វៀតណាម​ជា​ប្រទេស​ស្រលាញ់​សន្តិភាព​…​មិន​ប្រជែង​សព្វាវុធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​ និពន្ធដោយ : ទេព អ៊ីវិសាល       26-05-2016, 8:39 pm         175

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377វៀតណាម​ជា​ប្រទេស​ស្រលាញ់​សន្តិភាព​...​មិន​ប្រជែង​សព្វាវុធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ដក​ទណ្ឌកម្ម​អាវុធ​ប្រឆាំង​វៀតណាម ដែល​បានដាក់​អស់​រយៈពេល​ជាង​៤​ទសវត្សរ៍​។ វា អាចជា​ការបើកផ្លូវ​មួយ​សម្រាប់​វៀតណាម​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារជាតិ ខណៈ​ប្រទេស​កំពុង​តែមាន​វិវាទ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ស្រាប់​។ តែ​រដ្ឋាភិបាល​ក្រុង​ហាណូយ អះអាងថា​វៀតណាម​គ្មាន​មហិច្ឆតា​ប្រកួតប្រជែង​ផ្នែក​សព្វាវុធ​ក្នុង​តំបន់​ជម្លោះ​ទេ​។

​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​អះអាងថា វៀតណាម​គ្មាន​ចេតនា​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ហើយ វៀតណាម នឹង​បន្ត​មធ្យោបាយ​សន្តិវិធី​ដើម្បី​ការពារ​អធិបតេយ្យ​ដោយ​មិន​ប្រើប្រាស់​ការគំរាមកំហែង​រដ្ឋ​ដទៃ​តាមរយៈ​កងកម្លាំង​។ គោលជំហរ​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចសម្ភាសន៍​រវាង​លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc ជាមួយនឹង​សារព័ត៌មាន​បរទេស​នៅ​ថ្ងៃទី​២៥​ខែឧសភា ដែល​ក្រោយពីរ​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការប្រកាស​ដក​ទណ្ឌកម្ម​អាវុធ​របស់លោក អូ​បា​ម៉ា​។

​លោក Xuan Phuc បាន​ថ្លែងថា វៀតណាម គ្មាន​គោលនយោបាយ​ក្នុងការ​ធ្វើ​យោ​ធូប​នីយកម្ម​ទេ​តែ វៀតណាម មាន​យុទ្ធសាស្ត្រ​របស់ខ្លួន​ជាមួយនឹង​ប្រទេស​ដទៃ និង​មិត្ត​អន្តរជាតិ​ដូចជា​ជប៉ុន ក្នុងការ​រក្សា សន្តិភាព សេរីភាព​នៃ​ធ្វើ​នាវាចរណ៍ ការហោះហើរ និង​ពាណិជ្ជកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នាយករដ្ឋមន្ត្រី​វៀតណាម​ថ្មី​រូបនោះ បាន​សង្កត់ធ្ងន់ថា « មិនមាន​ជម្លោះ ដើម្បី​ធានា​សន្តិភាព​សម្រាប់​ប្រជាជន​យើង​នោះទេ​»​។ នេះ​បើ​យោងតាម​ភា្ន​ក់​ងារ​សារព័ត៌មាន Channel News Asia ។​

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃ​ចន្ទ​កន្លងទៅ​ថ្មីៗ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ដក​ការហាមឃាត់​ការលក់​អាវុធ​ឲ្យ​វៀតណាម​ពេញលេញ និង​ជា​ផ្លូវការ​។​លោក អូ​បា​ម៉ា បាន​ពន្យល់ថា ការសម្រេច​លុបចោល​ទ​ណ្ឌ​កម្ម​លក់​អាវុធ​ប្រឆាំង​វៀតណាម​នេះ​ជា​មធ្យោបាយ​មួយ​សំខាន់​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អតីត​សត្រូវ​ចាស់​របស់​អាមេរិក​ដែលមាន​ទំនាក់ទំនង​ល្វី​ជូរចត់​ក្នុងសម័យ​សង្គ្រាមត្រជាក់​។ ហើយ​វា​ក៏​ឆ្លុះបញ្ចាំង​ពី​គោលជំហរ​អាមេរិក​ក្នុងការ​គាំទ្រ​របប​ដឹកនាំ​ក្រុង​ហាណូយ​ក្នុង​ការពង្រឹង​អំណាច​យោធា​របស់ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ និង​ទប់ទល់​ការគំរាមកំហែង​ពី​ខាងក្រៅ​។​

​តែ​អ្វី​គួរកត់សម្គាល់ ការប្រកាស​ដក​ទណ្ឌកម្ម​នេះ បានធ្វើ​ឡើង​ស្រប​នឹង​ភាព​តានតឹង​នៃ​សមុទ្រ​ចិន​ខាង ត្បូង ពោលគឺ សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ក្លាយជា​តំបន់​យោ​ធូប​នីយកម្ម​របស់​ប្រទេស​មហាអំណាច​។ ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​រដ្ឋ​ទាមទារ​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។

​រយៈពេល​ចុងក្រោយ​នេះ ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​មិនសូវ​មានការ​ប្រឈម​គ្នា​ខ្លាំង​ប៉ុន្មាន​នោះទេ​។ តែ​អ្វី​គួរកត់សម្គាល់​នោះ ស្ថានភាព​បែរជា​តានតឹង​ខ្លាំង​រវាង​រដ្ឋ​ខាងក្រៅ​អាមេរិក និង​ចិន​ជា​ភាគី​ជម្លោះ​ទៅវិញ​។ ភាគី​ទាំងពីរ បាន​ចោទ​ដាក់គ្នា​ថា កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម និង​បង្កើត​កម្តៅ​នៃ​ជម្លោះ​។ អាមេរិក ចោទ​ចិន​ថា​បន្ត​វាតទី និង​ថែមទាំង​បំពាក់​សម្ភារ​យោធា​នៅក្នុង​តំបន់​ជម្លោះ ខណៈ ចិន​ចោទ​អាមេរិក​វិញ​ថា កំពុង​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ដើម្បី​ជា​លេស​ក្នុងការ​ប្រតិបត្តិការ​នា​វា​ល្បាត និង​យន្តហោះ​ទម្លាក់​គ្រាប់​មកកាន់​តំបន់​ជម្លោះ​ដើម្បី​ប្រឆាំង​ចិន​។

​ដោយឡែក សម្រាប់​ការដក​ទណ្ឌកម្ម​អាវុធ​ប្រឆាំង​វៀតណាម ត្រូវបាន​មើលឃើញថា ជាការ​បើកផ្លូវ​មួយ​សម្រាប់​វៀតណាម​ក្នុងការ​ពង្រឹងសមត្ថភាព​យោធា​ដើម្បី​តទល់​ជាមួយនឹង​ចិន​ដោយ​មានការ​ជ្រោមជ្រែង​ពី​អាមេរិក និង​ជប៉ុន​ផងដែរ​នោះ​។ ថ្មីៗ​នេះ ជប៉ុន ក៏​ទើបតែ​ប្រកាស​ផ្តល់​នាវា​ល្បាត​៦​គ្រឿង សម្រាប់​វៀតណាម​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងការ​ល្បាត​ដើម្បី​ការពារ​និង​រក្សា​សន្តិសុខ​ដែនសមុទ្រ​។

​យ៉ាងណាក៏ដោយ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ទទួលស្គាល់ថា​ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ពិត​ជាមាន​ភាពស្មុគស្មាញ​។ តែ​លោក បាន​បញ្ជាក់ថា «​វៀតណាម គឺជា​ប្រទេស​ស្រលាញ់​សន្តិភាព មាន​គោលនយោបាយ​ពហុ និង​ផ្សេងៗ​គ្នា ដែល​ធានា​ពី​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រទេស​ដទៃ ដែល​រាប់បញ្ចូល​ទាំង​ដៃ​យុទ្ធសាស្ត្រ​ទាំង​១២​ផងដែរ​»​។