ប្រទេស​ឥណ្ឌា​ឡើង​កំ​ដៅ​ដល់​51​អង្សា​សេ

AFP ផ្សាយ​ថា ក្រុង Phalodi  ស្ថិត​នៅ​តំបន់​វាល​ខ្សាច់​ក្នុង​រដ្ឋ Rajastan ប្រទេស​ឥណ្ឌា មាន​សីតុណ្ហភាព​កើន​ខ្ពស់​ដល​៥១​អង្សា​សេ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៦ បំបែក​ឯតទគ្គ​កម្ម​ថ្ងៃ​មាន​អាកាសធាតុ​ក្ដៅ​បំផុត ដែល​បាន​កត់ត្រា​នា​ពេល​កន្លង​ទៅ ខណៈ​នៅ​ទូ​ទាំង​ប្រទេស​នៅ​តែ​ប្រឈម​មុខ​អាកាសធាតុ​ក្ដៅ​ជា​បន្តបន្ទាប់ ។

ស្ថិតិ​អាកាសធាតុ​ក្ដៅ​បំផុត កាលពីមុន​នេះ គឺ​៥០,៦​អង្សា​សេ ដែល​កត់ត្រា​នៅ​ឆ្នាំ​១៩៥៦​។ រលក​កំ​ដៅ​ដែល​គ្របដណ្ដប់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ធ្វើ​ឱ្យ​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០oC អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។ ឥណ្ឌា​រមែង​មានកំ​ដៅ​ខ្ពស់ និង​អាកាសធាតុ​ក្ដៅ​ជា​ប្រចាំ​នៅ​រៀង​រាល់​ឆ្នាំ មុន​ពេល​ឆ្លង​ចូល​រដូវ​ព្យុះ​ភ្លៀង ប៉ុន្តែ​សីតុណ្ហភាព​ដែល​ឡើង​ខ្ពស់​ដល់​៥០oC អាច​គ្រោះថ្នាក់​ដល់​សុខភាព​បែប​នេះ ចាត់​ទុក​ថា​ខុស​ប្រក្រតី ។

លោក​ប៊ី​ភី យ៉ា​ដាវ មន្ត្រី​ពី​នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា បាន​បញ្ជាក់​ប្រាប់​AFP ថា កាលពី​ថ្ងៃ​ទី​១៩ ឧសភា គឺជា​ថ្ងៃ​អាកាសធាតុ​ក្ដៅ​ជា​ប្រវត្តិសាស្ត្រ ដោយ​សីតុណ្ហភាព​ឡើង​ខ្ពស់​ដល់​៥១oC នៅ​ក្នុង​ទីក្រុង Phalodi ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ នាយកដ្ឋាន​នោះ ក៏​បាន​ប្រកាស​អាសន្ន​ដល់​ពលរដ្ឋ​ត្រូវ​ត្រៀម​ទប់ទល់​នឹង «​រលក​កំ​ដៅ​»  ដ៏​អាក្រក់​ដែល​គ្របដណ្ដប់​នៅ​បរិវេណ​ក្នុង​រដ្ឋ​ភាគ​ខាងជើង និង​ខាងលិច​ប្រទេស​ឥណ្ឌា ក្នុងអំឡុងពេល​ពេញ​មួ​យស​ប្ដា​ហ៍​នេះ ។

អាជ្ញាធរ​ឥណ្ឌា​ប្រកាស​រំលឹក​ពីរ​លក​កំ​ដៅ​នៅ​ពេល​សីតុណ្ហភាព​ឡើង​ខ្ពស់​ក្នុង​កម្រិត​៤៥oC ឬ​កើន​លើស​៥​អង្សា​សេ បើ​ប្រៀបធៀប​ទៅ​នឹង​សីតុណ្ហភាព​មធ្យម​ក្នុង​ឆ្នាំ​មុន នៅ​តំបន់​ដូច​គ្នា ហើយ​រលក​កំ​ដៅ​ក្នុងឆ្នាំនេះ​បាន​សម្លាប់​ពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ក្នុង​រដ្ឋ Telangama និង​រដ្ឋ ឧត្ដរ​ប្រទេស  ៕