អតីតស្រីស្អាតប្រចាំរដ្ឋ ព្រោះតែចង់គេចសាលា បានក្លែងលិខិតពេទ្យ

សហរដ្ឋអាមេរិក៖ អតីតស្រីស្អាតប្រចាំរដ្ឋ វ័យ១៧ឆ្នាំម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីនាង បានក្លែងបន្លំលិខិតពេទ្យ ដែលការធ្វើដូច្នេះ អាចឲ្យនាងគេចសាលា មិនបាច់ចូលរៀនបាន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីដែលក្លែងលិខិតពេទ្យ ព្រោះតែចង់ គេចសាលា រូបនោះ មានឈ្មោះថា Madison Cox គឺជាអតីតស្រីស្អាតប្រចាំរដ្ឋ «Miss South Carolina Teen International» និងជាសិស្សស្រី នៅឯសាលា «Byrnes High School» ស្ថិតក្នុងទីក្រុង Duncan ដែលត្រូវបាន ប៉ូលិសឃាត់ខ្លួន និងចោទប្រកាន់ ពីបទក្លែងបន្លំ បន្ទាប់ពីនាងបាន ក្លែងបន្លំលិខិត ពីគ្លីនិកមួយកន្លែង ឈ្មោះ «Parris Family Chiropractic» ស្ថិតក្នុងទីក្រុង Duncan រដ្ឋ Oklahoma សហរដ្ឋអាមេរិក។

បើតាមសម្តីប៉ូលិស បានប្រាប់ឲ្យដឹងថា នាង Madison បានលួចយកលិខិតពេទ្យ យកមកធ្វើការសរសេរ បន្ទាប់មកក៏សរសេរក្លែងបន្លំ ដើម្បីបិទបាំង រឿងអវត្តមាន របស់នាងនៅសាលាតែម្តង។

ទោះបីជាយ៉ាងណា អតីតស្រីស្អាតរូបនេះ បាននិយាយថា នាងមិនមានបំណងអាក្រក់ ណាមួយឡើយ គ្រាន់តែចង់រក្សាអាហារូបករណ៍ ដែលនាងទទួលបានតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា នាង Madison បានជាប់ឈ្មោះ ជាស្រីស្អាតប្រចាំរដ្ឋ «Miss South Carolina Teen International» កាលពីខែមេសា ឆ្នាំ២០១៥ កន្លងទៅនេះ។

យ៉ាងណាមិញ បន្ទាប់ពីនាងត្រូវបានប៉ូលិសឃាត់ខ្លួន នាងបានបង្ហោះសារ នៅលើគណនីបណ្តាញសង្គម Twitter របស់ខ្លួនថា «វាពិតជាការសោកស្តាយណាស់ ដែលខ្ញុំត្រឹមតែជាការកម្សាន្ត នៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នា។ ខ្ញុំទទួលបានមេរៀន ដើម្បីបញ្ឈប់ ការធ្វើដូចកូនក្មេង និងបិទមាត់របស់ខ្ញុំ»៕

ប្រភព ៖
បរទេស

កំណត់ហេតុខ្មែរឡូត

ទាក់ទឹននឹងរឿងអាស្រូវ ស្រីស្អាត ក៏ដួចជា បវរកញ្ញា នេះដែរ កាលពីពេលកន្លងទៅនេះ បវរកញ្ញារុស្ស៊ី វ័យក្មេងម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីនាង ត្រូវមិត្តប្រុស លួងលោម ឲ្យកាន់កញ្ចប់គ្រឿងញៀន ទៅឲ្យអ្នកទិញ ខណៈពួកគេ មិនបានដឹងថា អ្នកទិញនោះ គឺជាប៉ូលិសសំងាត់ឡើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បវរកញ្ញារូបនោះ មានឈ្មោះថា Anastasia Kravtsova អាយុ២៣ឆ្នាំ ត្រូវបានមិត្តប្រុស ដែលជាអ្នកជួញដូរគ្រឿងញៀន លួងលោម ឲ្យកាន់កញ្ចប់គ្រឿងញៀន ទៅឲ្យអ្នកទិញ (ប៉ូលិសសំងាត់) ដោយយកលេសថា ខ្លួនចេញទៅឆ្ងាយ ដើម្បីធ្វើជំនួញ ហើយក៏ត្រូវបាន ប៉ូលិសឃាត់ខ្លួន តែម្តង។

ប្រភពដដែល បានឲ្យដឹងទៀតថា នាង Anastasia Kravtsova ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីនាង បានកាន់កញ្ចប់ គ្រឿងញៀន ប្រភេទអំហ្វេតាមីន (Amphetamine) ទំងន់ ០,៥ក្រាម ទៅឲ្យអ្នកទិញ ដែលជាប៉ូលិសសំងាត់ នៅក្បែរផ្ទះ របស់នាង ក្នុងទីក្រុង Bryansk ប្រទេសរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីស៊ើបអង្កេត យ៉ាងហ្មត់ចត់ មិត្តប្រុសរបស់នាង មានឈ្មោះថា Andrey Sagandykov អាយុ ២៦ឆ្នាំ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន ផងដែរ។

គួរឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០១២ នាង Anastasia Kravtsova គឺជាម្ចាស់ជ័យលាភី ក្នុងការប្រកួត «Miss Bikini» ហើយត្រូវបាន បោះឆ្នោតឲ្យឈ្នះ ក្នុងការប្រកួត «Vice-Miss Bryansk» ក្នុងឆ្នាំ២០១៣ ដោយទទួលបានពានរង្វាន់ «People’s Choice Award» ទៀតផង។ ជាងនេះទៅទៀត នាងក៏ទទួលបាន ជ័យលាភី ក្នុងការប្រកួតបវរកញ្ញា «2014 Miss University» ប្រចាំឆ្នាំ២០១៤ នៅក្នុងទីក្រុង Bryansk ប្រទេសរុស្ស៊ី ផងដែរ។

ចំនែកឯជនឈ្មោះ Andrey Sagandykov រូបនេះ គឺជាអតីតមន្រ្តីប៉ូលិសរុស្ស៊ី SWAT ប៉ុន្តែបានបែកគំនិត មកជួញដូរគ្រឿងញៀនវិញ ដោយសារតែវា ងាយស្រួលរកប្រាក់ ហើយបានលួងលោម និងឲ្យប្រាក់មិត្តស្រី មួយចំនួន ដើម្បីឲ្យនាង ជួយយកទំនិញ ទៅឲ្យអ្នកទិញ។

យ៉ាងណាមិញ ជនឈ្មោះ Andrey Sagandykov ត្រូវបានតុលាការ សម្រេចផ្តន្ទានទោស ឲ្យជាប់គុករយៈពេល ១០ឆ្នាំ ខណៈនាង Anastasia Kravtsova ត្រូវជាប់គុក ៤ឆ្នាំ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload