មេធាវី​ប្រកាស​មិន​ទទួល​យក​សាលក្រម​តុលាការ​ដែល​ដាក់​ទោស​អ្នក​វាយ​តំណាងរាស្ត្រ​តែ​១ឆ្នាំ

មេធាវី​ការពារ​ក្ដី​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​២រូប​ដែល​ត្រូវ​គេ​វាយ ប្រកាស​មិន​ទទួល​យក​សាលក្រម​របស់​តុលាការ ដែល​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​៣​នាក់ ចំនួន៤​ឆ្នាំ តែ​អនុវត្ត​ទោស ១​ឆ្នាំ​ក្នុង​ពន្ធនាគារ។

លោក​មេធាវី សំ សុគង់ ចាត់​ទុក​សាលក្រម​របស់​ចៅក្រម​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី នៅ​ពេល​នេះ ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​កូន​ក្ដី​លោក ហើយ​លោក​នឹង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា នេះ ចៅក្រម​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​៣​នាក់ គឺ​លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ចំនួន​៤​ឆ្នាំ តែ​អនុវត្ត​ទោស​១​ឆ្នាំ ក្រោម​បទ​ចោទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស រួម​នឹង​ពិន័យ​ជា​ប្រាក់​៨០​លាន​រៀល។

ចំណែក​បទ​ចោទ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​វិញ ត្រូវ​បាន​តុលាការ​លើកលែង​ការ​ចោទប្រកាន់។

ក្នុង​ពេល​សវនាការ​កន្លង​ទៅ ជន​ជាប់ចោទ​ទាំង​៣​នាក់​នេះ បាន​សារភាព​ថា ពួក​គេ​ជា​ក្រុម​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ពិត​ជា​បាន​ប្រើ​ហិង្សា​វាយ​ដំ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ លោក ញ៉យ ចំរើន និង​លោក គង់ សភា កាល​ពី​ចុង​ឆ្នាំ​២០១៥ ក្នុង​ហេតុការណ៍​ដែល​មាន​បាតុកម្ម​របស់​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច ទាមទារ​ទម្លាក់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា​។

យ៉ាងណាក៏ដោយ​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ឲ្យ​ស៊ី​ជម្រៅ​ករណី​អង្គរក្ស​លោក​ ហ៊ុន សែន ដែល​វាយ​ដំ​ច្រំ​ធាក់​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដោយ​យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​ថា ការ​កាត់​ទោស​ត្រឹម​តែ​អង្គរក្ស ៣​នាក់​ដែល​ចេញ​សារភាព គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។