ករណី​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

​ក្នុងសង្គម​កម្ពុជា​ករ​ណី​អ្នកមាន​លុយ អ្នកមានអំណាច ធ្វើ​សកម្មភាព​រំលោភ​យក​ដី​ធ្លី​ប្រជាពលរដ្ឋ​បានកើត​ឡើងជា​បន្តបន្ទាប់ ហើយ​ក្លាយទៅជា​បញ្ហា​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​ផងដែរ​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បាន​ចោទប្រកាន់​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ថា​អាង​អំណាច​រំលោភ​យក​ដីធ្លីរ​បស់​ពលរដ្ឋ​តូចតាច​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ករណី​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ផងដែរ ព្រោះ​ទង្វើ​បែបនេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​។

កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ លោក ចាន់ ថា​នី ដែល​ត្រូវ​លោក ជា ចាន់​ឌិន រំលោភ​យក​ដីធ្លី​បានបញ្ជាក់​ថា​លោក ជា ចាន់​ឌិន បាន​ជីក​ស្រះ​ទឹក​រំលោភ​យក​ដី​របស់គាត់​ទំហំ​ទទឹង​៤២​ម៉ែត្រ និង​បណ្ដោយ​៥០​ម៉ែត្រ នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ លោក ចាន់ ថា​នី បាន​ឲ្យ​ដឹង​ទៀតថា ដី​នោះ​កាលពី​ឆ្នាំ​២០០៣ គាត់​ទិញ​ពី​ពលរដ្ឋ​ម្នាក់​ឈ្មោះ មាស សុខុម ដោយមាន​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ត្រឹមត្រូវ ហើយ​ក្រោយមក​ស្រាប់តែ​លោក ជា ចាន់​ឌិន ទៅ​អភិវឌ្ឍន៍​ផែស្ងួត​នៅ​ទីនោះ ហើយ​កាយ​ដី​នោះ​ជាច្រើនលើក​ច្រើនសា ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ដី​ទៀតផង​។ លោក ចាន់ ថា​នី បាន​អះអាង​ទៀតថា លោក​ធ្លាប់​ប្ដឹង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ខ្លាច​អំណាច​លោកស្នងការ ជា ចាន់​ឌិន មិន​ហ៊ាន​ដោះស្រាយ​នោះទេ​។

ជុំវិញ​ជម្លោះដីធ្លី​ខាងលើនេះ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​លោក ជា ចាន់​ឌិន ប្រើ​អំណាច​ជា​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ដោយហេតុថា លោក ចាន់ ថា​នី ធ្លាប់បាន​ប្ដឹងទៅ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត តាំងពី​ឆ្នាំ​២០០៧​រហូតមក នៅតែ​ពុំមាន​ដំណោះស្រាយ ហើយ​នៅ​ដើមឆ្នាំ​២០១៦​នេះ លោក​ប្ដឹងទៅ​សាលាដំបូង​ខេត្ត​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​តុលាការ​មិនទាន់​ចាត់វិធានការ​ដោះស្រាយ​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន នាំគ្នា​តាមដាន​ករណីនេះ​ដោយ​យកចិត្តទុកដាក់ ព្រោះ​កន្លងមក​អ្នកមាន​លុយ អ្នកមានអំណាច តែង​តែង​រំលោភបំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​ទន់ខ្សោយ​យ៉ាង​ក្រអឺតក្រទម​៕

1445_Chandinលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន 77fe8279-adb1-43f2-bf20-c84c94836aad