លើក​សោភ័ណភាព​លំនៅឋាន​ដោយ​ការ​ប្រែក្លាយ​ទីធ្លា​ល្ហល្ហេវ​មកជា​ទីតាំង​មាន​ប្រយោជន៍​

បើជាប្រភេទលំនៅឋានផ្ទះល្វែង ឬវីឡាកូនកាត់មួយចំនួនដែលស្ថិតនៅក្នុងតំបន់បុរីនៃតំបន់ទីប្រជុំជនវាហាក់មិនជាបញ្ហាចោទខ្លាំងនោះទេ ព្រោះថាទីតាំងនៅតំបន់ប្រជុំជនពិតជាមានតម្លៃថ្លៃ ដែលកម្រនឹងមានអ្នកចំណាយលុយច្រើនក្រាស់ក្រែលដើម្បីទិញដីទំហំធំ និងទុកឱ្យនៅទំនេរជុំវិញផ្ទះនោះណាស់ ប៉ុន្តែបើនៅតាមតំបន់ជាយក្រុងវិញ ជឿថាអាចមានច្រើន ពោលគឺស្ទើរតែគ្រប់លំនៅឋានតែម្តង។ បើដូច្នេះតើគួរទុកទីធ្លាដែលនៅសេសសល់ជុំវិញផ្ទះនោះឱ្យនៅទំនេរឥតប្រយោជន៍ដល់ពេលណាទៀត? សូមចាប់ផ្តើមកែប្រែទីវាលទាំងនោះឱ្យមកជាទីតាំងមានប្រយោជន៍ ហើយវាក៏ជាចំណុចមួយដែលអាចចូលរួមលើកស្ទួយសម្រស់ បង្កើនសោភ័ណភាពលំនៅឋានរបស់លោកអ្នកឱ្យកាន់តែមានភាពល្អប្រសើរផងដែរ។ សូមសាកល្បងអនុវត្តតាមការណែនាំដូចខាងក្រោម ដើម្បីទទួលបានភាពស្រស់ស្អាតនៃទីជម្រករបស់លោកអ្នក។

    ទីតាំងដែលទំនេរជុំវិញផ្ទះ  
ភាគច្រើនទីធ្លាដែលលោកអ្នកតែងតែទុកចោលមិនសូវនឹកនាដល់នោះគឺទីទំនេរនៅជុំវិញផ្ទះ។ នៅទីនេះក្រៅពីដាក់ផើងដើមរុក្ខជាតិលម្អ ឬដាំដើមឈើដើម្បីបានម្លប់ អ្នកក៏ចាំបាច់ត្រូវរៀបចំសម្ភារដែលប្រើប្រាស់ឱ្យមានរបៀបរៀបរយល្អដែរ។ លោកអ្នកគួររកតុ កៅអីសម្រាប់អង្គុយលេងដាក់ចូលជំនួសវិញ ព្រោះមានពេលខ្លះថាមិនបានដែររបស់របរទាំងនេះអាចអនុញ្ញាតឱ្យលោកអ្នកបានសម្រាកលំហែកាយយ៉ាងសប្បាយអារម្មណ៍ជាមួយក្រុមគ្រួសារផងក៏មិនដឹង។

កែប្រែកន្លែងវាលល្ហល្ហេវមកជាកន្លែងកម្សាន្ត
ជាដំបូង អ្នកត្រូវក្រឡេករកមើលថា តើនៅជុំវិញបរិវេណជុំវិញផ្ទះមានកន្លែងណាទំនេរ ហើយអាចដាក់អ្វីបានខ្លះសម្រាប់ទុកអង្គុយលេង ឬដេកលំហែកាយ ក៏ដូចជាដាក់ទោងយោលលេងបាន។ ទីកន្លែងទាំងនោះមានដូចជា មុខផ្ទះ សំយាបផ្ទះ នៅផ្នែកខាងក្រោយផ្ទះ ក្បែរបង្អួច ឬសូម្បីតែចំហៀងផ្ទះជាដើម។ ត្រូវរិះរកមធ្យោបាយកែច្នៃទីកន្លែងទាំងនេះសម្រាប់កម្សាន្តលក្ខណៈឯកជនផ្ទាល់ខ្លួនក៏បាន។ ក្នុងការរៀបចំនេះ អ្នកអាចដាក់បន្ថែមនូវដើមផ្កា ឬកូនរុក្ខជាតិលម្អក៏ប្រសើរដែរ។ ប៉ុន្តែបើនៅសំយាបផ្ទះគួរដាក់ដើមផ្កា ដើមរុក្ខជាតិស្រស់ឱ្យមានរបៀបរៀបរយល្អ។ ត្រូវទុកកន្លែងសម្រាប់ចូលកម្សាន្តល្មមស្រួលខ្លួនទៅបានហើយ។

