លោក ប៉ុល ហំ​ម សម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់ ស្តីពី​កិច្ចព្រមព្រៀង​វិនិយោគ កម្ពុជា​-​ហុង​គ្រី ទៅ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​

គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​ចំនួន​ពីរ គឺ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ដែល​ដឹកនាំ​ដោយ លោក  ប៉ុល ហំ​ម តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​តាកែវ និង​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ថ្មីៗ​នេះ បាន​សហការគ្នា ជួបប្រជុំ​ជាមួយ តំណាង​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ពិនិត្យ និង​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ច​ព្រម ព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក នៃ​វិនិយោគ​។​

កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ ជំនាញ​រដ្ឋសភា និង តំណាង​រដ្ឋាភិបាល ខាងលើនេះ បាន​ឯកភាពគ្នា​គាំទ្រ​លើ​សេច​កី្ត​ព្រាង​ច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តីពី​ការជំរុញ និង​ការការពារ ទៅវិញទៅមក​នៃ​វិនិយោគ នេះ​ទាំងស្រុង​។  លោក ប៉ុល ហំ​ម តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាគ​ណៈ​កម្ម​ការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក បាន​គូសបញ្ជាក់ថា គណៈកម្មការ នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ​ជូន​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​នៃ​រដ្ឋសភា ដើម្បី​ធើ្វ​ការពិភាក្សា និង​អនុម័ត ដាក់​ចូលក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​ក្នុងពេល​ឆាប់ៗ​នេះ​។​

​គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀង​រវាង​ប្រទេស​កម្ពុជា​និង​ហុង​គ្រី​នេះ​មាន ១៤​មាត្រា ចំណែក​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ មាន​ចំនួន​៣​មាត្រា​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សុខ ចិន្តា​សោភា តំណាង​រដ្ឋាភិបាល បាន​ពន្យល់​ប្រាប់​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ថា កិច្ចព្រមព្រៀង​ខាងលើ​នឹង​ធានា​ដល់​ភាគី​ម្ខាងៗ ចំពោះ​ការវិនិយោគ​លើ​ទឹកដី​របស់ខ្លួន នូវ​ការផ្តល់​ប្រព្រឹត្តិកម្ម​ដោយ​ស្មើភាព​គ្នា​ចំពោះ​ការវិនិយោគ​នៃ​ភាគី​ទាំងសងខាង និង​គ្មាន​ការរើសអើង ការមិនធ្វើ​ជាតូបនីយកម្ម ឬ​អស្សាមិក​ករ​ណ៍ នូវ​ទ្រព្យសម្បត្តិ របស់​អ្នកវិនិយោគ ការផ្តល់​ការអនុគ្រោះ​ស្មើភាព លើកលែងតែ​ជា​ប្រព្រឹត្តិកម្ម ដែល​ភាគី​ជា​ម្ចាស់ផ្ទះ​មាន ដោយឡែក​ទាក់ទង​ទៅ នឹង​កិច្ចព្រមព្រៀង​សហព័ន្ធ​គយ តំបន់​សេដ្ឋកិច្ច​សេរី កិច្ចព្រមព្រៀង សហព័ន្ធ​ហិរញ្ញវត្ថុ ឬ​កិច្ចព្រមព្រៀង អន្តរជាតិ​ទាក់ទង ដល់​កិច្ចការ សារពើពន្ធ​ជាដើម​៕

13312655_778568022244541_4034570849144149086_n