ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្រាំងធ្នង់​ ៥៥​គ្រួសារ​ បាន​ទទួល​អំណោយ ​ពីកាកបាទក្រហមកម្ពុជា​

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្រាំងធ្នង់​ ៥៥​គ្រួសារ​ បាន​ទទួល​អំណោយ ​ពីកាកបាទក្រហមកម្ពុជា​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥៥​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​ បាន​ទទួល​អំណោយ​ឧបត្ថម្ភ ពី​សាខា​កាកបាទក្រហម​កម្ពុជា​ ខណ្ឌ​សែន​សុខ​ កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦​ក្រោម​អធិបតីភាព លោក ប៉ឹល កុសល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ និង​លោក ថេ​ង សុ​ថុល ប្រធាន​អនុសាខា​កាកបាទ​ក្រហម​ និង​ជា​អភិបាលរងខណ្ឌ​សែន​សុខ​។

អំណោយ​ឧបត្ថម្ភ​ ដែល​ត្រូវ​បាន​យក​មក​ចែក​ជូន​ ប្រជាជន​ទាំង​៥៥​គ្រួសារ​ខាងលើ​ ក្នុង​១​គ្រួសារៗ ទទួល​បាន​នូវ ​អង្ករ​ចំនួន​៣០​គីឡូក្រាម មី​កញ្ចប់​១​កេស ​ត្រីខ​១០​កំប៉ុង និង​ឃី​ត​១​ឈុត ដែល​ក្នុង​នោះ​មាន​ភួយ មុង សារុង​ ក្រមា និង​ប្រាក់​ចំនួន​២​ម៉ឺន​រៀល។ ក្នុង​នោះ​លោក ពៅ ណា​រិ​ទ្ឋ ប្រធាន​ភូមិបាល​ខណ្ឌ​សែន​សុខ​ បាន​ជួយឧបត្ថម្ភ​ ​១​ម៉ឺន​រៀល​ក្នុង​១​គ្រួសារៗ។

អំណោយ​ឧបត្ថម្ភ របស់​សាខា​កាកបាទក្រហមកម្ពុជា​ បាន​ធ្វើ​ជា​រៀង​រាល់ខែ​ជា​ទម្លាប់​របស់ សាលា​ខណ្ឌ​សែន​សុខ គ្រប់​ជំនាន់​ នៃ​ការគ្រប់គ្រង​របស់​អភិបាលខណ្ឌ ដែល​ធ្វើ​ឡើង​តាម​ការណែនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​នាំ​យក​អំណោយ​ទៅ​ចែកជូន​ប្រជាជន ក្រីក្រ​នៅ​តាម ជនបទ​ខេត្ត​ក្រុង​នានា​ទូទាំង​ប្រទេស ជា​រៀង​រាល់​ឆ្នាំ ជាពិសេស នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​ផ្សេងៗ។

លោក ប៉ឹល កុសល ជា​អភិបាលខណ្ឌ​សែន​សុខ​ថ្មី​ ដែល​ទើប​នឹង​ឡើង​មក​គ្រប់គ្រង​ជំនួស​លោក លី សា​វេត ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ការងារ ទៅ​ធ្វើ​ជា​អភិបាលរង នៅ​ខេត្ត​កំពត វិញ​កាលពី​ថ្ងៃទី​១១​ខែមេសា ឆ្នាំ​២១៦ មុន​ពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

នៅ​ក្នុង​ពិធី​ចែក​អំណោយ​នោះ លោក​អភិបាលខណ្ឌ ក៏បាន​ឆ្លៀត​ឱ​កាស ធ្វើការ​សំណេះសំណាល​សួរសុខទុក្ខ ប្រជាពលរដ្ឋ​នៅ​ទីនោះ​ និង​ត្រួតពិនិត្យ​ស្ថានភាព ភូមិសាស្ត្រ​នៅ​ទី​នោះ​ផង​ដែរ។

លោក​អភិបាលខណ្ឌ ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ លោកយាយ លោកតា សូម​មេត្តា​កុំ​លេង​ល្បែង​ឆ្នោត​កន្ទុយលេខ ព្រោះ​វា​នាំ​ឲ្យ​ខាតបង់​លុយកាក់ ធ្វើ​ឲ្យ​យើង​កាន់តែ​ក្រីក្រ និង​បាន​ណែ​នាំ​ឲ្យ​យកចិត្តទុកដាក់​ថែទាំ​សុខភាព កុំ​ឲ្យ​ឈឺ​ថ្កាត់ ព្រោះ​ពេល​ឈឺ​នឹង​ចំណាយ​លុយ​កាក់​អស់​ច្រើន ​និង​ណែ​នាំ​ឲ្យ​យកចិត្តទុកដាក់​ ចំពោះ​ការ​ធ្វើ​កសិកម្ម ដាំ​ដុះ និង ចិញ្ចឹម​ត្រី មាន់​ទា ផ្សេងៗ ​ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ កុំ​ឱ្យ​ខាត​ពេលវេលា និង​បាន​ប្រាក់​ចំណូល កាត់បន្ថយ​ភាព​ក្រីក្រ​។

ប្រជាជន​និង​ចាស់ជរា ដែល​បាន​មក​ទទួល​អំណោយ នៅ​ពេល​នេះ បាន​សម្ដែង​នូវ​ការ​ត្រេកអរ​ជា​ខ្លាំង ដោយសារ​ស្ថានភាព​ជីវភាព​គ្រួសារ​កំពុង​ខ្វះខាត​ផង​៕

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្រាំងធ្នង់​ ៥៥​គ្រួសារ​ បាន​ទទួល​អំណោយ ​ពីកាកបាទក្រហមកម្ពុជា​