ប្រពន្ធ​ ប្ដឹង​ប្ដី​ទៅ​តុលាការ​ ទារជំងឺចិត្ត​៤​ម៉ឺន​ដុល្លារ ​ពី​បទ​ប្រើ​ហិង្សា​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​

ប្រពន្ធ​ ប្ដឹង​ប្ដី​ទៅ​តុលាការ​ ទារជំងឺចិត្ត​៤​ម៉ឺន​ដុល្លារ ​ពី​បទ​ប្រើ​ហិង្សា​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​



ប៉ោយប៉ែត​ ៖ ស្ត្រី​រង​គ្រោះ​ម្នាក់​បានសម្រេច​ចិត្ត​ ប្ដឹង​លោក​ប្ដី​កំហូច​ទៅ​តុលាការ​ ដោយ​សុំ​ទាមទារ​សំ​ណង​ចំនួន ​៤​ម៉ឺន​ដុល្លារ​ឯណោះ ពី​បទ​ប្រើ​អំពើ​ហិង្សា និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​ ហើ​យ​រក​យុត្តិធម៌​ជូន​លោកឪពុក​ ដែល​ត្រូវ​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​ជជុះ​មួយ ប្រមាថមើលងាយ​ឪពុក​រប​ស់​ខ្លួន​កន្លង​ទៅ​។​

​នាងរង​គ្រោះ​​ជា​ប្រពន្ធ​នោះ​មាន ​ឈ្មោះ ប៉ាល់ ជានិច្ច អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា នាង​បាន​ប្ដឹង​ប្ដី​ ឈ្មោះ នង សាន់​ដេ អាយុ​២៨​ឆ្នាំ ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ​រួចហើយ​ កាលពី​ថ្ងៃទី២៥ ខែ​ឧស​ភា ឆ្នាំ​២០១៦​នេះ ពី​បទ​ប្រើ​អំពើ​ហិង្សា និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ ស្មើ​នឹង​ទឹក​ប្រា​ក់​២​ម៉ឺន​ដុល្លារ​ឯណោះ។

នាងរង​គ្រោះ​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ កាលណោះ​ស្ថិត​ក្នុង​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ នាង​បាន​សុំ​ប្ដី ទៅលេង​ក្រុង​ប៉ោយប៉ែត ដោយមាន​ការព្រមព្រៀង​គ្នា​ពី​ប្ដី ទើប​នាង​សម្រេចចិត្ត​ទៅ លុះដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល នាង​បាន​ត្រលប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​បាន​លោក​ប្ដី​នេះ ជេរប្រមាថ​មក​លើ​រូប​នាង​ ដូចជា​ហែកសំពត់​អញ្ចឹង ហើយ​បិទទ្វារ​មិន​ឲ្យ​នាង​ចូល​ផ្ទះ​ទៀត​ផង។ នាង​បាន​បន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ​រួច​ ទាំង​រូប​នាង​ ទាំង​ឪពុកម្ដាយ​បងប្អូន បាន​សម្របសម្រួល​បញ្ចប់​រឿង​ តែ​លោក​ប្ដី​នោះ​មិន​ព្រម​ រហូត​ឈាន​ទៅ​ដល់​ការ​វាយ​បំផ្លាញ សំភារៈ​ប្រើប្រាស់​អស់​មួយ​ចំនួន​ធំ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្ដី​របស់​នាង​បាន​ទៅ​លួច​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ ​ដោយ​សុំ​លែង​លះ​គ្នា​ជាមួយ​ប្រពន្ធ​ ហើយ​ថែម​ទាំង​លួច​ដាក់​ទ្រព្យសម្បត្តិ​ដូចជា ​គ្រឿងចក្រ រថយន្ត ម៉ូតូ និង​សំភារៈ​ធំៗ​ជាច្រើន ​ដែល​បាន​រួមគ្នា​កន្លងទៅ ជូន​តុលាការ ​ដើម្បី​យក​ទ្រព្យសម្បត្តិ​ទាំងនោះ​ ផ្ដាច់មុខ​ខ្លួនឯង​តែ​ម្ត​ង។

