មេធាវី​របស់​មន្ត្រី​អាដហុក ប្តឹង​ឧ​ទ្ទ​រណ៍​ក្រោយ​សាលាដំបូង​មិន​ឲ្យ​កូនក្តី​ខ្លួន​នៅក្រៅ​ឃុំ​ និពន្ធដោយ : ម៉ៅ សុផា       26-05-2016, 10:59 pm         106

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377មេធាវី​របស់​មន្ត្រី​អាដហុក ប្តឹង​ឧ​ទ្ទ​រណ៍​ក្រោយ​សាលាដំបូង​មិន​ឲ្យ​កូនក្តី​ខ្លួន​នៅក្រៅ​ឃុំ​​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​សំណើ ដែល​សុំ​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប រស់នៅ​ក្រៅ​ពន្ធនាគារ​។ មេធាវី​ការពារ​ក្តី​របស់​មន្ត្រី​អាដហុក​ទាំង​៤​រូប បាន​បន្ត​ដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ បន្ទាប់ពី​តុលាការ​ជាន់​ទាប ច្រានចោល​សំណើ​របស់ខ្លួន​។

​លោកស្រី គា សុផល មេធាវី​ការពារ​ក្តី​របស់​មន្ត្រី​អាដហុក​ទាំង​៤​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស បានដាក់​សំណើ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​តុលាការ​ជន់​ទាប​មួយ​នេះ ផ្តល់​សេរីភាព​ដល់​កូនក្តី​របស់ខ្លួន​។ ប៉ុន្តែ​សំណើ​របស់​លោកស្រី ត្រូវបាន​តុលាការ បដិសេធ ដោយ​មិន​យល់ព្រម​ឲ្យ​អ្នក​ទាំង​៤​នាក់ បានរស់នៅ​ក្រៅ​ពន្ធនាគារ​ឡើយ​។ នេះ​បើតាម​ការអះអាង​របស់​លោកស្រី គា សុផល ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។

​លោកស្រី បន្ថែមទៀតថា ក្រោយពី​ទទួល​ចម្លើយ​អវិជ្ជា​មាន​បែបនេះ លោកស្រី​ក៏​បន្ត​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ឲ្យ​ពិនិត្យ​និង​ពិចារណា​ឡើងវិញ ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប​។ យ៉ាងណាក៏ដោយ​លោកស្រី មិនបាន​បកស្រាយ​ពី​មូលហេតុ ដែល​តុលាការ​ក្រុងភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​អាដហុក​ទាំងនោះ រួចខ្លួន​ពី​ការឃុំ​ឃាំង នោះទេ​។ មេធាវី​រូបនេះ គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ថា​៖«​យើង​បាន​សុំ​ឲ្យ​តុលាការ​ដោះលែង​ពួកគាត់ តែ​តុលាការ​បដិសេធ​។ ឥឡូវ​ហ្នឹង យើង​បាន​ប្តឹង​ឧទ្ធរណ៍​ហើយ​»​។

​មិនមែន​តែម​ន្ត្រី​អាដហុក​នោះទេ ដែល​តុលា​ការជាន់​ទាប មិន​ផ្តល់ឱកាស​ឲ្យ​នៅក្រៅ​ពន្ធនាគារ​បណ្តោះអាសន្ន សូម្បីតែ​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ក៏​មិនត្រូវ​បានអនុញ្ញាត ឲ្យ​មាន​សេរីភាព ដូចគ្នា​។ កាលពី​ថ្ងៃទី​២ ឧសភា អ្នក​ទាំង​៥ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន បន្ទាប់ពី​ធ្វើការ​ចោទប្រកាន់​ពួកគេ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។

​មន្ត្រី​អាដហុក​ទាំង​៤​នាក់ រូ​ម​មាន​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ «​សូកប៉ាន់​សាក្សី​»​។ រីឯ​លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ហើយ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ភ្នំពេញ (PJ) ៕