    ទីធ្លាតូចមិនប្រាកដថាគ្មានវិធីកែប្រែនោះឡើយ  
សូមសាកល្បងដោយការផ្តើមពីការដាក់កៅអីមួយសម្រាប់អង្គុយលេងក៏ជាការគ្រប់គ្រាន់ដែរ។ សម្រាប់នៅខាងមុខផ្ទះ ឬខាងក្រោយផ្ទះដែលមានម្លប់ឈើល្អបំផុតនោះគួរដាក់តុធំមួយ ព្រមជាមួយកៅអី4-5ទុកគ្រាន់សម្រាកលំហែកាយ ឬជួបជុំគ្រួសារម្តងម្កាលក្នុងការស្រស់ស្រូបអាហាររួមគ្នា។ បើផ្ទះរបស់អ្នកមិនមានសួនច្បារទេនោះការប្រើប្រាស់ត្រង់ម្តុំបង្អួចគឺជាកន្លែងសំខាន់បំផុត។ ចូរព្យួរផើងផ្កាឬដាក់ថូផ្កា (ស្រស់ ឬជ័រ) ឱ្យបានច្រើនល្មមនៅផ្នែកខាងក្រៅដើម្បីទប់ស្កាត់កម្តៅព្រះអាទិត្យចែងចាំងចូលតាមបង្អួច និងការដាក់តុនៅក្បែរនោះអ្នកនឹងមានទីកន្លែងសម្រាកកម្សាន្តផ្ទាល់ខ្លួនបានយ៉ាងស្រួលខ្លួន។ បើករណីមិនមានកៅអី ឬតុទេ អ្នកអាចប្រើគ្រែតូចល្មមសមសួន ក៏អាចប្រើជាកន្លែងគេងសម្រាក ឬអង្គុយកម្សាន្តបានភ្លាមៗដែរ។ ត្រូវចងចាំថា ភាពស្អាតបាត ភាពសុខស្រួលមានសណ្តាប់ធ្នាប់គឺជារឿងមួយដែលអ្នកមិនអាចមើលរំលងបានឡើយ។ បើចង់ឱ្យមានភាពរ៉ូមែនទិចជាងនេះ គួរព្យួររូបគំនូរ តាំងរូបចម្លាក់ ដុំថ្មលម្អ ឬបរិភោគអាហារពេលយប់ក្រោមពន្លឺភ្លើងទៀនក៏កាន់តែជំរុញឱ្យមានអារម្មណ៍ស្រស់ស្រាយថែមទៀត ដោយមិនបាច់ចេញទៅណាឆ្ងាយ ពីព្រោះក្នុងផ្ទះរបស់អ្នកក៏មានទីកន្លែងកម្សាន្តច្រើនស្រាប់ទៅហើយ។

    ទីតាំងក្បែរមាត់បង្អួច  
បើអ្នកយល់ឃើញថាមិនអាចដាក់អ្វីបានដោយចង់ឱ្យពន្លឺព្រះអាទិត្យឬខ្យល់អាកាសចេញចូលបានល្អ ប៉ុន្តែអ្នកក៏អាចប្រើកូនតុ ឬកូនកៅអីប្រភេទតូចៗសម្រាប់ប្រើជាទីកន្លែងឱ្យកូនតូចៗស្រស់ស្រូបអាហារ ឬអានសៀវភៅរឹតតែប្រសើរ។ អ្នកត្រូវចងចាំថា កន្លែងណាទំនេរ ហើយបើមើលឃើញថាអាចកែច្នៃសម្រាប់ជួយលើកសោភ័ណភាពផ្ទះសម្បែងបាន អ្នកគប្បីចាត់ចែងភ្លាម ហើយអ្វីដែលរឹតតែមិនត្រូវភ្លេចនោះគឺការរៀបចំទុកដាក់របស់របរតូចៗដែលនៅរាយប៉ាយក្បែរមាត់បង្អួតឱ្យបានល្អ ឬបើយល់ថារបស់ទាំងនោះគ្មានតម្លៃសម្រាប់ទុកប្រើប្រាស់ទៀតទេសូមនាំយកចេញពីទីនេះជាបន្ទាន់។ ឃើញទេ… គ្រាន់តែចំណាយកម្លាំងរៀបចំកែច្នៃ ជាមួយនឹងគំនិតច្នៃប្រឌិតដូចបានរៀបរាប់ជូនខាងលើនេះតែបន្តិចសោះ នោះលោកអ្នកនឹងអាចទទួលបាននូវអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តជាមួយនឹងបរិយាកាសនៃទីធ្លាជុំវិញប្រកបដោយផាសុកភាពជាក់ជាមិនខាន។ សូមបន្តភាពរីករាយ និងភាពកក់ក្ដៅជាមួយក្រុមគ្រួសាររបស់អ្នកនាថ្ងៃឈប់សម្រាកដ៏រីករាយ និងពេញដោយសុភមង្គល៕

ប្រភព៖ lareine

អ្នកនឹងចូលចិត្ត

  • លើក​សោភ័ណភាព​លំនៅឋាន​ដោយ​ការ​ប្រែក្លាយ​ទីធ្លា​ល្ហល្ហេវ​មកជា​ទីតាំង​មាន​ប្រយោជន៍​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ចំនេះដឹង
Tags: