គេ​មាន​ប្រពន្ធ​​ហើយ ហេតុ​អី​ខ្ញុំ​​​​ស្រលាញ់​គេទៀត?

ថ្ងៃ​មួយ​ខ្ញុំ​បាន​ជិះ​ឡានក្រុង ចេញ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ស្រុក​កំណើត​របស់​ខ្ញុំ។ ខ្ញុំ​បាន​ជួប​មនុស្ស​ម្នាក់។ ឃើញ​គេ​ភ្លាម​ ភ្នែក​ទាំង​គូ​របស់​ខ្ញុំ ចាប់​ផ្ដើម​លួច​មើល​គេ​​រហូត ព្រោះ​គេ​អង្គុយ​កៅ​អី​ស្ដាំ​ដៃ​ខ្ញុំ ចំណែក​បេះដូង​​ខ្ញុំ​វិញ លោត​ឌុកដាក់ៗ ដូច​ជា​ចង់​ប្រាប់​​​ថា ​​ខ្ញុំ​មាន​ចិត្ត​​​ស្រលាញ់​គេ​ហើយ។

 

ខ្ញុំ​បាន​ត្រឹម​តែ​លួច​មើល​គេ​ប៉ុណ្ណោះ។ លួច​មើល​គេ​ទាល់​តែ​គេ​ដឹង​ខ្លួន ហើយ​រូប​គេ​ក៏​ញញឹម​ដាក់​ខ្ញុំ​វិញ។ ម្នាក់​នោះ​មិន​សូវ​ជា​មាត់​ក​ទេ ដៃ​របស់​គេ​កាន់​ទូរសព្ទ​ចុច មើល​ហ្វេសប៊ុក ចំណែក​ត្រចៀក​របស់គេ កំពុង​ពាក់​កាស iPhone 6 Plus ពណ៌​ស គ្របដោយសក់វែងលប់​ត្រចៀក។

 

រូប​គេ​សង្ហា​គួរសម​ដែរ អត្តចរិតម៉ឺងម៉ាត់​ទៀត ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​ថា ចង់​ស្ទុះ​ទៅ​​អង្គុយ​ក្បែរ​គេ និយាយ​លេង​ជាមួយ​គេ និង​អោប​គេ​ឱ្យ​ណែន មិន​ចង់ឱ្យ​របូត​ពី​ដៃ​ឡើយ។ ហ៊ឺម…ពិត​មែន​ហើយ គាត់​ពិត​ជា​ស្រដៀង​នឹង​គូ​ដណ្ដឹង​ខ្ញុំ​ណាស់។

 

កាល​ពី​ជាង​មួយ​ឆ្នាំ​មុន គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ឡាន​នឹង​ឡាន​ដ៏​រន្ធត់​មួយ បាន​កើត​ឡើង​នៅ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ និង​​របួស​ច្រើន​នាក់ ហើយ​ក្នុង​នោះ​ក៏​មាន​គូ​ដណ្ដឹង​របស់​ខ្ញុំ​ដែរ។ យើងទើបតែ​បាន​​ភ្ជាប់​ពាក្យ​ រីឯ​សន្យាជាច្រើន ​គាត់​មិន​ទាន់​បាន​ធ្វើឱ្យ​ខ្ញុំ​​ទេ​​ ហេតុ​អី​គាត់​ទៅ​ចោល​ខ្ញុំ​អ៊ីចឹង? គាត់​សន្យា​ថា នឹង​នាំ​ខ្ញុំ​ដើរ​លេង​គ្រប់​ខេត្ត​ផ្សេង ​កសាង​គ្រួសារដ៏​មាន​សុភមង្គល​ជាមួយ​គ្នា​ រហូត​ដល់​ចាស់​កោង​ខ្នង។ គាត់​បន្សល់​ឱ្យ​ខ្ញុំ ត្រឹម​តែ​សន្យា​ខ្យល់​ប៉ុណ្ណោះ។ ហេតុ​អី​រឿង​អាក្រក់​នេះ កើត​មក​លើ​រូប​ខ្ញុំ។ ខ្ញុំ​នឹង​គាត់​ស្រលាញ់​គ្នា ៣ ឆ្នាំ​ហើយ ទម្រាំ​សម្រេច​ចិត្ត​ ​ភ្ជាប់​ពាក្យ រៀបការ។ ហ៊ឺម….

