គួរធ្វើយ៉ាងណា នៅពេលដែល ប្រទះឃើញសត្វពស់ ឬពេលត្រូវពស់ចឹក?

ភាពយន្តហូលីវូដ ចូលចិត្តបង្ហាញថា សត្វពស់ជាប្រភេទសត្វដែលស៊ីសាច់ជាអាហារដ៏កាចសាហាវ ដែលជាការបង្កឲ្យមាន ភាពភ័យខ្លាចដល់មនុស្សគ្រប់ៗរូប។ តែជាក់ស្តែង រឿងពិតរបស់សត្វពស់  វាខ្លាចមនុស្សជាជាង មនុស្សខ្លាចវាទៅទៀត។

អ្វីដែលសំខាន់នោះ ប្រសិនបើអ្នកឃើញពស់ ព្យាយាមនៅស្ងៀមឲ្យបានល្អបំផុត នោះសត្វពស់ នឹងមិនឈ្លានពានមកលើមនុស្សទេ ហើយវាប្រហែលជាកំពុងតែខ្លាចយើង ដូចដែលយើងឃើញវាដែរ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួន ដែលអ្នកអាចប្រើប្រាស់ ដើម្បីដោះស្រាយដោយសុវត្ថិភាព នៅពេលដែលអ្នកជួបសត្វពស់៖

=> នៅខាងក្រៅផ្ទះ

ត្រូវចងចាំថា សត្វពស់នឹងព្យាយាមគេចពីយើងទៅកន្លែងដែលអាចលាក់ខ្លួនវាបាននៅជិតៗនោះ  ដូច្នេះកុំឈរនៅចន្លោះពស់  ឬគុម្ពោតព្រៃឲ្យសោះ។ នៅពេលដែលពស់វាផ្អើល  វានឹងដាក់ក្បាលចុះត្រង់ និងបំប៉ោងខ្លួនវា ដើម្បីឲ្យយើងឃើញថាវាកំពុងតែរងការភ័យខ្លាច។  សត្វពស់វានឹងធ្វើសកម្មភាពការពារខ្លួន  ឬព្យាយាមតបតមកវិញ  នៅពេលដែលវាទាល់ច្រកគ្មានផ្លូវគេច  ដូច្នេះត្រូវទុកទីតាំងឲ្យវាអាចគេចចេញបាន។ ចងចាំថា ពស់បញ្ចេញក្លិនអាក្រក់  និងចឹកដើម្បីការពារខ្លួន ដោយសារវាគ្មានក្រញ៉ាំ  ហើយពស់ដែលមិនមានពិសមួយចំនួន នឹងគ្រវីកន្ទុយរបស់វា នៅពេលដែលមានអារម្មណ៍រងភាពភ័យខ្លាចពីមនុស្ស   នេះអាចស្តាប់ទៅដូចជាពស់កន្ទុយកន្តឹងដែរ   នៅពេលដែលវាគ្រវីនៅលើស្លឹកឈើស្ងូត។

បន្ទាប់ពីកំណត់លក្ខណៈពស់នោះហើយ ឬដឹងថាវាមិនមានពិសទេ អ្វីដែលត្រូវធ្វើល្អបំផុតគឺគ្រាន់តែ “ទុកឲ្យវាចឹងចុះ”។ វានឹងវារចេញទៅដោយឯកឯងមិនខាន។ តែប្រសិនបើអ្នកយល់ថា អ្នកត្រូវតែយកពស់នោះចេញ ពីសួនមុខផ្ទះរបស់អ្នក​ បាញ់ទឹកលើវាតិចៗ ថើៗ ជាមួយនឹងបំពង់ទឹកណាមួយ ដើម្បីឲ្យវាទៅតាមផ្លូវរបស់វា និងរក្សាចម្ងាយឲ្យឆ្ងាយពីវាបន្តិច។ ប្រសិនបើអ្នករកឃើញសត្វពស់ នៅក្នុងអាងទឹករបស់អ្នក អ្នកអាចប្រើស្លឹកឈើណាដែលវែងៗ ​ មកស្រង់វាចេញដោយភាពទន់ភ្លន់, ព្រោះវាអាចនឹងមិនអាចវារចេញបានដោយខ្លួនឯងទេ ប្រសិនបើវាតូច ឬហែលលែងរួច។ ប្រសិនបើពស់មានពិស ឬអ្នកមិនប្រាកដពីអត្តសញ្ញាណរបស់វា ចូរអ្នកថតរូបវាទុក រួចទាក់ទងអ្នកជំនាញភ្លាម កុំព្យាយាមដោះស្រាយដោយខ្លួនឯងអោយសោះ!។ 

