អ្នកគ្រប់គ្រង​ក្រុមហ៊ុន​លក់​ម៉ូតូ​អគ្គិសនី​ នៅសៀមរាប​ម្នាក់ ​ត្រូវ​បានចាប់ខ្លួន ដោយសារលួចលុយ និងម៉ូតូក្រុមហ៊ុន

អ្នកគ្រប់គ្រង​ក្រុមហ៊ុន​លក់​ម៉ូតូ​អគ្គិសនី​ នៅសៀមរាប​ម្នាក់ ​ត្រូវ​បានចាប់ខ្លួន ដោយសារលួចលុយ និងម៉ូតូក្រុមហ៊ុន



សៀមរាប​ ៖​ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​លក់​ម៉ូតូ​អគ្គិសនី សាខា​ខេត្តសៀមរាប ម្នាក់ត្រូវ​បាន​កម្លាំង​ការិយាល័យ ​បទល្មើស​ព្រហ្មទណ្ឌ​នៃ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ​ធ្វើការ​ចាប់ខ្លួន បន្ទាប់ពី​តំណាង​ក្រុមហ៊ុន​ បាន​ប្តឹង​មក​សមត្ថកិច្ច​ថា បុរស​រូប​នេះ​ បាន​កិបកេង​ប្រាក់ និង​លួច​យក​ម៉ូតូ​របស់​ក្រុមហ៊ុន​ទៅ​បញ្ចាំ។

នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ លោក​អនុសេនីយ៍ឯក​ អ៊ុយ​ ច​យ​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ​រឿន ​សារ៉ន ​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មាន​មុខរបរ​ជា​អ្នកគ្រប់គ្រង ​ក្រុមហ៊ុន​លក់​ម៉ូតូ​អគ្គិសនី សាខា​ខេត្ត​សៀមរាប​ ត្រូវ​បាន​កម្លាំង​របស់​លោក​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ខែឧសភា​។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់ពី​ខាង​ភាគី​ក្រុមហ៊ុន​ប្តឹង​ថា ជនសង្ស័យ​ខាងលើ​ បាន​កិបកេង​ប្រាក់​ក្រុមហ៊ុន អស់​ជិត​ ២​ពាន់​ដុល្លារ​ និង​បាន​យកម៉ូតូ​របស់​ក្រុមហ៊ុន​ពីរ​គ្រឿង និង​ម៉ូតូ​កង់​បី​មួយ​គ្រឿង ​ទៅ​ដាក់បញ្ចាំ​ថែមទៀត​ផង។

លោក​អ៊ុយ​ ច​យ​ បាន​ឲ្យ​ដឹង​បន្ត​ថា ​បន្ទាប់ពី​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ ដូច​ការចោទប្រកាន់​មែន។

លោក​អ៊ុយ​ ច​យ ​បន្ត​ថា​ ជនសង្ស័យ​រូបនេះ ត្រូវ​បាន​កម្លាំង​របស់​លោក កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភានេះ៕

អ្នកគ្រប់គ្រង​ក្រុមហ៊ុន​លក់​ម៉ូតូ​អគ្គិសនី​ នៅសៀមរាប​ម្នាក់ ​ត្រូវ​បានចាប់ខ្លួន ដោយសារលួចលុយ និងម៉ូតូក្រុមហ៊ុន