden FX Link ( Cambodia ) លោក​ថា ​អាច​ជា​ម្ចាស់​ហាង​មាស​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ធនាគារ មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាដើម ដូចនេះ​គួបផ្សំ​ជាមួយ​នឹង​កំណើន​នៃ​វិស័យ​ទាំងនោះ បាន​និង​​កំពុងតែ​រីក​ដុះដាល​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ក្រុមហ៊ុន Golden FX LinK ( Cambodia ) នឹង​ទទួល​បាន​ការ​គាំទ្រ និង​ជោគ​ជ័​យ​ក្នុង​មុខ​ជំនួញ​មួយ​នេះ។

លោក​បាន​បន្ថែម​ថា ​ក្រុមហ៊ុន​របស់​លោក​បាន​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា អស់​ទឹកប្រាក់​ចំនួន​៥​លាន​ដុល្លារ​អាមេរិក ​ដោយមាន​ដៃគូ​កិច្ច​សហប្រតិបត្តិការ​ដូច​ជា The century-old Chineese Gold and Silver Exchange Society ជា​ក្រុមហ៊ុន​ដែល​បម្រើ​ឲ្យ​ទីផ្សារ​មាស​, The Xinhua News Agency group ជា​ក្រុមហ៊ុន​ដែល​មាន​វិសាលភាព ប្រតិបត្តិការ​ក្នុង​ប្រទេស​ចិន និង​តំបន់​អាស៊ី​, Peking University គឺជា​សកល​វិទ្យាល័យ ដែល​គេ​គោរព និង​ទទួលស្គាល់​បំផុត​នៅក្នុង​ប្រទេស​ចិន​។​

លោក Remoa​ បាន​បញ្ជាក់​ថា ចំពោះ​ការ​ជួញដូរ​មាស​នៅ​កម្ពុជា​ជា​ផ្លូវការ​នឹង​ចាប់ផ្តើម​នៅក្នុង​រយៈ​ពេ​ល​២​សប្ដាហ៍​ទៀត​៕

​អ្នកវិនិយោគទុន​កម្ពុជា​ និង​ហុងកុង ​បង្កើត​ទីផ្សារ​ជួញដូរ​មាស ​នៅ​កម្ពុជា​ជា​លើកដំបូង​