=> នៅខាងក្នុងផ្ទះ

ព្យាយាមអោយកូនៗ និងសត្វចិញ្ចឹមរបស់អ្នក នៅអោយឆ្ងាយពីវា ខណៈពេលដែលអ្នកកំពុងតែកំណត់ថាពស់មានពិស  ឬក៏អត់។ ក្នុងកាលៈទេសៈទាល់ច្រកដែលគ្មានអ្នកជំនាញ យើងអាចយកវាចេញ ដោយប្រើកន្ត្រក  ឬធុងសម្រាម ដែលមានគម្រប ជាមួយនឹងអំបោស។ វិធីសាស្ត្រគឺ ដាក់មាត់ធុងទៅខាងពស់នោះ  រួចប្រើអំបោស “ដេញ” វាចូលទៅក្នុងធុងថ្មមៗ។ បន្ទាប់មក ទាញធុងឲ្យបញ្ឈរឡើង, ដាក់ដៃអ្នកនៅឲ្យឆ្ងាយពីមាត់ធុង  ហើយគ្របគម្របភ្លាម។ អ្នកអាចយកវាទៅព្រលែងនៅតំបន់ធម្មជាតិផ្សេងៗ ឬទាក់ទងទៅអ្នកជំនាញ។

ប្រសិនបើអ្នកឃើញសត្វពស់ក្នុងផ្ទះរបស់អ្នក នៅលើធ្នើ ឬបន្ទប់ក្រោមដី អ្នកមិនអាចធ្វើតាមវិធីខាងលើបានទេ។ នៅប្រទេសជឿនលឿន គេមានក្តារអន្ទាក់មានកាវស្អិតដែលដាក់តាមជញ្ជាំង ដើម្បីចាប់ពស់។ គេត្រូវតែពិនិត្យអន្ទាក់ទាំងនោះ ជារៀងរាល់ថ្ងៃ ដើម្បីឲ្យច្បាស់ថាពស់ជាប់មិនងាប់ ទើបមិនជះក្លិនមិនល្អ។ ពស់គ្មានពិសដែលចាប់បានអាចយកទៅលែង នៅតំបន់ធម្មជាតិក្បែរៗនោះ ដោយចាក់ប្រេងបន្លែទៅលើពស់ដែលជាប់កាវនោះ។

ករណីអ្នកឃើញវានៅរោងដាក់ឡាន ដែលមិនអាចចាប់បានដោយធុងសំរាម ឬកាវស្អិតទេ អ្នកគ្រាន់តែបិទទ្វារចូលផ្ទះឲ្យជិត រួចបើកទ្វាររោងឡានចោល ដើម្បីឲ្យវាចេញខ្លួនវា។

ក្នុងករណីអ្នកឃើញមានពស់ពិស នៅក្នុងផ្ទះ ឬជាប់នឹងកាវស្អិត សូមទុកវាចោល រួចទាក់ទងទៅអ្នកជំនាញខាងសត្វព្រៃភ្លាមៗ។

*ប្រសិនបើត្រូវពស់ចឹក*

ប្រសិនបើអ្នកត្រូវបានពស់ចឹក សូមប្រញ៉ាប់ទំនាក់ទំនងរកការសង្គ្រោះបន្ទាន់ និងព្យាយាមនៅឲ្យស្ងៀម កុំស្លន់ស្លោ។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជម្ងឺ (CDC) បានឲ្យដឹងថា ការធ្វើបែបនេះនឹងពន្យឺតការរីករាលដាល នៃពិសរបស់ពស់ដែលមានក្នុងខ្លូនយើង។ បើអាច អ្នកគួរតែអង្គុយចុះ រួចរុំកន្លែងដែលពស់ចឹកដោយបង់រុំស្អាត និងស្ងួត។

សូមព្យាយាមចងចាំ ពណ៌ និងរូបរាងរបស់ពស់។ នេះអាចជួយគ្រូពេទ្យឲ្យដឹងពីរបៀប ដើម្បីព្យាបាលបានរហ័ស។ អ្នកមិនត្រូវប្រើថ្នាំទប់ឈាម,  ព្យាយាមប៊ឺតពិសចេញ, កាត់មុខរបួសដោយកាបិត  និងស្អំទឹកកក នោះទេ។ ជំនឿដែលពេញនិយមទាំងនេះ នឹងនាំឲ្យមានគ្រោះថ្នាក់បាន៕

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរធ្វើយ៉ាងណា នៅពេលដែល ប្រទះឃើញសត្វពស់  ឬពេលត្រូវពស់ចឹក?

គួរធ្វើយ៉ាងណា នៅពេលដែល ប្រទះឃើញសត្វពស់  ឬពេលត្រូវពស់ចឹក?