ពិធី​ចែក​អំណោយ​ដល់​និវត្តជន ជនពិការ គ្រួសារ​យុវជន​ពលី ​ចំនួន​២០០​គ្រួសារ​

ពិធី​ចែក​អំណោយ​ដល់​និវត្តជន ជនពិការ គ្រួសារ​យុវជន​ពលី ​ចំនួន​២០០​គ្រួសារ​



កំពង់ធំ ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និង​យុវនីតិសម្បទា​ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គិតគូរ​ជានិច្ច ​ចំពោះ​សេចក្តីសុខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាក់​ស្តែង​សូម្បី​និវត្តជន ជនពិការ និង​គ្រួសារ​យុទ្ធ​ពលី ក៏​សម្ដេច​មិនដែល​បំភ្លេច ​ពី​គុណបំណាច់​របស់​ពួកគាត់​បាន​នោះ​ឡើយ ព្រមទាំង​បាន​ឲ្យ​ក្រសួង​សង្គមកិច្ច និង​គ្រប់​មន្ទីរ​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​និវត្តជន ជន​ពិការ និង​គ្រួសារ​យុទ្ធ​ពលី ត្រូវ​បើក​ប្រាក់ខែ​ជូន​ពួកគាត់​ឲ្យ​បាន​ទាន់​ពេលវេលា។

​ឯកឧត្តម វង សូត បាន​មានប្រសាសន៍​នេះ ក្នុង​ពិធី​ចែក​អំណោយ ដល់​អតីត​យុទ្ធជន និង​យុវនី​តិសម្បទា ខេត្ត​កំពង់ធំ នៅ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ក្រីក្រ និវត្តជន ជនពិការ និង​គ្រួសារ​យុទ្ធ​ពលី ចំនួន​២០០​គ្រួសារ នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ធំ និង បើកប្រាក់​សមាហរណកម្ម​ ជូន​ដល់​យុវជន​ចំនួន​១១​នាក់ ដែល​ត្រូវ​វិល​ទៅ​រស់នៅ​ក្នុង​សហគមន៍​វិញ ដោយ​ក្នុងម្នាក់ៗ​ទទួល​បាន​ថវិកា ​ចំនួន​១​លាន​និង៨​ម៉ឺន​រៀល​។ ​ចំណែក​គ្រួសារ​និវត្តជន ជន​ពិការ និង​គ្រួសារ​យុទ្ធ​ពលី ចំនួន​២០០​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹកបរិសុទ្ធ​ប៊ីដុង​ធំ​១​ប៊ីដុង និង​ថវិកា​ចំនួន​ ២០០០០​រៀល​។

ឯកឧត្តម  វង សូត មាន​ប្រសាសន៍​ថា ​ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និង​យុវនី​តិសម្បទា និង​មន្ទីរ​សង្គមកិច្ច មាន​តួនាទី​ភារកិច្ច​ ជា​អ្នក​បើក​ប្រាក់បៀវត្សរ៍​ជូន​បងប្អូន​និវត្តជន ជនពិការ និង​គ្រួសារ​យុទ្ធ​ពលី​ ដូច​មន្ត្រីរាជការ​ផ្សេងៗ​ដែរ ដោយ​មិន​រង់ចាំ ​២​ទៅ​៣​ខែ​បាន​បើក​ជូន​នោះ​ទេ​ ​ហើយ​ក្រសួង កំពុង​តែធ្វើការ​សម្របសម្រួល​ ដល់​បងប្អូន​ពិការ​ណា​ ដែល​មក​បើកប្រាក់​មិន​រួច ហើយ​ត្រូវ​ផ្ទេរសិទ្ធិ​នោះ គឺ​ត្រូវ​ផ្ទេរ​តែ​ត្រឹម​ថ្នាក់​ខេត្ត ដើម្បី​កាត់បន្ថយ​ការ​ចំណាយ៕

ពិធី​ចែក​អំណោយ​ដល់​និវត្តជន ជនពិការ គ្រួសារ​យុវជន​ពលី ​ចំនួន​២០០​គ្រួសារ​

ពិធី​ចែក​អំណោយ​ដល់​និវត្តជន ជនពិការ គ្រួសារ​យុវជន​ពលី ​ចំនួន​២០០​គ្រួសារ​