អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​ចាប់​ខ្លួន​លោក កឹម សុខា

អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៦ ឧសភា ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​រាត្រី​នេះ គឺ​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌ ស្វែងរក​ចាប់​ខ្លួន​លោក កឹម សុខា មក​ចំពោះ​មុខ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​បទល្មើស​ជាក់ស្ដែង។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចំនួន​ពីរ​ទំព័រ បាន​បញ្ជាក់​មូលហេតុ​ពី​ការ​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល ស្វែងរក​ចាប់​ខ្លួន​លោក កឹម សុខា នេះ ដោយ​លើក​ហេតុផល​ថា លោក កឹម សុខា មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ចំនួន​ពីរ​លើក ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម​ក្នុង​នាម​ជា​សាក្សី ក្រោយ​ពី​អយ្យការ​បាន​ស្ដាប់​ចម្លើយ​របស់​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ នៃ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ១២៨០ ចុះ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៦។

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពិនិត្យ​ឃើញ​ថា ការ​ប្រព្រឹត្ត​របស់​លោក កឹម សុខា ដែល​មិន​ចូល​ខ្លួន​មក​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តំណាង​អយ្យការ​ទាំង​ពីរ​លើក​នេះ គឺ​ជា​បទល្មើស​តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែង​ថា រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ឆ្លើយ​ជា​សាក្សី​នៅ​មុខ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ ដោយ​គ្មាន​មូលហេតុ​សមស្រប ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​ទៅ ១​លាន​រៀល។ សកម្មភាព​នៃ​ការ​មិន​ព្រម​ចូល​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា គឺ​ជា​បទល្មើស​ជាក់ស្ដែង ស្រប​តាម​ខ្លឹមសារ​មាត្រា​៨៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ចែង​អំពី​និយមន័យ​បទឧក្រិដ្ឋ ឬ​មជ្ឈិម​ជាក់ស្ដែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។