សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ និង​ម៉ាឡេស៊ី​ចុះ​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​

សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ និង​ម៉ាឡេស៊ី​ចុះ​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​



ភ្នំពេញ ៖ សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ (ACRA) និង សមាគម​ទីភ្នាក់ងារ​ជាតិ​ម៉ាឡេ​ស៊ី​ (PIKAP)​បាន ចុះ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​ស្តីពី​ការ​បញ្ជូន និង​ការគ្រប់គ្រង​ពលករ​ខ្មែរ​ធ្វើការ​តាម​ផ្ទះ និង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។

ពិធី​ចុះហត្ថលេខាលើអនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ ស្តីពី​ការ​បញ្ជូន​ពលករ​នេះ ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថៃ្ង​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦​នៅ សណ្ឋាគារ SUNWAY HOTEL​ដោយមាន​ការ​ចូលរួម​ធ្វើជា​សាក្សី​ពី​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១១ រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ ទៅធ្វើការ​តាម​ផ្ទះ​ និងទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ទោះបីជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា មាន​រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ចំនួន ០២ គឺ​ទី​១ ស្តីពី​ការ​ជ្រើសរើស និង​ការ​ដាក់​ឲ្យ​ធ្វើការ​ចំពោះ​ពលករ ពល​ការិនី​កម្ពុ​ជាទូទៅ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី និងទី​២ ស្តីពី​ការ​ជ្រើសរើស និង​ការ​ដាក់​ឲ្យ​ធ្វើការ​ ចំពោះ​ពលករ​កម្ពុជា​ធ្វើការ​តាម​ផ្ទះ​ និងទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោកស្រី​ឧកញ៉ា​ អ៊ឹង ស៊ា​ង​រិទ្ធី ប្រធាន​សមាគម​ទីភ្នាក់ងារ ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA)​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នា​ឪ​កាស​នោះ​ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ មាន​គោលបំណង​ក្នុង​ការ​ការពារ​អត្ថប្រយោជន៍ និង​សុខ​សុវត្ថិភាព​របស់​ពលករ ពល​ការិនី​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ក៏ដូចជា​បង្កើន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​រវាង​សមាគម​ទាំងពីរ ក៏ដូចជា​ប្រទេស​ទាំងពីរ​ផង​ដែរ​។ ក្នុង​អត្ថន័យ​នៃ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ មាន​បង្ហាញ​អំពី តួនាទី និង​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ជាក់លាក់ ក្នុង​ការ​ធានាបាន​នូវ​ការ​ការពារ​អត្ថប្រយោជន៍ និង​សុខ​សុវត្ថិភាព​របស់​ពលក​រ ពល​ការិនី ចាប់តាំងពី​ការជ្រើសរើស ការ​បណ្តុះបណ្តាល ការបញ្ជូន និង​ការគ្រប់គ្រង​ពលករ​រហូត​ដល់ពេល​ធ្វើ​មាតុភូមិ​និវត្ត​។​

លោកស្រី​ឧកញ៉ា​បាន​បន្តថា ​«​ដូច្នេះ​ដើម្បី​បង្កើន​នូវ​ការ​ការពារ និង​សុខ​សុវត្ថិភាព​ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស ក៏ដូចជា​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​នោះ តាម​រយៈ​វិស័យ​ឯកជន សមាគម ACRA បាន​រៀបចំ​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី ការ​បញ្ជូន និង​ការគ្រប់គ្រង​ពលករ​ខ្មែរ​ធ្វើការ​តាម​ផ្ទះ និង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី រវាង​សមាគម ACRA និង សមាគម​ម៉ាឡេស៊ី PIKAP ដូច​ដែល​មាន​ក្នុង​ថ្ងៃនេះ​»​។

លោកស្រី​ឧកញ៉ា​បាន​មាន​ជំនឿ​ចិត្ត​យ៉ាង​មុះ​មុត​ថា ​កិច្ច​សហប្រតិបត្តិការរ​វាង​សមាគម​ទាំងពីរ កាន់​តែ​មាន​ភាព​ស្អិត​រមួត​បន្ថែម​ទៀត ដោយមាន​ការចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ដោយ​រួមមាន ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនី​តិជន នៃ​ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំរាជធានី​ភ្នំពេញ ដើម្បី​ជា​សក្ខីភាព ក្នុងការ​ចុះហត្ថលេខា លើ​អនុស្សរណ​នៃ​ការយោគយល់​គ្នានាពេលនេះ។

លោកស្រី​ឧកញ៉ា​អ៊ឹង ស៊ា​ង​រិទ្ធី​បាន​បញ្ជាក់ថា​ ​«​សមាគម ACRA និង​សមាគម​ម៉ាឡេស៊ី PIKAP នឹង​ធ្វើការ​ជាមួយគ្នា​ឲ្យ​ មាន​តម្លាភាព ដើម្បី​ការពារ​សុខ​សុវត្ថិភាព​របស់​ពលករ ពល​ការិនី​ខ្មែរ​ឲ្យ​បានល្អ​ប្រសើរ ជៀសវាង​នូវ​ការ​រំលោភបំពាន​ផ្សេងៗ ដោយមាន​ការចូលរួម​សហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ជាពិសេស​ស្ថាន​ឯករាជ​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ទទួល​ពលករ​»៕

សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ និង​ម៉ាឡេស៊ី​ចុះ​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​