វិនិយោគិន​ហុងកុង​និង កម្ពុជា​ចាប់ដៃ​គ្នា​បង្កើត​ក្រុមហ៊ុន​ជួញដូរ​មាស

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​ហុងកុង បាន​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​កម្ពុជា បង្កើត​ក្រុមហ៊ុន​Golden FX Link (Cambodia ) Co.,Ltd ដើម្បី​ធ្វើការ​ជួញដូរ​ពី​ហុងកុង​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា និង​ចែកចាយ​ទី​ដល់​ហាង​មាស ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង ប្រទេស ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​សម្ពោធ​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃ​ទី ២៥ ឧសភា លោកស្រី ឆាយ ល​ក្ខិ​ណា អគ្គ​នាយិកា​ក្រុមហ៊ុន Golden FX Link ( Cambodia) Co.,Ltd បាន​ឲ្យ​ដឹង​ថា មាស​គឺជា​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​អាច​ទិញ និង​លក់ដូរ​វិញ​បាន​ភ្លាម​ៗ ដូចនេះ​ទ្រព្យសម្បត្តិ​ដែល​ល្អ​បំផុត​នោះ​គឺ​មាន​តែ​មាស​នេះ​ទេ ព្រោះ​ងាយ​ទិញ និង​ងាយ​លក់​។ លោកស្រី​ថា ៖ « ខ្ញុំ​យល់​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​យើង​តាំងពី​យូរ​មក​ហើយ គឺ​នៅ​តែ​ស្រឡាញ់​មាស ហើយ​ពួក​គាត់​ចូល​ចិត្ត​ទិញ​មាស​រក្សា​ទុក​ជាង​ទុកដាក់​លុយ​នៅ​ក្នុងផ្ទះ​។ បើសិនជា​ពួក​គាត់​ចង់​លក់​មាស​យក​លុយ​វិញ ក៏​ងាយស្រួល​ដែរ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង ដោយ​សហការ​ជាមួយ​វិនិយោគិន​មក​ពី​ហុងកុង ។ ម្យ៉ាងទៀត​មាស​ដែល​នាំ​ចូល​ពី​ហុងកុង​ទៀត​សោត ក៏​ជា​មាស​ដែល​មានទឹក​ល្អ គុណភាព​ល្អ​ផង​ដែរ » ។

លោកស្រី​បន្ត​ថា ចំពោះ​តម្លៃ​មាស​ដែល​ក្រុមហ៊ុន Golden FX Link( Cambodia )  នាំ​ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​អាស្រ័យ​ទៅ​លើ​តម្លៃ​ទីផ្សារ​មាស​នៅ​លើ​ពិភព​លោក មិន​អាស្រ័យ​ទៅ​លើ​តម្លៃ​ទីផ្សារ​មាស​កម្ពុជា​នោះ​ទេ​។ លោកស្រី​និយាយ​ថា​៖« យើង​មិន​អាច​កំណត់​តម្លៃ​មាស​នៅ​ក្នុង​ក្រុមហ៊ុន​របស់​យើង ធៀប​នឹង​ទីផ្សារ​កម្ពុជា​បាន​ឡើយ ព្រោះ​ហាងឆេង​គឺ​អាស្រ័យ​ទៅ​លើ​តម្លៃ​ទីផ្សារ​មាស​ពិភពលោក ដូចនេះ​យើង​មិន​អាច​កំណត់​បាន​ថា មាស​នៅ​ក្នុង​ក្រុមហ៊ុន​យើង​ខ្ពស់ ឬ​ទាប​ជាង​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​នោះ​ទេ » ។

លោក Lauu Rence Kook អ្នកគ្រប់គ្រង​ក្រុមហ៊ុន Golden FX Link (Cambodia ) បាន​ឲ្យ​ដឹង​ថា ៖« ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​នៅ​កម្ពុជា យើង​បាន​បោះទុន​ប្រមាណ​៥​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​យើង​មិនមែន​មក​ធ្វើ​អាជីវកម្ម​ដើម្បី​បាន​ប្រាក់​ចំណេញ​នោះ​ទេ តែ​យើង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភាព​ស៊ី​វិ​ល័យ និង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​របស់​ល្អ មានគុណ​ភាព និង​ផ្ដល់​កំណប់ទ្រព្យ​ពិសេស​សម្រាប់​ពួក​គាត់​ផង​ដែរ » ។

លោក​បន្ត​ថា អតិថិជន​ដែល​ជា​គោលដៅ​របស់​ក្រុមហ៊ុន អាច​ជា​ម្ចាស់​ហាង​មាស​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាដើម ដូចនេះ​គួប​ផ្សំ​ជាមួយនឹង​កំណើន​នៃ​វិស័យ​ទាំងនោះ បាន​កំពុង​តែ​រីក​ដុះដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ក្រុមហ៊ុន Golden FX LinK ( Cambodia ) នឹង​ទទួល​បានការ​គាំទ្រ និង​ជោគជ័យ​ក្នុង​មុខ​ជំនួញ​មួយ​នេះ ។

លោក សេ​មមី សូ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Golden FX Link (Cambodia ) ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ៖ « ខ្ញុំ​មើលឃើញ​ថា សក្ដានុពល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ។ នៅ​ក្នុង​ទស្សវត្សរ៍​កន្លង​មកនេះ កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ដែល​ជំរុញ​ឲ្យ​មាន​តម្រូវការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ។ យោង​តាម​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ចិន​លើ​គម្រោងការ​ចូលរួម​កសាង​ខ្សែក្រវាត់​ផ្លូវ​សូត្រ សេដ្ឋកិច្ច​, កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​សារសំខាន់​ក្នុង​កា​រត​ភ្ជាប់​ទៅ​នឹង​ខ្សែក្រវាត់​សេដ្ឋកិច្ច​នេះ ។ ដូច្នេះ​ការ​កសាង ថែរក្សា​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​មាន​សុខុមាលភាព និង​ស្ថិរភាព គឺ​ជៀស​មិន​រួច​ឡើយ » ។

លោក​បន្ត​ថា សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា លោក​ជឿជាក់​ថា​ផលិតផល​ហិរញ្ញវត្ថុ​ចម្រុះ​ជា​ច្រើន​នឹង​ជួយ​កំណត់​តម្លាភាព​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ។ លើស​ពី​នេះ​ទៅ​ទៀត ដោយ​មាន​គម្លាត​នៃ​ការ​រឹត​បន្តឹង​រវាង​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​អន្តរជាតិ កម្ពុជា​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ផ្នែក​ទីផ្សារ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ជិតខាង​ផង​ដែរ ដូច​ជា ប្រទេស​វៀតណាម មី​យ៉ា​ន់​ម៉ា និង​ឡាវ ក៏​ដូច​ជា​នាំ​យក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​អាស៊ី​អាគ្នេយ៍ ៕