កិច្ចប្រជុំ​G7 ចាប់ផ្ដើម​នៅ​ជប៉ុន ដោយមាន​សេដ្ឋកិច្ច​ជា​ប្រធានបទ​សំខាន់​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       26-05-2016, 7:39 pm         117

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377កិច្ចប្រជុំ​G7 ចាប់ផ្ដើម​នៅ​ជប៉ុន ដោយមាន​សេដ្ឋកិច្ច​ជា​ប្រធានបទ​សំខាន់​​កិច្ចប្រជុំ​ប្រទេស​រីកចម្រើន​ទាំង​៧ (G7) បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​២៦ ខែឧសភា នៅឯ​ប្រទេស​ជប៉ុន​។ ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន​៧ នឹង​ពិភាក្សាគ្នា​លើ​ប្រធានបទ​ជាច្រើន ដែល​រួមមាន​បញ្ហា​សេដ្ឋកិច្ច ភេរវកម្ម និង​ជនភៀសខ្លួន ខណៈ​ការចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស ក៏​ទំនងជា​ប្រធានបទ​ធំ​មួយ​ផងដែរ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ (G7) បានចាប់ផ្ដើម​កិច្ចប្រជុំ​ពីរ​ថ្ងៃ​របស់ខ្លួន​នៅឯ​តំបន់ភ្នំ Ise Shima របស់​ជប៉ុន​។ ប្រធានបទ​សំខាន់​ដែល​ត្រូវ​លើកឡើង​ក្នុងជំនួប​នៃ​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ គឺ​បញ្ហា​សេដ្ឋកិច្ច​សកល ការប្រយុទ្ធប្រឆាំង​ភេរវកម្ម លំហូរ​ជន​ភៀស​នៅ​អឺរ៉ុប និង​ការចាកចេញ​របស់​អង់គ្លេស​ជាដើម​។ ការ​វាតទី​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ក៏​នឹង​លើកឡើង​ផងដែរ​។​

​កិច្ចប្រជុំ​សំខាន់​នេះ​ត្រូវ​ចូលរួម​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទី​ន ទ្រូ​ដូ នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​មេ​រ៉ូ​ន នាយករដ្ឋមន្ត្រី​អ៊ីតាលី Matteo Renzi អធិការបតី​អាល្លឺម៉ង់​លោកស្រី អង់​ហ្គែ​ឡា មែរ​គែល ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​។

​ក្នុង​កិច្ចប្រជុំ​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៧ ខែឧសភា ការ​ស្រោចស្រង់​សេដ្ឋកិច្ច​សកល នឹង​ជា​របៀបវារៈ​សំខាន់ បើទោះជា​មានការ​ខ្វែងគំនិត​លើ​ដំណោះស្រាយ​ដែល គួរ​ចំណាយ​ឬ​ត្រូវ​សន្សំ ដើម្បី​ជួយ​សេដ្ឋកិច្ច​ឡើងវិញ ខណៈ​ជប៉ុន​និង​អាល្លឺម៉ង់ កំពុង​មានគំនិត​ផ្ទុយគ្នា​លើ​បញ្ហា​នេះ​។ ការចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស នឹងត្រូវ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ ខណៈ​អ្នកសេដ្ឋកិច្ច​ព្រួយបារម្ភ​ថា ប្រសិនបើ​អង់គ្លេស​ចាកចេញ​មែន នោះ​សេដ្ឋកិច្ច​សកល​វឹកវរ​មិន​ខាន​។ 

​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ មិនមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ​ទេ ប៉ុន្តែ​ប្រធានបទ​ទាក់ទង​ជាមួយ​ចិន នឹងត្រូវ​លើកឡើង​ផងដែរ​។ ជប៉ុន​និង​អាមេរិក ទំនងជា​ឆ្លៀតពេល​នៃ​វេទិកា​នេះ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ដើម្បី​ប្រឆាំងនឹង​ការ​វាតទី​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ចិន​នៅតែ​បន្តធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​តំបន់​ជម្លោះ​នេះ​។​

​លើសពីនេះ លំហូរ​ជនភៀសខ្លួន​ដែល​កំពុង​ញាំញី​អឺរ៉ុប និង​អំពើ​ភេរវកម្ម ក៏​ជា​ប្រធានបទ​ក្ដៅ​ក្នុងជំនួប​នៅ​ទីក្រុង​តំបន់ភ្នំ​នេះ​ផងដែរ​។ ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ នឹង​យក​កិច្ចប្រជុំ​នេះ ដើម្បី​រិះរក​មធ្យោបាយ​ដោះស្រាយ ដ្បិត​បារាំង​ក្លាយជា​គោលដៅ​នៃ​ការ​ប្រហារ​ពី​សំណាក់​ក្រុម​ជ្រុលនិយម ហើយ​បារាំង​ក៏​រង​ការវាយប្រហារ​ពីរដង​រួចមកហើយ​។

​ទន្ទឹមនឹង​កិច្ចប្រជុំ​នេះ ជប៉ុន​បានដាក់​ពង្រាយ​កងកម្លាំង​រាប់ពាន់នាក់ ដើម្បី​រក្សា​សន្តិសុខ​នៅ​ជុំវិញ​កន្លែង​ប្រជុំ ស្ថានីយ៍​រថភ្លើង​ជាដើម​។ ជប៉ុន​និយាយថា ខ្លួន​នឹងមិន​ផ្ដល់ឱកាស​ណា​ដល់​ភេរវជន ដែល​ចង់​មក​ធ្វើ​សកម្មភាព​ដូចដែល​ធ្លាប់ធ្វើ​នៅ​ប៉ារីស​និង​ព្រុ​ច​សែ​ល​នោះទេ​។ សូម្បីតែ​ធុងសំរាម ក៏ត្រូវ​បាន​យក​ចេញពី​ទីតាំង​ប្រជុំ ឬក៏​គ្រប​ឲ្យ​ជិត​ទៀតផង​។ អាជ្ញាធរ​ជប៉ុន​និយាយ​ដែរ​ថា ខ្លួន​ក៏​នឹង​ផ្ដោតលើ​ទីតាំង​ផ្សេងទៀត​ដូចជា កីឡដ្ឋាន​និង​រោងកុន​ផងដែរ​៕