ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ អាងខ្នង​បង្អែក​រឹងមាំ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម

មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ចាត់វិធានការ​ទៅលើ​លោក ហាក់ ហុន ជាបន្ទាន់​កុំ​ឲ្យ​ប្រធាន​មន្ទីរ​រូបនេះ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តទៅទៀត​។ មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​លោក ហាក់ ហុន ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ការដែល​លោក ហាក់ ហុន ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បែបនេះ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ គឺ​លោកស្រី កែវ សុធា​រី អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​ធម្មការ​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​ស្និទ្ធ​នឹង​លោក ហាក់ ហុន បាន​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​ធម្មការ​រូបនេះ ប្រព្រឹត្ត​អំពើពុករលួយ​យកលុយ​ពី​បេក្ខជន​ម្នាក់ៗ​២៥០០​ដុល្លារ ដើម្បី​រត់ការ​ប្រឡង​យក​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ក្រសួង​ធម្មការ ហើយ​បេក្ខជន​១២​នាក់​ប្រឡង​ជាប់​ក្របខ័ណ្ឌ​។ ជាងនេះទៅទៀត​លោក ហាក់ ហុន និង​មនុស្ស​ជំនិត​របស់ខ្លួន​បាន​ឃុបឃិត​គ្នា​បំប៉ោង​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ថ្លៃ​ជួសជុល​តាម​អំពើ​ចិត្ត ហើយ​ស៊ីដាច់​បេសកកម្ម​របស់​មន្ត្រី​ក្នុង​ឆ្នាំ​២០១៤-២០១៥ រាប់រយ​លាន​រៀល​។ បន្ថែម​ពីលើ​នេះ​ទៀត​លោក ហាក់ ហុន បាន​ស៊ីដាច់​ប្រាក់​ទ្រទ្រង់​សុខភាព​សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុង​ឆ្នាំ​២០១៤-២០១៥-២០១៦ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

រឿងអាស្រូវ​របស់លោក ហាក់ ហុន ដែល​ត្រូវ​មន្ត្រីក្រោមឱវាទ​លាតត្រដាង​យ៉ាងច្បាស់​ក្រឡែត​នោះ គឺ​គ្មាន​ការតែងតាំង​មន្ត្រី​ណា​ម្នាក់​ដោយមាន​ភាពច្បាស់លាស់​នោះទេ ព្រោះ​ប្រធានការិយាល័យ​មួយចំនួន​មានតែ​ឈ្មោះ​ខ្មោច មិនមាន​មនុស្ស​មក​ធ្វើការ​។ មិនតែប៉ុណ្ណោះ​លោក ហាក់ ហុន បាន​ឈ្លៀត​កេងប្រវ័ញ្ច​ទៅលើ​ការរៀបចំ​ពិធីបុណ្យ​វិសាខបូជា និង​មាឃបូជា តាមរយៈ​ធ្វើសំណើ​ចំណាយ​ទូទាត់​យកលុយ​រាប់សិប​លាន​រៀល​ក្នុង​មួយឆ្នាំៗ ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ អំពើអាក្រក់ អំពើពុករលួយ គ្រប់​រូបភាព​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ត្បូងឃ្មុំ ដូច​រៀបរាប់​ត្រួសៗ​ខាងលើនេះ គឺជា​រឿង​ដែល​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

H-chhem-1លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា