តារាល្បីៗ បង្ហាញសារជូនពរនិង ការព្រួយបារម្ភពីអាការៈជំងឺ របស់ ពេជ្រ សោភា

ភ្នំពេញៈ នៅពេលនេះកំពុងតែ មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ទៅលើអាការៈជំងឺរបស់ តារាចម្រៀងប្រចាំ ផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា ដែលធ្វើអោយអ្នកគាំទ្រ កូនក្រុមរបស់នាង និងតារាល្បីៗ មួយចំនួនបានបង្ហាញ ការព្រួយបារម្ភ ចង់ដឹងពីសុខទុកនាង និងផ្ញើសារជូនពរ នាងជាច្រើនផងដែរ ។

តារាល្បីៗដែលផ្ញើរជូនពរ អ្នកនាង ពេជ្រ សោភា មាន លោក យ៉ែម សំអូន សូដា នីតា ពេជ្រ សេរីរ័ត្ន វ៉ាង ស្រីណូ នៅ សូនីតា សាយ សៀរ៉ា រួមជាមួយតារាមួយចំនួនទៀត៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា តារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស និងជាគ្រូបង្វឹក្នុងកម្មវិធី លំដាប់ពិភពលោក «The Voice Cambodia» អ្នកនាង ពេជ្រ សោភា ដែលកំពុងតែធ្វើឲ្យ មហាជន និងអ្នកគាំទ្រ ជ្រួលច្របល់ ចង់ដឹងពីស្ថានភាពជំងឺរបស់នាង រហូតដល់ថ្នាក់ចេញទៅព្យាបាល នៅប្រទេសថៃនោះ ពេលនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបថា ស្ថានភាពជំងឺរបស់នាង បានធូរស្បើយច្រើនហើយ និងត្រូវត្រឡប់មកប្រទេស កំណើតវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ។

ថ្មីៗនេះ ក្នុងបណ្ដាញសង្គម Facebook បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលមានអ្នកលេងមួយចំនួន បង្ហោះរូបភាព ពេជ្រ សោភា ឈឺធ្ងន់មានបំពាក់ដោយអុកស៊ីសែន ជួយសង្គ្រោះជីវិត ធ្វើឲ្យគេមានការយល់ច្រឡំថា នាងកំពុងឈឺធ្ងន់ ហើយត្រូវជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ នៅក្នុងប្រទេសថៃ ។ ក្នុងនោះមានអ្នកខ្លះ បានសម្ដែងការតក់ស្លុត និងសូមបួងសួងឲ្យវត្ថុស័ក្តិសិទ្ធិ តាមជួយថែរក្សា និងជួយសង្គ្រោះជីវិតនាង ទៀតផង ។

ប៉ុន្តែអ្វីដែលជាការពិតនោះ គឺត្រូវបានប្រភពព័ត៌មាន ទម្លាយចេញពីអ្នកសិល្បៈ បានបង្ហើបថា តាមពិតរូបភាពនេះ គឺជារូបភាពពេលនាងសម្ដែង ក្នុងបទចម្រៀងមួយប៉ុណ្ណោះ ហើយត្រូវបានគេកាត់យកដាក់ ផ្សព្វផ្សាយជាថ្មី គាប់ជួនជាមួយនឹងនាង ត្រូវចេញទៅពិនិត្យជំងឺ តាមការណាត់ពីសំណាក់វេជ្ជបណ្ឌិត របស់ប្រទេសថៃ ។ ដោយសារតែអ្នកគាំទ្រខ្លះ បារម្ភហួសហេតុពេក បានធ្វើឲ្យក្ដីបារម្ភនោះ បង្កទៅជាភាពចលាចលទៅវិញ។

ប្រភពព័ត៌មានចុងក្រោយ បានបង្ហើបថា តាមការពិត ពេជ្រ សោភា ពិតជាបានទៅប្រទេសថៃ ដើម្បីព្យាបានជំងឺរបស់នាងមែន ប៉ុន្តែការទៅនេះ គឺតាមការណាត់របស់គ្រូពេទ្យ ដើម្បីតាមដានជំងឺខ្វះឈាម ដែលបានកើតឡើងចំពោះនាង ជាយូរមកហើយ ពោលនាងមិនបានឈឺធ្ងន់ដល់ថ្នាក់ បំពាក់ឧបករណ៍អុកស៊ីសែន ដូចព័ត៌មានភ្ញាក់ផ្អើល ក្នុងបណ្ដាញសង្គម Facebook នោះឡើយ ។ ជាមួយគ្នានេះ ពេជ្រ សោភា នឹងត្រូវត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីបន្តការងារសិល្បៈ ជាពិសេសការបង្ហាត់កូនក្រុមរបស់នាង ត្រៀមប្រកួតប្រជែងនៅក្នុងកម្មវិធី លំដាប់ពិភពលោក «The Voice Cambodia» សប្ដាហ៍នេះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload