សមត្ថកិច្ច​ឃាត់​ខ្លួន​ជំទប់ទី២​ពី​បក្ស​ប្រឆាំង​រឿង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​នៅ​ខេត្ត​តាកែវ

អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជំទប់ទី២ មក​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​តាកែវ រឿង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ គណបក្ស​សង្គ្រោះជាតិ​ខេត្ត​តាកែវ លោក ម៉ៅ សុផល ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភានេះ ​ស្នងការ​ខេត្ត​តាកែវ​បាន​ដោះលែង​ជំទប់ទី២​របស់​គណបក្ស​សិទ្ធិមនុស្ស លោក ខែង សំអាត ហើយ បន្ទាប់​ពី​សាកសួរ​ និង​ធ្វើ​កិច្ចសន្យា។ យ៉ាងណាក៏ដោយ លោក ម៉ៅ សុផល ចាត់​ទុក​ការ​ឃាត់​ខ្លួន​នេះ ជាការ​គំរាម​គំហែង​មន្ត្រី​គណបក្ស​របស់​លោក​ឲ្យ​ភ័យ​ខ្លាច​ ក្នុង​សកម្មភាព​នយោបាយ​​នៅ​ទូទាំង​ខេត្ត​តាកែវ​ទាំង​មូល«ខ្ញុំ​យល់​ថា ការ​ផ្តិម​មេដៃ​ថ្វាយ​ព្រះមហាក្សត្រ​ វា​មិន​ខុស​ច្បាប់អី​ទេ! ព្រោះ​ការ​ផ្ដិត​មេដៃ​នេះ​ យើង​ផ្ដិត​មេដៃ​ ដែល​ពលរដ្ឋ​មិន​សប្បាយចិត្ត​ សម្រាប់​ដាក់​ជូន​រដ្ឋសភា និង​រដ្ឋាភិបាល ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ»

កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា លោក ខែង សំអាត ត្រូវ​បាន​ប៉ូលិស​ឃុំ​ហៅ​មក​ណែនាំ​ដើម្បីឲ្យ​បញ្ឈប់​យក​ស្នាម​មេ​ដៃ​ពលរដ្ឋ ក្រោយ​ដែល​លោក​បាន​ចុះ​តាម​ភូមិ​ប្រមូល​ស្នាម​មេដៃ ដើម្បី​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​ដោះលែង​​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។

ករណី​ស្រដៀង​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​មួយ​រូប គឺ​លោក ដួង ថុល ក៏​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ទាក់ទង​នឹង​ការ​ប្រមូល​ស្នាម​មេដៃ​នេះ។ ប៉ុន្តែ​លោក ដួង ថុល ត្រូវ​បាន​ដោះលែង​វិញ ក្រោយ​សាកសួរ​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។