ក្រុម​ប៉ាវ​បេន​រថយន្ត​កំពង់ធំ​យក​លុយ​លើស​សៀវភៅ​បន្ទុក

ខេត្តកំពង់ធំ ៖ ក្រុម​អ្នក​ប៉ាវ​បេនឡាន​កំពង់ធំ កំពុង​តែ​បង្ក​ភាព​អនាធិបតេយ្យ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ក្រុង​ស្ទឹង​សែន តាម​រយៈ​នៃ​ការ​បណ្តែតបណ្តោយ​ឱ្យ​រថយន្ត​តាក់ស៊ី ឈប់​ចត​ចាប់​ម៉ូយ​យ៉ាង​គ្មាន​សណ្តាប់ធ្នាប់ ចំណែក​អ្នក​ប៉ាវ​បេន​មាន​គ្នា​៣​នាក់ ១-​លោក ប៉ែន រុន ២-​លោក ឡាក់ គង់ និង​៣-​លោក ឃុន គឹ​ម​ឡេ​ង រង់​ចាំតែ​ដើរ​ប្រមូល​លុយ​ពី​ក្បាល​ឡាន​លើស​សៀវភៅ​បន្ទុក ។

គួរ​រំលឹក​ថា ចំណតរថយន្ត​ខេត្តកំពង់ធំ​នេះ គឺ​អ្នកស្រី ពេជ្រ ប៊ុ​ន​ធិ​ន​បុ​ប្ជា​ច័ន្ទ ជា​អ្នក​ដេញថ្លៃ​បាន​ដែល​មាន​រយៈពេល​១៨​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ២០០៦ ដល់​ថ្ងៃ​ទី​៣១ ធ្នូ ២០២៣ ដែល​នៅ​ក្នុង​សៀវភៅ​បន្ទុក ចំពោះ​រថយន្ត​ធន់​តូច​រត់​ពី​កំពង់ធំ​ទៅ​សៀមរាប និង​កំពង់ធំ​ទៅ​ភ្នំពេញ ត្រូវ​បង់លុយ​តែ​៤.០០០​រៀល ចំណែក​រថយន្ត​ធន់​មធ្យម​វិញ​នោះ គឺ​បង់លុយ​ឱ្យ​ខាង​បេន​ចំនួន​តែ​៦.០០០​រៀល​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ឥឡូវនេះ ដោយសារ​តែ​មានការ​ឃុបឃិត​គ្នា​ជាមួយនឹង​លោក យក់ ឆ​យ អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ ដែល​ជា​អ្នក​ទទួល​បន្ទុក​ខាង​ភាស៊ី​បេន​រថយន្ត និង​ភាស៊ី​ផ្សារ​ផង​នោះ បាន​ធ្វើ​ឱ្យ​អ្នក​ម៉ៅ​បេន​ទាំង​៣​នាក់ ដែល​មានឈ្មោះ​ខាងលើ​នេះ ដើរ​ប្រមូល​លុយ​ពី​ក្បាល​ឡាន​លើស​សៀវភៅ​បន្ទុក គឺ​រថយន្ត​តូច​តម្លៃ​១៥.០០០​រៀល ចំណែក​រថយន្ត​តាក់ស៊ី​ធន់​ធ​ម្យ​ម​ប្រភេទ​សាំ​យ៉ុ​ង​តម្លៃ​២៥.០០០​រៀល​ឯណោះ ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​ក្រុម​តាក់ស៊ី​ទាំងនោះ ឈប់​ចាប់​ម៉ូយ ហើយនឹង​រត់​កាត់​ថ្នល់​ដណ្តើម​ម៉ូយ​គ្នា​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វ​ថ្ងៃនេះ ។ ដោយ​គ្មាន​វិធានការ​រៀបចំ​សំអាត​តែ​ខាង​សមត្ថកិច្ច ចំណែក​ក្រុម​ខ្លួន​រត់​ចាំ​ដើរ​ប្រមូល​លុយ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយចិត្ត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ព័ត៌មាន​ទទួល​បាន​នោះ លោក​ទាំង​៣​ខាង​នេះ គឺ​មិនសូវ​ជា​ចុះសម្រុង​នឹង​គ្នា​នោះ​ទេ ។ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ធំ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​មាន​វិធានការ​ចំពោះ​បេនឡាន​អនាធិបតេយ្យ​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន​នេះ​ផង ពីព្រោះ​វា​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​តាម​រយៈ​ការ​ឃុបឃិត​គ្នា​នេះ យក​លុយ​លើស​សៀវភៅ​បន្ទុក​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​លោក​បាន​ព្រមាន​កាលពី​ពេល​កន្លង​មក​រួច​ហើយ ។