ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​រង​ការ​ចោទ​ថា​រំលោភ​យក​ដី​ពលរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ចោទ​ប្រកាន់​ស្នងការ​នគរបាល​ខេត្ត ថា​អាង​អំណាច​ជា​មន្ត្រី​ធំ ទៅ​រំលោភ​យក​ដី​របស់​ពលរដ្ឋ​តូចតាច​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​ខុស​ច្បាប់។ ប៉ុន្តែ​លោក​ស្នងការ​នគរបាល​ខេត្ត អះអាង​ថា ដី​ដែល​មាន​ទំនាស់​នោះ​ជា​កម្មសិទ្ធិ​របស់​លោក​ស្រប​ច្បាប់។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ៃលិន ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន និង​មន្ត្រី​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ឲ្យ​បាន​សុក្រឹត និង​យុត្តិធម៌។

ពលរដ្ឋ​ភាគី​ទំនាស់​រស់នៅ​ភូមិ​បរហុយ សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន គឺ​លោក ចាន់ ថានី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ឧសភា ថា ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ឈ្មោះ ជា ច័ន្ទឌិន បាន​ជីក​ស្រះ​ទឹក​រំលោភ​យក​ដី​របស់​លោក​ទំហំ​ទទឹង ៤២​ម៉ែត្រ និង​បណ្ដោយ ៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​អូររអិល ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក​អះអាង​ថា ដី​នោះ​កាល​ពី​ឆ្នាំ​២០០៣ លោក​បាន​ទិញ​ពី​ពលរដ្ឋ​ម្នាក់​ឈ្មោះ មាស សុខុម ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ហត្ថលេខា​ត្រឹមត្រូវ៖ «បាទ! ខ្ញុំ​មាន​ច្បាប់​គ្រប់គ្រាន់​ទាំងអស់ ប៉ុន្តែ​ក្រោយ​មក លោក ជា ច័ន្ទឌិន គាត់​ទៅ​អភិវឌ្ឍ​ផែ​ស្ងួត​នៅ​លើ​ដី​នោះ ហើយ​បាន​កាយ​ដី​នោះ​ជាច្រើន​សា​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ដី​ទៀត​ផង។ ហើយ​ពេល​ខ្ញុំ​ទៅ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ទប់ស្កាត់​ដែរ តែ​អាជ្ញាធរ​ខ្លាច​អំណាច​លោក​ស្នងការ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក ជា ច័ន្ទឌិន មាន​ប្រសាសន៍​ថា ដី​ទំនាស់​នោះ​ជា​កម្មសិទ្ធិ​របស់​លោក​ដោយ​មាន​ឯកសារ​កាន់​កាប់​ត្រឹមត្រូវ គឺ​ពុំ​បាន​ទៅ​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់ មក​ធ្វើ​ជា​កម្មសិទ្ធិ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «ប៉ុន្មាន​សិប​ឆ្នាំ​មុន ម៉េច​បាន​មិន​រក​រឿង ទើប​មក​រក​រឿង​ឆ្នាំ​នេះ ដូច​វា​មិន​ត្រូវ។ ហើយ​ព្រំប្រទល់​ដី​នោះ​ទៀត សួរ​ទៅ​ជាប់​អ្នក​ណា ក៏​គេ​មិន​ដឹង​ដែរ។ បើ​និយាយ​ទៅ​គាត់​មាន​តែ​បង្កាន់ដៃ​កាន់​កាប់​ដី​តែ​ម្នាក់​ឯង​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អនុប្រធាន​ភូមិ​អូររអិល លោក ប៊ុន ចាន់វុទ្ធី អះអាង​ថា ដី​ទំនាស់​នោះ ដើម​ឡើយ​ជា​កម្មសិទ្ធិ​របស់​លោក មាស សុខុម ប្រាកដ​មែន។ លោក​បន្ថែម​ថា កាល​ពី​ឆ្នាំ​២០០៣ លោក​បាន​ចុះ​ហត្ថលេខា​ទិញ​លក់​រវាង​លោក មាស សុខុម មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ជាមួយ​លោក ចាន់ ថានី ប៉ុន្តែ​លោក​ថា អ្នក​ទាំង​ពីរ​ពុំ​បាន​បញ្ជាក់​អំពី​តម្លៃ​លក់​ប្រាប់​លោក​នោះ​ទេ៖ «រឿង​នេះ​ក្រោយ​មក​លោក ជា ច័ន្ទឌិន គាត់​ថា​មាន​ប្លង់​មាន​អី។ ខ្ញុំ​ក៏​អត់​យល់​ដែរ។ ខ្ញុំ​មិន​ដឹង​ថា គាត់​ទៅ​ធ្វើ​ប្លង់​ពី​ណា​មក​ទេ។ ខ្ញុំ​គ្រាន់​តែ​បាន​ដឹង​ឮ​ពី​ការ​ទិញ​លក់​ប៉ុណ្ណឹង​ទេ»

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ករណី​នេះ ភាគី​ទាំង​សង​ខាង​គួរ​ទុក​ដី​ទំនាស់​ឲ្យ​នៅ​ទំនេរ​មួយ​រយៈ​សិន ដើម្បី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​ឲ្យ​បាន​ចប់​សព្វគ្រប់ ថា​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា​មួយ ទើប​មាន​សិទ្ធិ​ចូល​កាន់​កាប់​ដី​នោះ​បាន៖ «បើ​កាល​ណា​យើង​ទៅ​ឈូស​ឆាយ​ដី​មុន​ពេល​ដោះស្រាយ។ អ៊ីចឹង​មាន​ន័យ​ថា យើង​បាន​ទៅ​រំលោភ​បំពាន​លើ​ដី​នោះ​ហើយ»

ករណី​ទំនាស់​នេះ កន្លង​មក​ភាគី​ដើម​បណ្ដឹង​ធ្លាប់​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​ប៉ៃលិន តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក តែ​ពុំ​ទទួល​បាន​លទ្ធផល។ នៅ​ដើម​ឆ្នាំ​២០១៦ ដើម​បណ្ដឹង​បាន​សម្រេច​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​វិញ​ម្ដង ប៉ុន្តែ​ខាង​តុលាការ​ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។