សិប្ប​កម្ម​ផលិត​ស្ក​រត្នោត​ប្រពៃណី​ដូនតា​ខ្មែរ​ ទាក់​ទាញ​ភ្នែកទេសចរណ៍

សៀមរាប: ស្ថិតនៅតាមបណ្ដោយដងវិថីទេសចរណ៍ពីម្ដុំនំបញ្ចុកឆ្ងាញ់ព្រះដាក់ឆ្ពោះទៅកាន់ប្រាសាទបន្ទាយស្រី ប្រជាពលរដ្ឋដែលអាស្រ័យផលលើសិប្បកម្មផលិតស្ករត្នោតនៅតែរក្សាវិធីសាស្ដ្របុរាណរបស់ខ្លួនដើម្បីបង្ហាញជាទស្សនីយភាពទាក់ទាញភ្នែកភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិឲ្យឆៀងចូលភ្លក្សរសជាតិត្នោតខ្មែរ និងទិញយកទៅទទួលទានដោយមិនបារម្ភពីបញ្ហាសុខភាព។

ចាប់ពីម៉ោង ៨ ព្រឹក ចង្ក្រានដីអែបរបងផ្ទះផ្ដើមបញ្ឆេះភ្លើងអុសឆេះក្ដៅរឹមៗដុតកម្ដៅទឹកត្នោតដ៏ផ្អែមឈ្ងុយឲ្យរីងហួតបន្ដិចម្ដងៗ ហាក់កំពុងតែរង់ចាំដំណើរភ្ញៀវជាតិ និងបរទេសដែលបរឆ្លងកាត់ទៅកាន់គោលដៅឯប្រាសាទបន្ទាយស្រី និងភ្នំគូលែន។

កំពុងរុញភ្លើងអុសដុតរម្ងាស់ទឹកត្នោតនៅមុខផ្ទះអមដោយការតាំងបង្ហាញស្ករត្នោតច្រកស្រាក់ និងទឹកត្នោតផ្អែមទើបដាក់ពីបង្គងក្លាស្សេត្រជាក់ស្រឹប ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លោក ឡូ ជាអ្នកឡើងត្នោតវ័យ ៤៥ ឆ្នាំ បានប្រកបរបរផលិតស្ករត្នោតនេះជាច្រើនឆ្នាំដោយរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរផង និងលក់ផលិតផលគ្មានសារធាតុគីមីជូនភ្ញៀវបានភ្លក្សផងដែរ។

ប្ដីប្រពន្ធអ្នកឃុំព្រះដាក់នៅបន្ដផលិតស្ករត្នោតបែបប្រពៃណី

លោកបាននិយាយថា៖ «ជារៀងរាល់ថ្ងៃ ពិសេស ថ្ងៃបុណ្យ និងថ្ងៃចុងសប្ដាហ៍ ភ្ញៀវទេសចរជាច្រើនធ្វើដំណើរឆ្លងកាត់ទីនេះទៅប្រាសាទបន្ទាយស្រី។ ដោយមានចំណាប់អារម្មណ៍នឹងការផលិតស្ករត្នោតតាមបែបបុរាណ ទេសចរជាច្រើនតែងតែឆៀងចូលទស្សនា និងភ្លក្សរសជាតិស្ករត្នោត ទឹកត្នោតផ្អែមយើង»។

លោកបានបន្ដថា៖ «ភ្ញៀវខ្លះក៏ទិញស្ករត្នោតនេះសម្រាប់ប្រើប្រាស់ជាគ្រឿងស្លស្លុក ឬទុកជាអនុស្សាវរីយ៍ ដោយសារតែយើងមានការវេចខ្ចប់ស្លឹកត្នោតស្អាត ហើយភ្ញៀវខ្លះទៀតគ្រាន់តែចង់ឃើញនិងចង់ស្គាល់រសជាតិរបស់វាប៉ុណ្ណោះ»។

បើទោះបីជាភ្ញៀវទេសចរចេញចូលមើលការផលិតស្ករត្នោតរបស់លោកជាហូរហែដោយមិនបានទិញផលិតផលទាំងនោះអ្វីក៏ដោយ ក៏លោក និងភរិយា ព្រមទាំងកូនស្រីនៅតែញញឹមរីករាយ និងស្វាគមន៍ភ្ញៀវអញ្ជើញមកទស្សនាជាថ្មីទៀត ក្នុងន័យចង់ឲ្យពួកគេបានឃើញពីស្នាដៃខ្មែរ។

អ្នកស្រី ប៉ិ និងកូនស្រី រៀបចំច្រូចស្ករទន់ៗចូលកន្ទោង

អង្គុយច្រូចស្ករចូលកន្ទោងស្លឹកត្នោតបណ្ដើរ និងនិយាយរៀបរាប់បណ្ដើរ អ្នកស្រី ប៉ិ អាយុ ៤១ ឆ្នាំបានប្រាប់ថា៖ «មិនអីទេក្មួយ! យើងនៅតែចង់ឲ្យពួកគេបានឃើញពីការផលិតស្ករត្នោតរបស់យើងតាមវិធីធម្មជាតិ។ ពួកគេចាប់អារម្មណ៍ណាស់។ ប៉ុន្ដែបើពួកគេមិនជួយទិញក៏មិនអីដែរ»។

ចំពោះការផលិតស្ករត្នោតនេះ លោក ឡូ បានឲ្យដឹងថា ក្នុងមួយថ្ងៃ លោកឡើងត្នោតចំនួនពីរដង និងធ្វើការរម្ងាស់ពីរដងដែរ គឺពេលព្រឹក និងពេលល្ងាច ជាវេលាដែលភ្ញៀវធ្វើដំណើរឆ្លងកាត់ច្រើន។ក្នុងបរិមាណទឹកប្រមាណ ៣០ លីត្រ លោកត្រូវរម្ងាស់យ៉ាងតិច ៣ ម៉ោងក្រោមកម្ដៅភ្លើងខ្លាំង រួចលើកចុះពីលើភ្លើងបន្ដកូរប្រហែលជា ១០ នាទីទៀតរហូតដល់ស្ករផ្ដើមស្ងួតទឹកខាប់ៗ។

ក្រោយពីស្ករឡើងខាប់ល្មមហើយ ទាំងលោក និងភរិយា ព្រមទាំងកូនស្រីរួសរាន់ដងចាក់ដាក់ក្នុងកន្ទោងតូចៗប៉ុនរង្វង់ចិញ្ចៀនយ៉ាងស្ទាត់ជំនាញ។មិនយូរប៉ុន្មាន ស្ករចាប់ផ្ដើមកករឹង ពួកគេក៏ឆ្កឹះវាចេញ ខ្ចប់ដាក់កន្ទោងចងស្រាក់ជាការស្រេច។ បន្ថែមដោយសម្ដីរដឺនៗផងនោះ អ្នកស្រី ប៉ិ បានប្រាប់ថា ស្ករត្នោត ឬស្ករផែនដែលមិនទាន់រៀបដាក់ស្រាក់ស្លឹកត្នោតមានតម្លៃ ៦០០០ រៀលក្នុងមួយគីឡូក្រាម៕

ប្រភព៖ whatsupkhmer

  • សិប្ប​កម្ម​ផលិត​ស្ក​រត្នោត​ប្រពៃណី​ដូនតា​ខ្មែរ​ ទាក់​ទាញ​ភ្នែកទេសចរណ៍已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ជីវិតនិងសង្គម
Tags: