ចោទ​ថា​ពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​ក្នុង​តំបន់ហាមឃាត់ ភាគី​ថៃ​បិទ​ច្រក​អានសេះ

ខេត្តព្រះវិហារ ៖ ភាគី​ថៃ​បាន​បិទ​ច្រក​ទ្វា​អានសេះ​ជា​ឯកតោភាគី​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ដោយ​ចោទ​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​នោះ​ថា​បាន​ដំឡូង​នៅ​ក្នុង​តំបន់ហាមឃាត់ ។

មន្ត្រី​នគរបាល​ព្រំដែន​ច្រក​អានសេះ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា​នេះ​ថា ភាគី​កងកម្លាំង​ថៃ​បិទ​ច្រក​ទ្វា​អានសេះ​ជា​ថ្មី​ទៀត​ហើយ មិន​អោយ​ប្រជាជន​ទាំង​ពីរ​ភាគី​ធ្វើការ​ផ្តោះ​ប្តូរ​ទំនិញ​គ្នា​ទៀត​ទេ ។ មន្ត្រី​នគរបាល​ដដែល​បន្ត​ថា មូលហេតុ​ដែល​នាំ​អោយ​មានការ​បិទ​ច្រក​ទ្វា​នេះ ដោយ​ខាង​ភាគី​ថៃ​ចោទ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​នោះ​បាន​ដាំ​ដំណាំ​ដំឡូង​ប្រមាណ​ជា​៣០​គុម្ព​នៅ​ក្បែរ​អណ្តូង​មួយ​កន្លែង​ក្នុង​តំបន់​(​ស​) ។

មក​ដល់​ពេល​នេះ អាជ្ញាធរ​ស្រុក​និង​កងកម្លាំង​ទាំង​ពីរ​ភាគី​កំពុង​ត្រួតពិនិត្យ​កន្លែង​ដែល​ពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ និង​ធ្វើការ​ចរចា​រក​ដំណោះស្រាយ​ដើម្បី​បាន​បើក​ច្រក​ទ្វា​អោយ​អាជីវក​រទាំង​ពីរ​ភាគី​កម្ពុជា​-​ថៃ​ផ្តោះ​ប្តូរ​ទំនិញ​បាន​ដូច​ធម្មតា​វិញ  ៕