បញ្ជូន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​បទល្មើស​៣​ករណី​ផ្សេង​គ្នា

 រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ជនសង្ស័យ​០៤​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​៣​ករណី​ផ្សេង​គ្នា​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​។ មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា​ថា​បទល្មើស​៣​ករណី​នោះ​រួម​មាន ទី​១.​ករណី​កាន់កាប់ និង​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់​កាលពី​យប់​ថ្ងៃ​ទី​២៣ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្លឹ​ប​សប្បាយ​ក្លឹ​ប ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ខណៈ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​យក​ម៉ូតូ​មក​បញ្ឈរ​សំកុក​នៅ​ក្បែរ​ក្លឹ​ប ដោយ​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ជាប់​ខ្លួន​ដើម្បី​រង​ចាំ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​។

ទី​២. ករណី​វាយ​ប្លន់​យក​ម៉ូតូ​ដោយ​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ ដំបង ដុំ​ថ្ម ដេញ​វាយ​ជន​រង​គ្រោះ​ឲ្យ​រត់​ចោល​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​តារាង​បាល់ទាត់​វិទ្យាល័យ​ច្បារ​អំពៅ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ ខណៈនោះ​កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​មក​ទាន់​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​បាន​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា​ខ្លួន និង​បក្ខពួក​០៣​នាក់​ទៀត​តែងតែ​ពួនស្ទាក់​ចាំ​វាយ និង​កាប់​ប្លន់​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​ជា​រឿយ​ៗ​ផង​ដែរ​។

ទី​៣.​ករណី​ឆ្លៀត​ឳ​កាស​លួច​ម៉ូតូ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​របស់​ជន​រង​គ្រោះ​ខណៈ​ដែល​ជន​រង​គ្រោះ​ដួល​សន្លប់​បាត់បង់​ស្មារតី​នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ជិត​រោងចក្រ​កា​ណា​ឌី​យ៉ា​។ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បើ​ការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