អ្នកជំនាញ​៖ គ្រោះរាំងស្ងួត​ថ្មីៗ​នេះ​ជា​មេរៀន​សម្រាប់​ត្រៀម​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ និពន្ធដោយ : ហ៊ាន សុជាតា VOA       27-05-2016, 8:59 am         60

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377អ្នកជំនាញ​៖ គ្រោះរាំងស្ងួត​ថ្មីៗ​នេះ​ជា​មេរៀន​សម្រាប់​ត្រៀម​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​​ភ្នំពេញ​៖ ក្រោយ​ពិធី​ច្រត់ព្រះនង្គ័ល​កាលពី​ថ្ងៃ​ពុធ ក្រុម​អ្នកជំនាញ​កសិកម្ម​ក្រើនរំឭក​ឲ្យ​ប្រជាកសិករ​យកចិត្តទុកដាក់​ក្នុងការ​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ខាងមុខ ចៀសវាង​ត្រូវ​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ដូច​ឆ្នាំមុន​ទៀត​។ សេចក្តីអំពាវនាវ​នេះ​ធ្វើឡើង​ស្របពេល​ប្រជាកសិករ​កម្ពុជា​បង្ហាញ​ការ​សាទរ​ចំពោះ​ភ្លៀង​ធ្លាក់​នា​ដើមរដូវ​វស្សា​។​

​ពេលដែល​ប្រជាកសិករ​កម្ពុជា​ដែល​រស់​នៅតាម​បណ្តា​ខេត្ត បង្ហាញ​ក្តី​រីករាយ​ចំពោះ​ការធ្លាក់​ភ្លៀង​នា​ដើមរដូវ​វស្សា ក្រុម​អ្នកជំនាញ​កសិកម្ម​ក្រើនរំឭក​ឲ្យ​ប្រជាកសិករ​កម្ពុជា​ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ចំពោះ​បម្រែបម្រួល​ធាតុអាកាស​។​

​សេចក្តីអំពាវនាវ​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយ​ការ​ប្រារព្ធ​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដែលជា​ពិធី​បែប​ជំនឿ​ប្រពៃណី ហើយ​ដែល​បាន​ញ្ជា​ក់ថា ប្រជាកសិករ​កម្ពុជា​នឹង​ចាប់ផ្តើម​ការបង្កបង្កើន​ផល​ទូទាំងប្រទេស​។​

​លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងប្រាប់ VOA នា​ថ្ងៃ​ពុធ ថា ប្រផ្នូល​ល្អ ចេញពី​ពិធី​ច្រត់ព្រះនង្គ័ល  គឺជា​ការលើកទឹកចិត្ត​មួយ​សម្រាប់​ប្រជាកសិករ​កម្ពុជា បើទោះជា​កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹង​បាតុភូតធម្មជាតិ​រាំងស្ងួត​ខ្លាំង​ដែល​កើតឡើង​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​យ៉ាងណាក្តី​។ លោក​ថា ប្រជាកសិករ​កម្ពុជា​ពេលនេះ កំពុង​ចាប់ផ្តើម​មមាញឹក​ក្នុងការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​របស់​ពួកគេ​។​

​ទន្ទឹមនឹង​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ​កម្ពុជា​ឲ្យ​រួសរាន់​ចាប់ផ្តើម​ការដាំដុះ​ឲ្យ​ទាន់​ទឹកភ្លៀង​ធ្លាក់​នោះ  លោក ឡោ រស្មី ក៏បាន​ទទូច​ឲ្យ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់ រក​មធ្យោបាយ​ដើម្បី​រក្សា​ទឹក​ទុក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅរួច រាប់ទាំង​ការជីក​ស្រះ និង​ការសង់​អាងទឹក ដើម្បី​ទុក​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នាពេលខាងមុខ​។​

​លោក ឡោ រស្មី បាន​ថ្លែងប្រាប់ VOA ថា​៖ «​អីចឹង​កិច្ចការ​នេះ ក៏​យើង​មាន​កិច្ច​ការណែនាំ​អស់ហើយ​ដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រៅពី​ការងារ​បង្កបង្កើនផល យើង​ត្រូវ​ប្រមូលផ្តុំ​ទឹក​ទុក ដើម្បី​ចៀសវាង​ការខ្វះខាត​ទឹក ជាយថាហេតុ​ដូច​កាលពី​ឆ្នាំ​កន្លង​។ អីចឹង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវ​គិតគូរ​ពិចារណា​ស្តុក​ទឹក​ទុក កុំ​ឲ្យ​មានការ​ខ្វះខាត ព្រោះ​ទឹក​សំខាន់​ណាស់​។ ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ​»​។​

​ប្រជាកសិករ​កម្ពុជា​ដែល​រស់​នៅតាម​បណ្តា​ខេត្ត បានបង្ហាញ​ក្តី​រីករាយ​ប្រាប់ VOA ចំពោះ​ការធ្លាក់​ភ្លៀង​នាពេល​ចុង​ក្រោយនេះ បន្ទាប់ពី​ពួកគេ​រស់នៅ​ក្រោម​ភាពរាំងស្ងួត​ជាច្រើន​ខែ​។​

​លោកស្រី ស្រ៊ុន ស្រី​ពៅ វ័យ​៤៤​ឆ្នាំ ដែលជា​កសិករ​មួយរូប​ក្នុង​ខេត្តកំពង់ឆ្នាំង សាទរ​ចំពោះ​ភ្លៀង​ធ្លាក់​នៅក្នុង​ខេត្ត​របស់​លោកស្រី ហើយ​នាពេលនេះ​ប្រជាកសិករ​ក្នុងភូមិ​របស់​អ្នកស្រី ចាប់ផ្តើម​ធ្វើស្រែ​ចម្ការ​ហើយ​។​

