រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ​និង​ របួសធ្ងន់​ម្នាក់​

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកបានបើកមកបុកម៉ូតូហុងដាឌ្រីមសេ១២៥ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុង សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់និងម្នាក់ទៀតបានរងរបួស ។

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ​និង​ របួសធ្ងន់​ម្នាក់​

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍គ្រោះថ្នាក់នេះបានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តមិនស្គាល់ម៉ាកបានបើកពីជើងទៅត្បូងតាមផ្លូវលេខ ៥៩៧ ពេលនោះក៏មានម៉ូតូហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ 1CJ-2379 ជិះដោយ បុរសពីរនាក់បានជិះតាមបណ្តោយផ្លូវលេខ ៥៨៩ ក្នងទិសដៅពីត្បូងទៅជើងស្រាប់តែ មកដល់ចំណុចកើតហេតុក៏រថយន្តនោះរេចង្កួតមកបុកចំម៉ូតូពេញទំហឹងធ្វើឱ្យអ្នកកាន់ចង្កួតម៉ូតូហោះបោកនិងថ្នល់បាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយចំណែកបុរសដែលអង្គុយពីក្រោយបានរងរបួសធ្ងន់ ។

បន្ទាប់ពីកើតហេតុរថយន្តបង្កហេតុបានបើកគេចខ្លួនទៅបាត់ស្រមោលតែម្តង ចំណែក ឯអ្នករបួសត្រូវបានអ្នកភូមិហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ។ បុរសដែលរងគ្រោះស្លាប់មានឈ្មោះ ប៊ិ ជិម អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិដើមពពេល ឃុំដីឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្រោយពីកើតហេតុសមត្ថកិច្ចកំពុងទំនាក់ទំនង់ទៅកាន់ក្រុមគ្រួសារដើម្បីឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីហើយចំណែកម៉ូតូវិញសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកវិញ ៕ សុថាត់