 

គេ​មាន​ប្រពន្ធ​​ហើយ ហេតុ​អី​ខ្ញុំ​​​​ស្រលាញ់​គេទៀត?រូប​តំណាង

 

ជិះ​ដល់​​ខេត្ត​កំពង់ឆ្នាំង អ្នក​លើ​ឡាន​ទាំង​អស់ ​នាំ​គ្នា​ចុះ​ញ៉ាំ​បាយ​នៅ​អាហារដ្ឋាន​មួយ គាត់​ក៏​ដើរ​មក ហើយ​ញញឹម​ដាក់​ខ្ញុំ ក្នុង​កែវ​ភ្នែក​​​រួសរាយ​រាក់ទាក់។ គាត់​បាន​បន្លឺ​ថា «តោះ! ញ៉ាំបាយ!»។ ញ៉ាំ​បាយ​រួច ម្នាក់ៗ​នាំ​គ្នា​ឡើង​ឡាន​វិញ បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

 

បន្តិច​ក្រោយ​មក​ទូរសព្ទ​របស់​គេ​អស់​ថ្ម ហើយ​ក៏​យក​ទូរសព្ទ​ទៅ​សាក កន្លែង​ពូ​តៃកុង​ឡាន។ ដោត​ទូរសព្ទ​រួច គាត់​សួរ​ខ្ញុំ​ថា «​ខ្ញុំ​សុំ​អង្គុយ​ជាមួយ​បាន​ទេ?» ព្រោះ​កន្លែង​ខ្ញុំ​ទំនេរ​មួយ ក្រោយ​មាន​អ្នក​ចុះ នៅ​កំពង់​ឆ្នាំង។ ខ្ញុំ​ញញឹម​ងក់ក្បាល យល់ព្រម។

 

ខ្ញុំ​បាន​ប្រាប់​គាត់​ថា គាត់​ដូច​មនុស្ស​ម្នាក់។ គាត់​បើក​ភ្នែក​ធំៗ ហើយ​ឆ្លើយ​​ទាំង​ញញឹម​ថា លើលោក​នេះ​មាន​មនុស្ស​ដូច​​ខ្ញុំ​ដែរ បែប​ហ្នឹង​ទេ​ដឹង។ យើង​ទាំង​ពីរ​នាក់​ក៏​សើច​។ ខ្ញុំ​សួរ​គាត់​ថា «បង​ទៅ​ណា?» គាត់​ប្រាប់​ថា​ទៅ​ការ​មិត្តភ័ក្ដិ នៅ​បៃលិន តែ​ត្រូវ​នៅ​​លេង​បងៗ​នៅ​បាត់​ដំបង​មួយ​យប់​សិន។ យើង​បាន​សុំ​លេខ​ទូរសព្ទ​គ្នា ដើម្បី​រាប់​អានគ្នា។ យើង​បាន​ជជែក​គ្នា​ពី​នេះ​ពី​នោះ​យ៉ាង​ច្រើន ភ្លេច​អស់​ភាព​ងងុយ​គេង រហូត​ចុះ​ពី​ឡាន​​ទៅ​គោល​ដៅ​រៀង​ខ្លួន។

 

ទោះ​ទើប​ជួប​គេ​បាន​ម្ដង​គត់ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​ដូច​​គូ​ដណ្ដឹង​ខ្ញុំ​ណាស់។ គាត់​បាន​ទាក់​ទង​ខ្ញុំ​នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​និយាយ​គ្នា តាម​ទូរសព្ទ Chat តាម​ហ្វេសប៊ុក ផ្ដោះផ្ដង​ លែបខាយ ​ដាក់​​គ្នា​។ ថ្ងៃ​មួយ​ខ្ញុំ​ធ្លោយ Chat ទៅ​គាត់​​ថា ខ្ញុំ​ស្រលាញ់​គាត់។ ចំណែក​អារម្មណ៍​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា គាត់​ក៏​មាន​ចិត្ត​ស្រលាញ់​ខ្ញុំ​វិញ​ដែរ។ ​

 

Seen តែ​គាត់ មិន​ឆ្លើយ…ពេល​នោះ​មក ហ្វេសប៊ុក​របស់​គាត់​ដូច​ជា​ស្ងាត់ ចំណែក​ទូរសព្ទ ក៏​មិន​ដែល​ឃើញ​ Call មក សារ​ក៏​មិន​ឃើញ​ផ្ញើ។ ប្រហែល​ជា​គាត់ ជាប់​រវល់​អី​ហើយ។ ​មួយ​អាទិត្យ​ក្រោយ ស្រាប់​តែ​ខ្ញុំ​ឃើញ​រូប​ការ​របស់​គាត់ ត្រូវ​មិត្តភ័ក្ដិ បង្ហោះ​​លើ​ហ្វេសប៊ុក ព្រោងព្រាត។