​លោកស្រី ស្រ៊ុន ស្រី​ពៅ ថ្លែងប្រាប់ VOA ថា​៖ «​ភ្លៀង​! ភ្លៀង​សុទ្ធតែ​មេ​ធំៗ​ទៀត ទឹក​ប្រើ​ល្ហាចល្ហឹម​ពេញមុខ​ផ្ទះ​។ សប្បាយចិត្ត​មែនទែន ដោយសារ​ទី​១​បាន​ដី​ក៏​ត្រជាក់ ហើយ​ប្រជាជន​ក៏បាន​ភ្ជួរស្រែ បាន​សាប​បាន​អី​ល្អ​»​។​

​រីឯ​កសិករ​មួយរូប​ទៀត​ក្នុង​ខេត្តពោធិ៍សាត់ គឺ លោកស្រី ឡៅ ចាន់​រ៉េត វ័យ​៦១​ឆ្នាំ ក៏បាន​បង្ហាញ​ភាព​ត្រេកអរ​ចំពោះ​ភ្លៀង​ធ្លាក់​ក្នុង​ខេត្ត​លោកស្រី​ដែរ បើទោះជា​លោកស្រី​បញ្ជាក់ថា ចំនួន​ទឹកភ្លៀង​ធ្លាក់​ក្នុង​ខេត្ត​របស់​លោកស្រី​នៅមាន​តិចតួច​មិនទាន់​គ្រប់គ្រាន់​ចំពោះ​ការធ្វើ​ដំណាំ​ស្រូវ​នៅឡើយ​ក៏ដោយ​។​

​លោកស្រី ឡៅ ចាន់​រ៉េត ថ្លែងប្រាប់ VOA ថា​៖ «​ប្រភពទឹក​យើង​អត់​មានទឹក រីង​អស់​។ ចឹ​ង​មានតែ​រង់ចាំ​ធម្មជាតិ​។ ភ្លៀង វា​មិន​មក​ច្រើន​ទេ​។ ហើយ​មាន​ខ្យល់​ច្រើន មាន​រន្ទះ​។ តែ​ភ្លៀង​មិន​ចំ​តែមួយ​កន្លែង​ទេ នៅ​នេះ​តិច នៅ​នោះ​តិច​។ ភ្លៀង​នេះ​ដាំ​បានតែ​ដំឡូង​ទេ រឿង​ស្រូវ​អត់​ទាន់​ធ្វើ​អី​កើត​ទេ គ្រាន់តែ​ភ្ជួរ​ដី​ចោល​។ ភ្លៀង​បានត្រឹមតែ​មួយ​សើម​»​។​

​លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក (CDAC) កត់សម្គាល់​ឃើញថា ភ្លៀង​ធ្លាក់​ចំពេល​ដើមរដូវ​វស្សា និង​ធ្លាក់​ស្ទើ​គ្រប់​ខេត្ត​ក្រុង​នេះ ជាការ​ប្រសើរ​មួយ ដែល​អនុញ្ញាត​ឲ្យ​ប្រជាកសិករ​អាច​ចាប់ផ្តើម​ធ្វើស្រែ​រដូវវស្សា​បាន​។ ក៏ប៉ុន្តែ លោក សម វិទូ ក៏បាន​ទទូច​ឲ្យ​ប្រជាកសិករ​ត្រៀមខ្លួន ចំពោះ​បាតុភូតធម្មជាតិ​ដែល​នឹង​អាច​កើតឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។

​លោក​ពន្យល់​ប្រាប់ VOA ថា មាន​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​កសិករ​គប្បី​យកចិត្ត​ទុកដាក់​ដើម្បី​ការពារ​បាតុភូតធម្មជាតិ​ទាំងនោះ យ៉ាង​ដូច្នេះ​៖ «​ទី​១ ពួកគាត់​គួរតែ​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​[​ស្រូវ​]​ឲ្យ​ល្អ​ដើម្បី​កុំ​ឲ្យ​វា​បាត់បង់​ជីវជាតិ​។ ទី​២​ឲ្យ​គាត់​រៀប​ដី​ឲ្យ​ស្មើ រៀបចំ​ដីស្រែ​ឲ្យ​ល្អ ដើម្បី​ឲ្យ​ងាយស្រួល​ក្នុងការ​ស្ទូង ក្នុង​ការដាំដុះ​។ ទី​៣ ទាក់ទង​នឹង​ការគ្រប់គ្រង​ទឹក រៀបចំ​ជីក​ស្រះ ឬក៏​ធ្វើ​ប្រឡាយ​ក្នុង​ស្រែ​។ ទី​៤ គឺ​ធ្វើយ៉ាងណា​ឲ្យ​គាត់​ត្រៀម​ជីធម្មជាតិ​ឲ្យ​បាន​គ្រប់គ្រាន់​»​។

​បើទោះជា លោក សម វិទូ ទទួលស្គាល់ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ប្រជាកសិករ​កម្ពុជា​មានកា​រ​ត្រៀមខ្លួន​ប្រសើរ​ជាង​មុន​យ៉ាងណាក្តី ក៏​លោ​កនៅ​មើលឃើញ​បញ្ហា​ប្រឈម​ខ្លះ​ដែល​នៅតែ​កើតមាន​ក្នុង​វិស័យ​កសិកម្ម​ដែរ ជាអាទិ​មាន​បញ្ហា​គ្រប់គ្រង​ទឹក ទុន​សម្រាប់​កសិករ​ក្នុងការ​វិនិយោគ​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ និង​បញ្ហា​ទីផ្សារ​ដែល​មិនទាន់មាន​ការធានា​តម្លៃ​សមរម្យ​ជូន​កសិករ​៕