ប្រទេស​ចិន​ជំរុញ​ឲ្យ​មេដឹកនាំ G7 ដក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ចេញ​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់​ខ្លួន

ប្រទេសចិនបានព្រមានដល់ក្រុមមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ជាងគេនៅក្នុងពិភពលោកទាំង៧ ឬហៅថា (G7) អំពីការពិភាក្សានានានៅកិច្ចប្រជុំកំពូល ដែលអាចធ្វើឲ្យស្ថានភាពនៅសមុទ្រចិនខាងត្បូងកាន់តែតានតឹងជាងមុន។ ជម្លោះនៅដែនសមុទ្រគឺជាបញ្ហាក្តៅគគុកមួយ ដែលធ្វើឲ្យគេរំពឹងថា មេដឹកនាំនៃប្រទេសទាំង៧នឹងពិភាក្សាអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅក្នុងទីក្រុង តូក្យូ ក្នុងសប្តាហ៍នេះ។

ប្រទេស​ចិន​ជំរុញ​ឲ្យ​មេដឹកនាំ G7 ដក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ចេញ​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់​ខ្លួន

មេដឹកនាំពិភពលោកស្ថិតនៅក្នុងកិច្ចប្រជុំការងារវគ្គទី២នៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំពិភពលោកនៃប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងបំផុតទាំង៧ (G7) នៅក្នុងក្រុង Ise Shima ប្រទេសជប៉ុន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

ដោយថ្លែងសុន្ទរកថានៅពេលបើកកិច្ចប្រជុំ G-7 នៅក្នុងប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា មេដឹកនាំ G-7 មានបំណងនឹងលើកយកបញ្ហានៅសមុទ្រចិនខាងត្បូងមកពិភាក្សាជាមួយនឹងបញ្ហាអន្តរជាតិដទៃទៀតនៅក្នុងថ្ងៃនេះ។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងចាប់ផ្តើមពិភាក្សាអំពីបញ្ហាសន្តិសុខគន្លឹះមួយចំនួន ដែលសំខាន់សម្រាប់យើងទាំងអស់គ្នា គឺបញ្ហានៅសមុទ្រចិនខាងត្បូង និងសន្តិសុខដែនសមុទ្រ»។

កាលពីខែមុន រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកកិច្ចប្រជុំ G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិសុខដែនសមុទ្រនៅពេលចុងបូកសរុបលទ្ធផលនៃកិច្ចប្រជុំរបស់ពួកគេ ដោយបានលើកឡើងអំពីស្ថានភាពនៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង។

ថ្វីត្បិតតែសេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់ឲ្យច្បាស់ថាជាប្រទេសចិន និងបានអំពាវនាវឲ្យបណ្តាប្រទេសទាំងអស់បញ្ឈប់ការសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូងក៏ពិតមែន ក៏រដ្ឋាភិបាលក្រុងប៉េកាំងបានមានប្រតិកម្មយ៉ាងខ្លាំង ដោយបានចោទប្រកាន់ក្រុម G-7 នេះ ថាកាន់ជើងភាគីម្ខាងៗ៕

ប្រភពៈ VOA