ការ​វិវត្ត​រូបរាង​របស់​ Toyota Prius ចាប់​តាំង​ពី​ស៊េរី​ដំបូង​មក​ដល់​បច្ចុប្បន្ន

Toyota Prius ជា​រថយន្ត​​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​រថយន្ត​យក្ស​ជប៉ុន Toyotaដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​សន្សំ​សំចៃ​ប្រេង ក៏​ដូចជា​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន ដែល​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​​ម្យ៉ាង​ដែល​​​ត្រូវ​បាន​គេ​ហៅ​ថា Hybride។

Prius ​ត្រូវ​បាន​ចេញ​លក់​ដំបូង​នៅ​ក្នុង​ឆ្នាំ 1997 តែ​នៅ​ពេល​នោះ​គឺ​សម្រាប់​តែ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ជប៉ុន​តែ​ប៉ុណ្ណោះ ក្រោយ​មក​ទៀត​វា​ក៏​ត្រូវ​បាន​ដាក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជាង 50 ផ្សេង​ទៀត​មាន​ទាំង​អាមេរិក​ផង​ដែរ។

តោះ​ទៅ​មើល​ការ​វិវត្ត​រូបរាង​របស់​វា​បន្តិច​ទៅ​មើល​ថា​ទម្រាំ​មក​ដល់​បច្ចុប្បន្ន​វា​បាន​ប្រែ​ប្រួល​រូបរាង​យ៉ាង​ណា​ខ្លះ ៖

1Toyota Prius ជំនាន់​ទី​1​ (XW10 1997–2003)

ការ​វិវត្ត​រូបរាង​របស់​ Toyota Prius ចាប់​តាំង​ពី​ស៊េរី​ដំបូង​មក​ដល់​បច្ចុប្បន្ន

រូបរាង​ដំបូង​នៃ​ Toyota Prius ត្រូវ​បាន​គេ​កំណត់​ជា​ស៊េរី XW10 ដែល​វា​ត្រូវ​បាន​ប្រើ​នៅ​ចន្លោះ​ពី​ឆ្នាំ 1997 ដល់ ឆ្នាំ 2003។ មាន​ន័យ​ថា​រថយន្ត​ Toyota Prius ដែល​ផលិត​ក្នុង​ចន្លោះ​ពី​ឆ្នាំ 1997 ដល់ 2003 គឺ​មាន​រូបរាង​​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង វា​គ្រាន់​តែ​មាន​លក្ខណៈ​ខុស​គ្នា​តិច​តួច​ប៉ុណ្ណោះ​។ ដោយ​សារ​ពី​ស៊េរី​មួយ​ទៅ​ស៊េរី​មួយ​ដែល​ផលិត​ក្នុង​ចន្លោះ​ឆ្នាំ​នេះ​​ត្រូវ​បាន​គេ​កែ​ប្រែ​កង្វះ​ខាត​ខ្លះ​ដែល​ត្រូវ​ឲ្យ​វា​មាន​ការ​ប្រែ​ប្រួល​តិច​តួច ប៉ុន្តែ​បើ​អ្នក​មិន​បាន​មើល​ឲ្យ​ដិត​ដល់​​នោះ​ទេ​ អ្នក​នឹង​មិន​ដឹង​ទេ​ថា​វា​ខុស​គ្នា​ឡើយ។

នៅ​ជំនាន់​នេះ​វា​ត្រូវ​បាន​ផលិត​ដោយ​មាន​រូបរាង​ប្រហាក់​ប្រហែល​ទៅ​នឹង​ Toyota Camry ដែរ ដោយ​វា​មាន​ទ្វា​ត្រឹម​តែ 4 នឹង​មាន​កន្ទុយ​មិន​សូវ​ជា​ងរ​ខ្លាំង​នោះ​ទេ។

2Toyota Priusជំនាន់​ទី 2 (XW20 2003–2009)

