លោក​អភិបាលខណ្ឌ​សែន​សុខ ចូលរួម​ឧបត្ថម្ភ​​ដល់​កុមារ​ផ្ទុក​មេរោគ​អេដស៍ ​ចំនួន​១​លាន​រៀល

លោក​អភិបាលខណ្ឌ​សែន​សុខ ចូលរួម​ឧបត្ថម្ភ​​ដល់​កុមារ​ផ្ទុក​មេរោគ​អេដស៍ ​ចំនួន​១​លាន​រៀល



ភ្នំពេញ ៖ លោក ប៉ឹល កុសល អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​ បាន​ចំណាយ​ប្រាក់​ចំនួន​ ១​លានរៀល ដើម្បី​ជួយ​ចូលរួម​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​ និង​ផ្ទុក​មេរោគ​អេដស៍ ជា​មួយ​នឹង​លោក​ជំទាវ ឧត្ដមសេនីយ៍ ជូ គឹមអេង រដ្ឋលេខាធិការ ​នៃ​ក្រសួងមហាផ្ទៃ នៅ​ក្នុង​ពិធី​មក​សួរសុខទុក្ខ​ដល់​កុមារ​កំព្រា​ផ្ទុក​មេរោគ​អេស៍នៅ​ “​អង្គការ​បម្រើ​សេវា​សង្គម​ ដើមឈើ​សប្បាយ​” (Happy Tree social Services)​ដែលមាន​ទី​ស្នាក់នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។

លោក Gerry Wong ជនជាតិ​ចិន នៅ​ក្រុង​ហុងកុង ដែល​ជា​ប្រធាន​អង្គការ Happy Tree Social Services បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​បាន​ទទួលយក​កុមារ​កំព្រា​ផ្ទុក​មេរោគ​អេដស៍ និង​ពិការ​នៅ​ប្រទេស​កម្ពុជា​ចំនួន​ជាង​៤០០​នាក់ មក​ថែទាំ​ព្យាបាល​និង​ចិញ្ចឹម​ព្រមទាំង​អោយ​ស្នាក់នៅ​បណ្ដុះបណ្ដាល​និង​រៀន​សូត្រ​ទៀត​ផង។

លោក​បន្ត​ថា មិន​មាន​ធនធាន​លុយកាក់​ច្រើន​ពេក​ទេ តែ​លោក​បាន​អាណិត​ដល់​កុមារ​ទាំង​នោះទើប​មានគំនិត​បង្កើត​អង្គការ​នេះ​ឡើង​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ និង មាន​សាខា​ទី​ស្នាក់​ចំនួន​៤​ទីតាំងនៅ​ប្រទេស​កម្ពុជា គឺ​នៅ​ខេត្ត​កណ្ដាល​ចំនួន​២​និង​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​២។ ក្រៅពី​នៅ​កម្ពុជា​អង្គការ​របស់​លោក​មាន​នៅ​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ផ្សេងៗ​ទៀត។

លោក បាន​មានប្រសាសន៍ថា ព្រះមហាក្សត្រ​ខ្មែរ គឺ​សម្តេច​ព្រះ​នរោត្តម សីហមុនី ទ្រង់​ធ្លាប់ បាន​សព្វព្រះទ័យ អញ្ជើញ​លោក អោយ​ហៅ​កុមារ​កំព្រា​ទាំងនោះ​ទៅ​គាល់​នៅក្នុង​ព្រះរាជវាំង និង​បាន​ប្រទាន​អាហារ​ថ្ងៃត្រង់ នៅ​ទី​នោះ​បាន​ម្តង​ដែរ​ព្រមទាំង​ឧបត្ថម្ភ​ស្បៀង និង​ថវិកា​មួយ​ចំនួន​ផងដែរ​។​

លោកជំទាវ ឧត្ដមសេនីយ៍ ជូ គឹមអេង នៅ​ក្នុង​ឱកាស​នេះ​បាន​នាំ​យក​នូវ​អាហារ នំចំណី​ផ្សេងៗ មក​ចែក​ជូន​កុមារ​កំព្រា​និង​ផ្ទុក​មេរោគ​អេដស៍​ទាំងនោះ ចំនួន​៩៦​នាក់ និង​បាន​ផ្តល់​នូវ​អង្ករ ៥​បាវ ទឹក​អាហារ​បំប៉ន​សុខភាព ចំនួន​២០​កេស ទឹក​ស៊ីអ៊ីវ​៦០​ដប ទឹកត្រី​ចំនួន​៣៤​ដប និង​ប្រាក់​ចំនួន​៤​លាន​រៀល។ នៅ​ក្នុង​ឱ​កាស​នោះ​ដែរ​លោក​ប៉ឹល កុសល​អភិបាលខណ្ឌ​សែន​សុខ បាន​ចូលរួម​ជួយឧបត្ថម្ភ​ចំនួន​២៥០​ដុល្លារ​ឬ​ស្មើ​១​លាន​រៀល​បន្ថែម​ទៀត​សរុប​ទាំង​ចំនួន​៥​លាន​រៀល ជូន​លោក Jerry Wong ប្រធាន​អង្គការ​នេះ​។​

លោកជំទាវ បាន អំពាវនាវ​ដល់​លោក​ជំនាវ និង​សប្បុរសជន​នានា​ឲ្យ​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​ទាំងនេះ​នៅ​ពេលក្រោយៗ​ទៀត ដើម្បី​ជួយ​ពួកគេ តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ហើយ​លោកស្រី​បាន​កោត​សរសើរ ដល់​លោក Jerrey Wong ដែល​មិនមែន​ជា​គ្រូ​ពេទ្យ​សោះ​បែរជា​ដើរតួនាទី​ជួយ​សង្គ្រោះ​កុមារ​កំព្រា ​និង​កុមារ​ពិការភាព​…៕

លោក​អភិបាលខណ្ឌ​សែន​សុខ ចូលរួម​ឧបត្ថម្ភ​​ដល់​កុមារ​ផ្ទុក​មេរោគ​អេដស៍ ​ចំនួន​១​លាន​រៀល
លោក​អភិបាលខណ្ឌ​សែន​សុខ ចូលរួម​ឧបត្ថម្ភ​​ដល់​កុមារ​ផ្ទុក​មេរោគ​អេដស៍ ​ចំនួន​១​លាន​រៀល