ក្រសួង​ការងារ​ គ្រោង​នឹង​រៀបចំ​ ការគ្រប់គ្រង​ពលករ​នៅ​បរទេស ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​

ក្រសួង​ការងារ​ គ្រោង​នឹង​រៀបចំ​ ការគ្រប់គ្រង​ពលករ​នៅ​បរទេស ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​



ភ្នំពេញ​ ៖ ​ក្រសួង​ការងារ​គ្រោង​នឹង​រៀបចំ​ ការគ្រប់គ្រង​ពលករ​កម្ពុជា ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបដ៏​ជាក់លាក់​មួយ ទាំង​ពេល​ពលករ​ចេញទៅ ទាំង​ពេល​ត្រឡប់​មក​មាតុ​ភូមិ​វិញ ដើម្បី​ធានា​ថា ពួកគេ​មាន​លក្ខខណ្ឌ​ការងារ​ល្អ ប្រកបដោយ​សុវត្ថិភាព​ការងារ​ខ្ពស់​។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​បែបនេះ​ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ស្ដីពី​ការ​បញ្ជូន និង​ការគ្រប់គ្រង​ពលករ រវាង​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​​ឧសភា ​នៅ​សណ្ឋាគារ​សាន់វ៉េ​។​

លោក ​អ៊ិត សំហេង បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ថា «​ដើម្បី​តាមដាន​ស្ថានភាព​របស់​ពលករ​ខ្មែរ​យើង ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​ត្រៀម​បញ្ជូន​ទៅ​នៅពេល​ក្រោយ​ទៀត ក្រសួង​ការងា​រ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ដែល​ជា​គោលដៅ​ចម្បង​មួយ គឺ​រៀបចំ​គ្រប់គ្រង​ពួកគេ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អេឡិចត្រូនិក​ដ៏​ទំនើប និង​ជាក់លាក់​មួយ ហេតុ​នេះ​ហើ​យ បណ្ដា​រដ្ឋ​ទទួល ត្រូវតែ​ធានា​លក្ខខណ្ឌ​ការងារ​សមរម្យ ការធានា​សុវត្ថិភាព​ជូន​ពលករ និង​ការ​ផ្ដ​ល់​ជូន​នូវ​ប្រាក់​ឈ្នួល​ខ្ពស់ ពីព្រោះ​ក្នុង​ប្រទេស​ក៏​មាន​លក្ខខណ្ឌ​ការងារ​ល្អ មិន​ចាញ់​ក្រៅប្រទេស​ប៉ុ​ន្មាន​ដែរ​»​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ការរៀបចំ​ផែនការ​ខាងលើ មិនមែន​សំដៅ​តែ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រ​ទេ​ស​ទេ គឺ​ថែមទាំង​សំដៅ​ធ្វើ​យ៉ាងម៉េច បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ធានា​សុវត្ថិភាព និង​ដោះស្រាយ​បញ្ហា​ជូន​ដល់​ពួកគេ ដោយសារ​កន្លងមក មានការ​រំលោភបំពាន​លើ​ពលករ​ខ្មែរ​យើង ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយក៏​មានការ​ជួយសង្គ្រោះ​ជា​បណ្ដើរៗ​ហើយ​ដែរ​។​
​ ​
តាម​របាយការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹង​ថា ​សព្វថ្ងៃ​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ក្រៅប្រទេស​បាន​ចំនួន​៥​ប្រទេស មាន​ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េ​ខាង​ត្បូង ជប៉ុន និង​សិង្ហ​បុរី ​សរុប​ប្រមាណ​៦២​ម៉ឺន​នាក់ ​ក្នុង​នោះ​ប្រទេស​ថៃ​មាន​ច្រើន​ជាង​គេ ក្រៅ​ពី​នេះ​មាន​ប្រទេស​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ហើយ មិនទាន់​ធ្វើការ​បញ្ជូន​ទៅ​មាន​ប្រទេស ​កាតា អា​រ៉ា​ប៊ី​សា​អូឌីត ជាដើម​៕