ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ មានបំណង​សង់​ទីក្រុង​ទំនើប​ ​ដែល​ឲ្យ​មនុស្ស​រស់​នៅ​២​លាន​នាក់

ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ មានបំណង​សង់​ទីក្រុង​ទំនើប​ ​ដែល​ឲ្យ​មនុស្ស​រស់​នៅ​២​លាន​នាក់



ភ្នំពេញ ៖ ក្រុមហ៊ុន ខោ​ន​ទ្រី ហ្គោ​ឌិន ហូ​ឌី​ង (Country Garden Holdings Company Limited ) បាន បង្ហាញ​បំណង​ធ្វើការ​វិនិយោគ​លើ​ការសាងសង់ ​ទីក្រុង​ទំនើប​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាច​ទទួល​មនុស្ស​រស់នៅ​បាន​ ២​លាន​នាក់។

លោក យ៉ាង កូវ​ឈាំ​ង ប្រធាន​ក្រុមហ៊ុន ខោ​ន​ទ្រី ហ្គោ​ឌិន ហូ​ឌី​ង (Country Garden Holdings Company Limited ) បាន​ជម្រាប​បំណង​របស់​ខ្លួន​ ជូន​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​ កាលពី​ល្ងាច​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ បន្ទាប់ពី​ជំនួប​នោះ​ថា លោក យ៉ាង បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​ទី១ ក្នុង​ការ​មក​ពិនិត្យ​សិក្សា​ស្រាវជ្រាវ​ ដើម្បី​វិនិយោគ​ការសាងសង់​ទីក្រុង​ទំនើប​មួយ ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក យ៉ាង បាន​បន្ត​ថា ​ក្រុមហ៊ុន​របស់​លោក​មាន​ទុន ​វិនិយោគ​ប្រមាណ ៥ ពាន់​លាន​ដុល្លារ​ ក្នុង​ការវិនិយោគ ​ហើយ​សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​របស់​លោក​ កំពុងតែ​វិនិយោគ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​សាងសង់​ទីក្រុង​ទំនើប​មួយ​ ដែល​អាច​ឲ្យ​មនុស្ស​ស្នាក់នៅ​ប្រមាណ ២​លាន​នាក់​ ហើយ​ទីក្រុង​នោះ​កំពុង​សាងសង់​ នៅ​ជាប់​ព្រំប្រទល់​រវាង​ប្រទេស​ម៉ាឡេស៊ី និង​សឹង្ហ​បុរី​ដោយមាន​ការ​គាំទ្រ​ពី​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​។

លោក យ៉ាង បាន​បង្ហាញ​បំណង​ សាងសង់​ទីក្រុង​នេះ​នៅក្នុង​ប្រទេស​កម្ពុជា។ ក្នុង​ន័យ​នេះ​លោក​បាន​សុំ​អនុសាសន៍​ ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​លទ្ធភាព​សាងសង់​ទីក្រុង​ ដូចគ្នានេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ជួយ​រំដោះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ផង ​និង​សាងសង់​ទីក្រុង​ថ្មី​មួយ ដែល​លក្ខណៈ​ទំនើប និង​មាន​សោ​ភណ្ឌ​ភាព​ល្អ​។

ជា​ការ​ឆ្លើយតប សម្តេច​តេ​ជោ​បាន​ស្វាគមន៍​ ចំពោះ​ការសិក្សា​ស្វែងយល់​ ការ​វិនិយោគ​ទីក្រុង​នៅ​ក្នុង ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​សម្តេច​បាន​ផ្តល់​អនុ​សាសន៍​ ឲ្យ​ធ្វើ​ការសិក្សា​លើ​គម្រោង​ប្លង់​មេ​ របស់​ទីក្រុង​ភ្នំពេញ​ ដើម្បី​ស្វែងយល់​តំបន់​ណា​ ដែល​អាច​សាងសង់​ទីក្រុង​បាន ​និង​តំបន់​ណា​មិន​អាច​សាងសង់​បាន។ សូម​ឲ្យ​ធ្វើការ​សិក្សា​ជា​មួយ​នឹង​មន្ត្រី​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​យ៉ាង​ធ្វើការ​សិក្សា​ឲ្យ​បាន​លម្អិត មុននឹង​ធ្វើការ​វិនិយោគ ​ព្រោះ​វា​គឺជា​ការ​វិនិយោគ​ដ៏​ធំ​មួយ​ ដែល​អាចជួយ​រួមចំណែក​ជំរុញ​កំណើន ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា៕