នគរបាល​ឃាត់ខ្លួន​ពី​នាក់​ប្តី​ប្រពន្ធ​ ខណៈ​ហុច​ថ្នាំញៀន​ទៅ​ឲ្យ​មុខសញ្ញា​ប្រើប្រាស់

នគរបាល​ឃាត់ខ្លួន​ពី​នាក់​ប្តី​ប្រពន្ធ​ ខណៈ​ហុច​ថ្នាំញៀន​ទៅ​ឲ្យ​មុខសញ្ញា​ប្រើប្រាស់



កណ្ដាល ៖ បុរសស្ត្រី​ពី​នាក់​ប្តី​ប្រពន្ធ​​ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ ព្រែក​ដំបង​ ស្រុក​មុខកំពូល ​ធ្វើការ​ឃាត់ខ្លួន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​ នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ប៉ែន សុផល ភូមិ​ឡឥដ្ឋ ឃុំព្រែក​ដំបង ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល​ នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ថ្ងៃទី​២៦​ខែឧសភា ​ឆ្នាំ​២០១៦​។

នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ចំនួន​០២​នាក់​ (​ឃាត់ខ្លួន​)​ គឺ​មាន​១.​ ឈ្មោះ ស៊ឹម សាន ភេទ​ប្រុស​អាយុ​៣០ ឆ្នាំ​នៅ​ភូមិ​ក្រោល​ឃុំចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ​(​ប្ដី​) មុខរបរ​កម្មករ​ឡ​ឥដ្ឋ​។ ទី​២. ​ឈ្មោះ ស៊ីន​ ភាព ​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ប្រពន្ធ​) ​មុខរបរ​កម្មករ​ឡ​ឥដ្ឋ។

វត្ថុតាង​ចាប់​យក​បាន រួម​មាន​ ទី​១.​ ម្សៅ​ក្រាម​ពណ៌ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០២​កញ្ចប់​តូច​។ ទី​២.​ ដាវ​សាំម៉ូរ៉ៃ​ចំនួន​០១​ដើម​។ ទី​៣.​ទូរស័ព្ទ​ចំនួន​០២​គ្រឿង (​ម៉ាក​សាំ​សុង​០១​គ្រឿង ​ម៉ាក​មិត្ត​ហ្វូន​០១​គ្រឿង​)​ ទី​៤. ​សម្ភារៈ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើត​ហេតុ​ កម្លាំង​ប៉ុស្តិ៍​ព្រែក​ដំបង ​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ មកដល់​ចំណុច​សិប្បកម្ម​ផលិត​ឥដ្ឋ​ ប៉ែន​ សុផល ​បាន​ឃើញ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ជិះ​ម៉ូតូ ចូល​សិប្បកម្ម​ផលិត​ឥដ្ឋ​ខាង​លើ​ ពេលនោះ​កម្លាំង​យើង​បាន​ប្រើ​កម្លាំង ​ស្លៀក​ពាក់​ស៊ីវិល​ចូល​ទៅតាម​ក្រោយ​ ស្រាប់តែ​ឃើញ​ជន​សង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាង​លើ​ បាន​ហុច​គ្រឿង​ញៀន​ចំនួន​០២​កញ្ចប់​តូច ទៅ​ឲ្យ​មុខសញ្ញា​ដែល​បាន​ជិះ​ម៉ូតូ​ចូល​ទៅ (​មិន​ស្គាល់​អត្តសញ្ញាណ​) ពេល​នោះ​កម្លាំង​ ក៏បាន​ស្ទុះ​ទៅ​ចាប់​ជន​សង្ស័យ​ ២​នាក់​ប្ដី​ប្រពន្ធ​ខាង​លើ​ បញ្ជូនមក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​ព្រែក​ដំបង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

នគរបាល​ឃាត់ខ្លួន​ពី​នាក់​ប្តី​ប្រពន្ធ​ ខណៈ​ហុច​ថ្នាំញៀន​ទៅ​ឲ្យ​មុខសញ្ញា​ប្រើប្រាស់