លោក អូ​បា​ម៉ា ប្រាប់ថា កុំ​ឲ្យ​បារម្ភ​ពី​ការបោះឆ្នោត​នៅ​អាមេរិក និពន្ធដោយ : សៅ ផលនិស្ស័យ       26-05-2016, 10:39 pm         234

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377លោក អូ​បា​ម៉ា ប្រាប់ថា កុំ​ឲ្យ​បារម្ភ​ពី​ការបោះឆ្នោត​នៅ​អាមេរិក​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ជា​រឿង​ដែល​មនុស្ស​ទូទាំង​ពិភពលោក​តាមដាន ហើយ​វា​ក៏​ធ្វើ​ឲ្យ​មានការ​បារម្ភ​កើនឡើង​ផងដែរ​នៅពេលដែល​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ​(Donald Trump) ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​។ ក្នុងជំនួប​ជាមួយ​យុវជន​វៀតណាម លោក បា​រ៉ា់​ក់ អូ​បា​ម៉ា អះអាងថា កុំ​បាច់​បារម្ភ​ឡើយ​ពី​ការបោះឆ្នោត​អាមេរិក ព្រោះ​អ្វីៗ​នឹង​ត្រលប់​ទៅរក​ភាពប្រក្រតី ហើយ​ប្រជាជន​អាមេរិក​នឹង​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុងការ​បោះឆ្នោត​ខាងមុខ​។

«​ជាធម្មតា នៅពេល​ចុងក្រោយ អ្នកបោះឆ្នោត​នឹង​បង្កើត​ការសម្រេចចិត្ត​ដ៏​ល្អ ហើយ​ប្រជាធិបតេយ្យ​មានដំណើរ​ការ​ជាធម្មតា​។ អ្វីៗ​នឹង​ត្រលប់​ទៅរក​ភាពប្រក្រតី​។ ខ្ញុំ​ជឿជាក់ថា​ដូច្នេះ​»​។ នេះ​ជា​ចម្លើយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅនឹង​សំណួរ​របស់​យុវតី​វៀតណាម​ទាក់ទង​ការយល់ឃើញ​របស់លោក អូ​បា​ម៉ា ចំពោះ​អ្នកនយោបាយ​ដែល​នឹង​មក​ជំនួស​តំណែង​លោក​ក្រោយ​ការបោះឆ្នោត​ខែវិច្ឆិកា​។ ការបញ្ជាក់​បែបនេះ​ធ្វើឡើង​នៅពេល​លោក​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​វ័យក្មេង​វៀតណាម​ថ្ងៃ ២៥ ឧសភា ម្សិលមិញ​នេះ​។​

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែងបន្តថា​៖ «​ពេលខ្លះ​មាន​គេ​មើល​មក​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​ហើយ​ពោលថា ម៉េច​ក៏​រញ៉េរញ៉ៃ​ម្ល៉េះ​។ ប៉ុន្តែ​ជាធម្មតា យើង​អាច​បញ្ចប់​ទៅដោយ​ប្រក្រតី ព្រោះ​ប្រជាជន​អាមេរិក​ជាម​នុស្ស​ល្អ​។ ពេលខ្លះ​នយោបាយ​របស់​យើង​មិនបាន​បង្ហាញ​នូវ​ភាពល្អ​នៃ​ប្រជាជន​ឡើយ​»​។

​តាមពិតទៅ​ក្តីបារម្ភ​កើនឡើង​ច្រើន​ជាពិសេស​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី ពី​ការ​ឆ្ពោះទៅ​ឈ្នះឆ្នោត​របស់​បេក្ខជន​តំណាង​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ​។ នេះ​ក៏ដោយ​សារ បេក្ខជន​ម្នាក់នេះ​មាន​នយោបាយ​ការបរទេស​មាន​លក្ខណៈ​ឯកោ​និយម ដោយ​ងាក​ចេញពី​តំបន់​អាស៊ី​ជាពិសេស​អាស៊ីអាគ្នេយ៍​។ លោក​ក៏​ធ្លាប់​អះអាងថា លោក​នឹង​ទារ​ថ្លៃ​ការពារ​ពី​សម្ព័ន្ធមិត្ត​ជប៉ុន​និង​កូរ៉េខាងត្បូង ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​អាវុធ​នុយក្លេអ៊ែរ បើសិនជា​លោក​ក្លាយជា​ប្រធានាធិបតី​អាមេរិក​។​

​ត្រលប់​មកវិញ លោក អូ​បា​ម៉ា លើកឡើង​បែបនេះ គ្រាន់តែ​ចង់​ពន្យល់ថា ទោះ​ជាមាន​បញ្ហា​ចម្រូងចម្រាស​ពេល​បោះឆ្នោត ក៏ដោយ ប្រជាជន​អាមេរិក​នឹង​បង្កើត​ការសម្រេចចិត្ត​ដ៏​ល្អ ដោយ​ជ្រើសរើស​បេក្ខជន​ម្នាក់​ដែលមាន​សមត្ថភាព​និង​សក្តិសម​កាន់តំណែង​ប្រធានាធិបតី​។ ដូច្នេះ​គ្រប់យ៉ាង​នឹងមិន​អាក្រក់​ដូច​ការបារម្ភ​របស់​ប្រជាជន​ទូទៅ​ឡើយ​។ តែ​លោក​បាន​ចៀសវាង​ការលើកឡើង​ចំៗ​ពី​ឈ្មោះ​បេក្ខជន​ណា​ម្នាក់​ក្នុងចំណោម​បេក្ខជន​បីនាក់​ដែល​នឹងមាន​លទ្ធភាព​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ខាងមុខនេះ​។​

​កន្លងមក លោក​ក៏​ធ្លាប់​បញ្ជាក់​ជាច្រើន​ដង​ដែរ​ថា ជា​ញឹកញាប់​ពេល​លោក​ធ្វើដំណើរ​ទៅ​បរទេស មេដឹកនាំ​ពិភពលោក​ជាច្រើន​នាក់​ខ្សឹប​សួរ​លោក​ថា តើ​មានរឿង​អ្វី​កើតឡើង​ក្នុង​នយោបាយ​អាមេរិក​។ លោក​និយាយ​បែប​លេងសើច​ថា លោក​ពិតជា​ហត់​នឹង​ឆ្លើយ​សំណួរ​នេះ​ណាស់​៕