 

ក្រោយមក គាត់​បាន​ Chat តប​ខ្ញុំ​វិញ​ថា «បង​ក៏​ស្រលាញ់​អូន​ដែរ តែ​អ្វីៗ​វា​ហួស​ពេល​ហើយ យើង​ស្គាល់គ្នាយឺត​ពេក។ តែ​បង​សុំ​រាប់​អាន​អូន ជា​មិត្ត។ បើ​អូន​មាន​អី​មិន​សប្បាយ​ចិត្ត Call ឬ Chat មក​បង បង​នឹង​ជជែក​លេង​ជាមួយ​ប្អូន​ស្រី។ ចាំ​បង​មាន​ពេល បងCall ​ទៅ​លេង​ណា»។

 

ដំណក់ទឹកតូចៗ ចាប់​ផ្ដើម​រមៀល​លើ​ថ្ពាល់​របស់​ខ្ញុំ ពេល​ឮ​សម្ដីដ៏​​គួរ​ឱ្យ​គោរពនេះ។ ប៉ុន្តែ​ខ្ញុំ​បាន​​ផ្ញើ​សារ​គួរ​ឱ្យ​ខ្មាស​អៀន​មួយ​ទៅ​គាត់​ថា «បើ​ទោះ​បង មាន​ប្រពន្ធ ខ្ញុំ​នៅ​តែ​ស្រលាញ់​បង!»។

 

គាត់​ពិត​ជា​បុរស​ម្នាក់ ឱ្យ​ខ្ញុំ​គោរព​ណាស់! គាត់​មិន​ត្រឹម​តែ​មិន​ស្អប់ មិន​ផ្ដាច់​ទំនាក់ទំនងជាមួយ​ខ្ញុំ​​ គាត់​ថែម​ទាំង​ឱ្យ​ដំបូន្មាន​​ល្អៗ​ដល់​ខ្ញុំទៀត​ផង​។ សម្ដី​​​​របស់​គាត់​ដែល​ខ្ញុំ​ចងចាំ «កុំ​គិត​អី​ផ្ដេសផ្ដាស កុំ​ធ្វើ​អី​ឆ្កួតៗ ខំ​ធ្វើ​ការ ប្អូន​ស្រី​នឹង​មាន​អនាគត​ល្អ»។

 

ទោះ​គាត់​ចាត់​ទុក​ខ្ញុំ ជា​ប្អូន​ស្រី តែ​ខ្ញុំ​នៅ​តែ​មិន​ដាច់​ចិត្ត​ពី​គាត់ ចង់​បាន​គាក់​ធ្វើ​ជា​ស្វាមី​ណាស់ តែ​​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ ធ្វើ​ឱ្យ​គ្រួសារ​គេ​បែកបាក់​គ្នាទេ។ ខ្ញុំ​ទទួល​យក​ការ​ណែនាំ​ល្អៗ​ពី​គាត់ និង​ចាត់​ទុក​គាត់​ដូច​ជា​បង​ប្រុស​បង្កើត​។

 

គាត់​បាន​រៀបរាប់​រឿងរ៉ាវ​របស់​ខ្ញុំទាំងប៉ុន្មាន ដល់​ប្រពន្ធ​របស់​គាត់ ហើយ​អ្វីដែល​​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​នោះ ចុង​ខែ​មេសាមុន​នេះ បងប្រុស និងបងស្រី ​បានមក​​លេង​បាត់ដំបង ហើយ​ក៏​ឆៀងចូល​លេង​គ្រួសារ​ខ្ញុំ​។ ពួកយើង​ក៏​បាន​រាប់អាន​គ្នា។ អរគុណ​បង​ប្រុស និង​បង​ស្រី ដែល​មក​លេង​ «ក្មេង​តូច​» ម្នាក់​នេះ៕

 

ពីខ្ញុំ​ «ក្មេងតូច»

 

គេ​គ្មាន​សង្សារ តែ​មិនព្រម​​ស្រលាញ់​អ្នក គួរ​​តាម​គេ​ទៀត​​អត់?

ភាព​ខុសគ្នា​រវាង​មនុស្ស​ប្រុស និង មនុស្សស្រី​ លើ​ទស្សនៈ​ស្នេហា