តួ​ព្រះ​នាង​ចៀ​ហ្វៃ លេប​ពាក្យ​មិន​យកប្ដី​មួយ​ជីវិត

 Ruby Lin តួ​ព្រះ​នាង​ចៀ​ហ្វៃ ក្នុង​រឿង «​ព្រះ​នាង​យេ​យេ​» ទីបំផុត​រក​ឃើញ​ម្ចាស់​បេះដូង​ហើយ​ក្រោយ​ពី​តារា​ស្រី​វ័យ​៤០​ឆ្នាំ​រូប​នេះ​ធ្លាប់​ប្រកាស​ថា មិន​យកប្តី​អស់​មួយ​ជីវិត ។ បុរស​ដែល​យក​បេះដូង​របស់ Ruby Lin បាន គឺជា​តួ​ប្រុស​ក្នុង​រឿង «​និស្ស័យ​ស្នេហ៍​ដាវ​ទេព​» លោក Wallace Huo វ័យ​៣៦​ឆ្នាំ​ក្រោយ​ពី​រាប់អាន​នាង​ក្នុង​នាម​ជា​មិត្ត​ភ​ក្កិ​រយៈពេល​១០​ឆ្នាំ​កន្លង​មក ។

បណ្តា​អ្នកគាំទ្រ​របស់ Ruby Lin និង​Wallac Huo រំភើបចិត្ត​ក្រៃ​លែង​នៅ​ពេល​ឃើញ​មិត្តភាព​យូរ​ឆ្នាំ​ប្រែ​ក្លាយជា គូស្នេហ៍​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ប្រកាស​ចំណង​ស្នេហ៍​នេះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​គូស្នេហ៍​នេះ​នឹង​រៀប​ការ​នា​ឆ្នាំ​ក្រោយ​នៅ​តៃវ៉ាន់  ។

នៅ​ពេល​ត្រូវ​សារព័ត៌មាន​សាកសួរ​ពី​រឿង​រៀប​ការ​នាង Ruby Lin មិន​បាន​និយាយ​អ្វី​ច្រើន​ក្រៅពី​តប​ថា «​នាង​ខ្ញុំ​នឹង​ផ្តល់​ព័ត៌មាន​ល្អ​ៗ​បើសិនជា​វា​នឹង​កើតឡើង​» ។ ក្រៅពី​នេះ Ruby Lin បាន​ស្នើ​ដល់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងឡាយ​មិន​ឱ្យ​ផ្ដោត​លើ​រឿង​ពួក​គេ​ជា​គូស្នេហ៍​ទេ ។

អ្នកចាត់ការ​ទូទៅ​របស់​នាង Ruby Lin និយាយ​ថា ទាំង Ruby Lin និង Wallace Huo មិន​ចូល​ចិត្ត​ទម្លាយ​រឿង​ផ្ទាល់ខ្លួន​ច្រើន​ប៉ុន្មាន​ទេ ហើយ​បើសិនជា​ពួក​គេ​រៀប​ការ​មែន​នោះ​ពិធី​ធ្វើ​ឡើង​សាមញ្ញ​បំផុត ៕