នាង​រងគ្រោះ​បាន​បន្ត​ទៀត​ថា ដោយមាន​មូលហេតុ​ដូច​ខាង​លើ​នោះ​ហើយ នាង​បាន​យក​គ្រឿងចក្រ​ដែល​នៅ​សេសសល់​ពី​ការខូចខាត ទៅ​ផ្ញើ​នៅ​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​និមិត្ត កាលពី​ថ្ងៃទី​២៧ ​ខែមេសា ​ឆ្នាំ​២០១៦ តាម​ការ​ឯកភាព​របស់​ឪពុក ដែល​មាន​តួនាទី​ជា​ចៅសង្កាត់​និមិត្ត​ផង​ដែរ ព្រោះ​ខ្លាច​លោក​ប្ដី​នោះ​វាយ​បំផ្លាញ​សំភារៈ​ ដែល​នៅ​សេសសល់​តទៅទៀត។ នាង​បាន​បន្ត​ទៀត​ថា ថ្មីៗ​នេះ​មាន​ដីកា​សម្រេច​លើ​ពាក្យ​ ស្នើ​សុំ​មួយ​ច្បាប់​លេខ​៤១៣​ ចុះ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ​របស់​ចៅក្រម ជួន វណ្ណៈ ដែល​បានសម្រេច​ឲ្យ​ ឈ្មោះ នង សាន់​ដេ ជា​ប្ដី យក​គ្រឿងចក្រ​ពី​ប៉ុស្តិ៍​ទៅ​ប្រកប​អាជីវកម្ម​វិញ ក្រោយមក​ក៏​មាន​ការជំទាស់​ពី​លោកឪពុក ដែល​ជា​ចៅសង្កាត់​និមិត្ត ដែល​មាន ​ឈ្មោះ ប៉ាល់ សេដ្ឋា មិន​អនុញ្ញាត​ឲ្យ​យក​គ្រឿងចក្រ ​ចេញពី​ប៉ុស្តិ៍​ប៉ូលិស​ឡើយ បន្ទាប់មក​ក៏​មាន​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក ដែល​គេ​ដឹង​ស្គាល់​ច្បាស់​ថា ជា​ប្ដី​របស់​នាង​បាន​ជួល​ឲ្យ​គេ​សរសេរ​បង្ហោះ ជេរប្រមាថ​រិះគន់​ពេញ​ទំហឹ​ង​ មក​លើ​ឪពុក​របស់​នាង ​ដែល​ជា​ចៅសង្កាត់​នោះ​ថា លោក​ចៅសង្កាត់​ដក​យក​គ្រឿងចក្រ​ពី​កូនប្រ​សា​ ទៅ​ទុក​ក្នុង​ប៉ុស្តិ៍​ ដោយ​គ្មាន​ការ​បង្គាប់បញ្ជា​ពី​តុលាការ​ណា​ឡើយ។ ក្រោយពេល​ចៅក្រម​ចេញ​សេចក្ដីសម្រេច ​ឲ្យ​​ក្រុម​កូនប្រសា​យក​គ្រឿងចក្រ​ទៅវិញ បែរ​ជា​លោក​បដិសេធ។ សង្គម​ហ្វេស​ប៊ុក​នោះ​បាន​បន្ត​ទៀត​ថា តើ​លោក​តុលាការ​បណ្ដោយឲ្យ​ លោក​ចៅសង្កាត់​រូប​នេះ​ធ្វើ​អ្វី​ស្រេច​តែ​ក្បាល​ចិត្ត​ ឬ​យ៉ាងណា?

នាង​បាន​បន្ត​ទៀត​ថា ដោយមាន​បញ្ហា​ដូច​ខាង​លើ​នោះ​ហើយ​ ទើប​នាង​សម្រេចចិត្ត​ប្ដឹង​ប្ដី​រូប​នោះ ទៅ​តុលាការ​ ដើម្បី​រក​យុត្តិធម៌ ​និង​សម្រាប់​ខ្លួនឯង​ផង។​

ដោយឡែក ក៏​មាន​ការរិះគន់​ពី​មហាជន​ជាច្រើន​ មក​លើ​លោក​ចៅក្រម​ថា មិន​គួរ​ណា​លោក​ចេញ​ដី​កា​សម្រេច ប្រគល់​គ្រឿងចក្រ​ទៅ​ឲ្យ​ជន​បង្ក​ ដោយ​តក់ក្រហល់​បែបនេះ​ឡើយ គឺ​គួរតែ​ហៅ​ភាគី​ទាំង​២ ទៅ​ដោះស្រាយ​គ្នា​តាម​នីតិ​វិធី​ច្បាប់​លែង​លះ​គ្នា​ និង​ចែកទ្រព្យ​សម្បត្តិ​គ្នា​ទៅតាម​នីតិ​វិធី​ច្បាប់ ទើប​វា​ត្រឹមត្រូវ មិន​ត្រូវ​ធ្វើ​ប្រថុយ​បែបនេះ​ មក​លើ​ជនរងគ្រោះ​នោះ​ទេ វា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ជន​រងគ្រោះ​ដូចជា ​រូប​នាង។ ក្នុង​នោះ​ដែរ នាង​សំណូមពរ​ដល់​លោក​ព្រះរាជអាជ្ញា ​ជួយ​រក​យុត្តិធម៌ ឲ្យនាង​និង​ឪពុក​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ៕