ឥណ្ឌូណេស៊ី​បង្កើត​ច្បាប់​ថ្មី សម្រាប់​កាត់ទោស​ប្រហារ​ជីវិត​ឧក្រិដ្ឋជន​រំលោភ​កុមារ

ជនប្រព្រឹត្តអំពើហិង្សាផ្លូវភេទទៅលើកុមារ នឹងត្រូវប្រឈមនឹងទោសប្រហារជីវិត នៅឥណ្ឌូណេស៊ី។ នេះបើតាមក្រិត្យថ្មី ចុះហត្ថលេខា កាលពីថ្ងៃពុធម្សិលមិញ ដោយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ហ្សូកូ វីដូដូ។ ចំណាត់ការក្តៅរបស់រដ្ឋាភិបាលធ្វើឡើង បន្ទាប់ពីករណីរំលោភ និងសម្លាប់កុមារីម្នាក់ នៅកោះស៊ូម៉ាត្រា បានបង្កឲ្យកំហឹង និងចលនាប្រឆាំងតវ៉ាខ្លាំង នៅឥណ្ឌូណេស៊ី។

ឥណ្ឌូណេស៊ី​បង្កើត​ច្បាប់​ថ្មី សម្រាប់​កាត់ទោស​ប្រហារ​ជីវិត​ឧក្រិដ្ឋជន​រំលោភ​កុមារ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោកJoko Widodo (អាវស) ឈរអមដោយរដ្ឋមន្រ្តីការបរទេស និងមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ីល្បីខាងអនុវត្តទោសប្រហារជីវិតទៅលើអ្នកជួញដូរ គ្រឿងញៀន នៅថ្ងៃពុធម្សិលមិញ បានបញ្ចេញច្បាប់ថ្មីមួយទៀត ដើម្បីកាត់ទោសប្រហារជីវិតឧក្រិដ្ឋជនដែលរំលោភផ្លូវភេទទៅលើកុមារ។

សម្រាប់ប្រធានាធិបតីឥណ្ឌូណេស៊ី លោកហ្សូកូ វីដូដូ ដែលបានចុះហត្ថេលខាលើក្រិត្យ កាលពីថ្ងៃពុធម្សិលមិញ ការរំលោភផ្លូវភេទទៅលើកុមារ គឺជាបទឧក្រិដ្ឋ ដ៏ធ្ងន់ធ្ងរមួយ ដែលគេមិនអាចអត់ឱនឲ្យបាន។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានរឹតបន្តឹងច្បាប់ថ្មី ប្រឆាំងនឹងឧក្រិដ្ឋកម្មរំលោភផ្លូវភេទទៅលើកុមារ ដើម្បីឆ្លើយតបទៅនឹងរលកតវ៉ារបស់ប្រជាជនឥណ្ឌូណេស៊ី ដែលមិនពេញចិត្តលើការសម្រេចរបស់តុលាការ នៅលើសំណុំរឿង រំលោភ និងសម្លាប់កុមារីម្នាក់ នៅខេត្តស៊ូម៉ាត្រា។

កាលពីខែមេសា កុមារីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានក្រុមជនពាល រំលោភ និងសម្លាប់ មុននឹងបោះចោលសាកសពទៅក្នុងព្រៃ នៅកោះស៊ូមាត្រា។ ករណីនេះបានជំរុញឲ្យមានការជជែក យ៉ាងពុះពោរ ពីអំពើហិង្សាផ្លូវភេទទៅលើកុមារ ដែលគេសង្កេតឃើញថា កំពុងកើនឡើង ខ្លាំង នៅឥណ្ឌូណេស៊ី។

តាមច្បាប់ថ្មី ទោសប្រហារជីវិតនឹងត្រូវអនុវត្តទៅលើឧក្រិដ្ឋជនដែលបានរំលោភ និងសម្លាប់ ឬបង្ករបួសស្នាមធ្ងន់ធ្ងរ ទៅលើលើរាងកាយ និងបញ្ញាញាណរបស់កុមារ។ ចំណែកឧក្រិដ្ឋជនដែលល្មើស ម្តងហើយ ម្តងទៀត ប្រព្រឹត្តអំពើហិង្សាផ្លូវភេទ ទៅលើកុមារនឹងត្រូវគេក្រៀវ។ ក្រិត្យថ្មីមានដាក់បញ្ចូលផងដែរ ការបំពាក់ខ្សែអេឡិចត្រូនិក នៅលើដៃ ឬជើង របស់ជនរំលោភផ្លូវភេទលើកុមារ ដែលទើបចេញពីគុក។ ច្បាប់ថ្មីតឹងតែងជាងច្បាប់ចាស់ ដែលគ្រាន់តែចែងពីទោសជាប់ ពន្ធនាគារ យ៉ាងច្រើនបំផុត ១៤ឆ្នាំ ទៅលើជនដែលប្រព្រឹត្តបទល្មើសរំលោភផ្លូវភេទ។

ក្រិត្យថ្មី របស់រដ្ឋាភិបាលត្រូវចូលជាធរមានភ្លាមៗ នៅក្រោយការចុះហត្ថលេខារបស់ប្រមុខរដ្ឋាភិបាល ប៉ុន្តែ សភាឥណ្ឌូណេស៊ីក៏នៅតែមានសិទ្ធិអាចធ្វើវិសោធនកម្ម ឬបោះឆ្នោតប្រឆាំង។ យ៉ាងណាក៏ដោយ ច្បាប់ថ្មីរបស់រដ្ឋាភិបាលបានទទួលការគាំទ្រច្រើន ពីសាធារណជន និងអ្នកនយោបាយឥណ្ឌូណេស៊ី។ សម្រាប់សមាជិកសភា មកពីគណបក្សអ៊ីស្លាមនិយម វិធានការចាប់ក្រៀវនឹងធ្វើឲ្យជនល្មើសខ្លាចរអា គ្មានគំនិតចង់រំលោភបំពានផ្លូវភេទទៅលើកុមារ។ ប៉ុន្តែ ទាំងសកម្មជន និងអង្គការការពារសិទ្ធិមនុស្សមួយចំនួនមិនសូវយល់ស្របប៉ុន្មាននឹងរដ្ឋាភិបាល ដែលពួកគេចាត់ទុកថា មិនបានយល់ច្បាស់ពីស្ថានភាពជាក់ស្តែង។ សម្រាប់ក្រុមសកម្មជនការពារសិទ្ធិមនុស្ស ទោសប្រហារជីវិតនឹងមិនមែនជាដំណោះស្រាយពិតប្រាកដ ព្រោះវាមិនអាចទប់ស្កាត់ដោយប្រសិទ្ធិភាព ការរំលោភបំពានផ្លូវភេទទៅលើកុមារនោះទេ៕

ប្រភពៈ RFI