ដី​គម្រប​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះសីហនុ នៅតែ​ប្រឈម​នឹង​ការទន្ទ្រាន​កាន់កាប់​យ៉ាង​ពេញបន្ទុក

​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដី​បឹង ដី​ឆ្នេរសមុទ្រ និង​ដី​ព្រៃឈើ​របស់​រដ្ឋ បានក្លាយ​ទៅជា​រឿង​ឥតន័យ​ព្រោះ​បច្ចុប្បន្ន​បទល្មើស​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល​ដដែល​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បម្រុង​ទុក​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ឧកញ៉ា មន្ត្រីជាន់ខ្ពស់ ទន្ទ្រាន​កាន់កាប់​ហ៊ុមព័ទ្ធ​របង​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​។

ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​សកម្មភាព​កាប់​ទន្ទ្រាន​ដីព្រៃ​ឈើ​ដែល​រដ្ឋ​បម្រុង​ទុក​នៅ​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយ​ម៉ា​ចូ​វ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​មន្ទីរ​ពាក់ព័ន្ធ ពុំមាន​វិធានការ​ទប់ស្កាត់​ឡើយ​។ បច្ចុប្បន្ន​ដី​គម្រប​ព្រៃ​តំបន់​ខាងលើនេះ ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ព័ទ្ធរបង​ពុះ​ជា​ឡូត៍​ទុក​លក់​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា រាល់​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ គ្រាន់តែ​ជា​រឿង​លេងសើច ព្រោះ​អ្នកមាន​លុយ អ្នកមានអំណាច ឧកញ៉ា មន្ត្រីជាន់ខ្ពស់​មួយចំនួន បាន​ជួល​មនុស្ស​កាប់​រាន​ដី​គម្រប​ព្រៃឈើ​ដែល​រដ្ឋ​បម្រុង​ទុក​កាលពី​ឆ្នាំ​២០០២ ហើយ​សង់ផ្ទះ​តូចៗ​នៅលើ​ដី​នោះ​យ៉ាង​អនាធិបតេយ្យ​បំផុត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​លើកឡើងថា សកម្មភាព​កាប់​គាស់​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ចុង​អូរត្រេះ និង​តំបន់​ពយ​ម៉ា​ចូ​វ អាចមាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​មន្ទីរជំនាញ​មួយចំនួន​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទេនោះ គឺ​ក្រុម​ជនល្មើស​មិន​ហ៊ាន​ប្រព្រឹត្ត​បំពាន​ច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ ព្រោះ​អាច​ត្រូវ​ប្រឈម​នឹង​វិធានការ​ច្បាប់​។ ដូច្នេះ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃ​បម្រុង​ទុក​ក្នុង​ខេត្ត​ព្រះសីហនុ គឺជា​ការបំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​។ ទន្ទឹមនឹងនេះ​ក្រសួងបរិស្ថាន គួរពិនិត្យមើល​ផងដែរ ព្រោះ​បទល្មើស​បំផ្លាញ​ព្រៃ​បម្រុង​ទុក​ក្នុង​ខេត្ត​ព្រះសីហនុ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​៕

imageលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ 499c2019-c487-43cd-b72f-3ba35d1c9626