រថយន្ត​​កុងតឺន័រ​ជល់​​រថយន្ត​​ដឹក​សាំង បះ​ជើង​ផ្ទុះ​ឆេះ​នៅ​​ផ្លូវ​បំបែក​​ស្រែ​អំបិល

ហេតុការណ៍ ឆេះផ្ទុះដ៏សន្ធោសន្ធៅ ដែលកើតឡើង ពីរថយន្ដដឹកសាំង និងរថយន្ដកុងតឺន័រនេះ មិន​បាន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់ ដល់​អ្នក​បើកបរ និងមនុស្សផ្សេងទៀតទេ។
រថយន្ត​​កុងតឺន័រ​ជល់​​រថយន្ត​​ដឹក​សាំង បះ​ជើង​ផ្ទុះ​ឆេះ​នៅ​​ផ្លូវ​បំបែក​​ស្រែ​អំបិល

ទិដ្ឋភាពឆេះរថយន្ដដឹកសាំង បន្ទាប់ពីបះជាមួយរថយន្ដកុងតឺន័រ នៅលើកំណាត់ផ្លូវជាតិលេខ៤។ (រូបថតហ្វេសប៊ុក)

ហេតុការណ៍បានកើតឡើង នៅ​​វេលា​ម៉ោង​ប្រមាណ ​ជិត​១១​ព្រឹក ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦​នេះ នៅ​លើ​​កំណាត់​​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​ផ្លូវបំបែក​ស្រែ​អំបិ​ល។ ​រថយន្ត​ដឹក​ប្រេងមួយគ្រឿង បានបុក​​ជា​មួយ​រថយន្ត​​កុងតឺន័រមួយគ្រឿងទៀត បណ្ដាឲ្យរថយន្ដដឹកប្រេងបះជើងឡើង និងផ្ទុះឆេះជាអគ្គិភ័យ​យ៉ាង​សន្ធោ​សន្ធៅ។

ប្រភពពីកន្លែងកើតហេតុ បានរាយការណ៍ជាបឋមថា ​រថយន្ដដឹកប្រេង របស់ក្រុមហ៊ុន តេលា បានបើកបរ​ក្នុង​ទិសដៅ ពី​​ខេត្ត​​ព្រះសីហនុ​ ទៅរាជធានី​ភ្នំពេញ ហើយបានបើកជែងរថយន្ដមួយទៀត ដែលបើក​នៅ​ក្នុង​ទិសស្រប​គ្នា នៅត្រង់ចំណុចកើតហេតុនោះ។ តែការជែងនេះ ទំនងជាមិនបានផុតល្អ ក៏ទៅប៉ះ​ជាមួយ​នឹង​រថយន្ដ​កុងតឺន័រ រហូត​បណ្ដាល​ឲ្យ​ខ្លួនឯងបះ​ជើង ធ្លាយប្រេងមុននឹងផ្ទុះជាអគ្គិភ័យឡើង។

ប្រភពបាននិយាយទៀតថា អ្នកបើកបររបស់រថយន្ដទាំងពីរ បានលោតចុះទាន់ ចេញពីរថយន្ដ។ ការ​ផ្ទុះ​ឆេះ​ដ៏​សន្ធោសន្ធៅ​នេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ តែបានបង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារអណ្ដាតភ្លើងបញ្ចេញជាផ្សែង ត្រូវបានអ្នកផងមើលឃើញ ពីចំងាយយ៉ាងព្រឺព្រួច។

ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ក៏បានជួបនឹងភាពរអាក់រអួលដែរ នៅមុនពេលកងកម្លាំងរាជអាវុធ​ហត្ថ និង​នគរបាល​ស្រុក​កំពង់សិលា ចុះមកជួយពន្លត់និងសម្រួលចរាចណ៍។ ប៉ុន្តែនៅវេលានេះ ចរាចរណ៍​ទៅ​មក​នៅ​លើ​ផ្លូវ​ជាតិ ទំនង​ជា​បាន​ត្រឡប់​មក​ភាព​ប្រក្រតីជាធម្មតា​វិញហើយ៕

រថយន្ត​​កុងតឺន័រ​ជល់​​រថយន្ត​​ដឹក​សាំង បះ​ជើង​ផ្ទុះ​ឆេះ​នៅ​​ផ្លូវ​បំបែក​​ស្រែ​អំបិល

» វីដេអូបង្ហាញពីទិដ្ឋភាព នៃការផ្ទុះឆេះរថយន្ដដឹកសាំងនេះ៖