ការ​វិវត្ត​រូបរាង​របស់​ Toyota Prius ចាប់​តាំង​ពី​ស៊េរី​ដំបូង​មក​ដល់​បច្ចុប្បន្ន

​​នៅ​ជំនាន់​នេះ​ រូបរាង​របស់​វា​គឺ​ខុស​គ្នា​​ស្រលះ​តែ​ម្ដង​ជាមួយ​នឹង​ជំនាន់​មុន ដោយ​សារ​វា​មិន​មាន​កន្ទុយ​រាប​ស្មើ​ដូចជា​ Toyota Camry ទៀត​នោះ​ទេ ដោយ​វា​ស្រដៀង​ទៅ​នឹង​រថយន្ត​ប្រភេទ SUV (Highlander, Lexus RX 300 ជាដើម) ទៅ​វិញ។ ដោយ​ជំនាន់​នេះ​គេ​កំណត់​ឈ្មោះ​វា​ថា XW20 ដែល​គិត​ចាប់​ពី​ស៊េរី 2003 ដល់ 2009 ។

វា​ត្រូវ​បាន​ផលិត​ដោយ​នៅ​ចន្លោះ​កណ្ដាល​រវាង​រថយន្ត Toyota Camry និង Toyota Corolla ហើយ​បច្ចេកវិទ្យា Hybrid ដែល​បំពាក់​នៅ​លើ​រថយន្ត​ស៊េរី​នេះ​កាន់​តែ​ទំនើប​ ហើយ​វា​ក៏​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​ជុំ​វិញ​ពិភព​លោក។

បច្ចុប្បន្ន​នេះ​រថយន្ត​​ស្ថិត​នៅ​ក្នុង​ជំនាន់​​នេះ​គឺ​ពេញ​និយម​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

3Toyota Prius ជំនាន់​ទី 3 (XW30 2009–2015)

ការ​វិវត្ត​រូបរាង​របស់​ Toyota Prius ចាប់​តាំង​ពី​ស៊េរី​ដំបូង​មក​ដល់​បច្ចុប្បន្ន

សម្រាប់​ជំនាន់​នេះ​បើ​និយាយ​ពី​រូបរាង​គឺ​មិន​សូវ​ជា​ខុស​គ្នា​ឆ្ងាយ​ប៉ុន្មាន​ពី​ជំនាន់​មុន​នោះ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ការ​ផ្លាស់​រូប​រាង​បន្តិច​បន្តួច​ និង​ប្ដូរ​មុខ​មាត់​ថ្មី​ដ៏​ទាក់​ទាញ​ ជាមួយ​នឹង​ចង្កៀង​គោម​ខាង​មុខ​ដ៏​ស្រស់​ស្អាត សូម្បី​តែ​ស្ដុប​ក្រោយ​ក៏​​​ប្ដូរ​រូបរាង​ថ្មី​ស្រស់​ស្អាត​មិន​ធម្មតា​ផង​ដែរ ជាង​នេះ​ទៅ​ទៀត​វា​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​កាន់​តែ​​ទំនើប​​ផង​ដែរ​។

Prius ដែល​ផលិត​នៅ​ក្នុង​ចន្លោះ​ឆ្នាំ 2009 ដល់ 2015 គឺ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ជំនាន់​ទី ​3 XW30 ដែល​ធ្វើ​ឲ្យ​ពី​មួយ​ស៊េរី​ទៅ​មួយ​ស៊េរី​មិន​សូវ​ជា​ប្លែក​គ្នា​ប៉ុន្មាន​នោះ​ទេ។

4Toyota Prius ជំនាន់​ទី 4 (2015– មក​ដល់​បច្ចុប្បន្ន)

ការ​វិវត្ត​រូបរាង​របស់​ Toyota Prius ចាប់​តាំង​ពី​ស៊េរី​ដំបូង​មក​ដល់​បច្ចុប្បន្ន

​ជាមួយ​នឹង​ជំនាន់​ទី 4 នេះ Prius រឹត​តែ​មាន​ភាព​ទាក់​ទាញ ជាមួយ​នឹង​រូបរាង​ថ្មី​ស្រស់​ស្អាត ហើយ​បើ​និយាយ​ពី​បច្ចេកវិទ្យា​ដែល​បំពាក់​នៅ​លើ​រថយន្ត​ជំនាន់​នេះ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ កាន់​តែ​ចង់​បាន​វា​យក​មក​ប្រើប្រាស់​ផង​ដែរ៕​​

អត្ថបទដោយ ៖ ជលស័យ
ឯកសារ​យោង ៖ Toyota, Wikipedia, Carmagazine

  • ការ​វិវត្ត​រូបរាង​របស់​ Toyota Prius ចាប់​តាំង​ពី​ស៊េរី​ដំបូង​មក​ដល់​បច្ចុប្បន្ន已关闭评论
  • 36 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:កីឡា
Tags: