អ្នក​ផលិត អ្នក​នាំ​ចូល និង​ចែកចាយ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ដល់​៤​លាន​រៀល

រាជធានី​ភ្នំពេញ ៖ គ្រប់​ឧស្សាហករ​ថ្នាំជក់ និង​អ្នក​នាំ​ចូល​ផលិតផល​ថ្នាំជក់​ទាំងអស់​ត្រូវ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​រូបភាព​ឲ្យ​បាន​មុន​ដំណាច់ខែ​កក្កដា ២០១៦ បើ​មិន​ដូច្នោះ​ទេ បុគ្គល​ដែល​ល្មើស​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ចំណែក​អ្នក​ចែកចាយ និង​លក់ដុំ​ត្រូវ​ពិន័យ​ជា​ប្រាក់​២​លាន​រៀល ឯ​អ្នក​លក់រាយ​វិញ ក៏​ត្រូវ​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ អង្គ​សុខា​ភាព​ដើម្បី​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​អនុវត្ត​មាត្រា​១១ នៃ​អនុសញ្ញា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​នៅ​សណ្ឋាគារ សាន់​វ៉េ កាលពី​ថ្ងៃ​ទី​២៦ ឧសភា នេះ​ថា  ការ​ប្រើប្រាស់​ថ្នាំជក់ និង​ការ​ស្រូប​ផ្សែង​ថ្នាំជក់ គឺ​បង្ក​ឲ្យ​កើត​ជំងឺ​ជា​ច្រើន ដូច​ជា មហារីក​មាត់ មហារីក​សួត មហារីក​បំពង់ក រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ដាច់​សរសៃឈាម​ខួរក្បាល រលូត​កូន​ជាដើម ។ គ្រោះថ្នាក់​ទាំងនេះ បាន​ធ្វើ​ឲ្យ​មាន​ពលរដ្ឋ​កម្ពុជា​១​ម៉ឺន​នាក់ ត្រូវ​បាន​ស្លាប់​ក្នុង​១​ឆ្នាំ​ៗ​។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា យល់​ដឹង​បាន​ច្បាស់​អំពី​គ្រោះថ្នាក់ ក៏​ដូច​ជា ភាព​ជាក់ស្ដែង​នៃ​ជំងឺ​ដែល​កើតឡើង​ដោយសារ​ការ​ប្រើប្រាស់​ថ្នាំជក់​នេះ រាជរដ្ឋាភិបាល​បាន​អនុម័ត​នូវ​អនុក្រឹត្យ ស្ដី​ពី​ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ ។

យោងសេចក្តី​ប្រកាស​ព័ត៌មាន​នៃ​បណ្តា​ប្រទេស​អាស៊ាន បាន​សុំ​ឲ្យ​ជំរុញ​ការ​អនុវត្ត​សារ​ព្រមាន​សុខភាព​ជា​រូបភាព ដែល​មាន​ទំហំ​ធំ និង​ការ​វេច​ខ្ចប់​ផលិតផល​ថ្នាំជក់​ដោយ​កញ្ចប់​លាត ។ ដូច្នេះ​ដើម្បី​អបអរសាទរ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​៣១​ឧសភា ឆ្នាំ​នេះ សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ី​-​អាគ្នេយ៍ SEATCA បាន​ចេញ​របាយការណ៍​មួយ​ដោយ​ទទួលស្គាល់​ទាំង​សមិទ្ធផល ចន្លោះ​ប្រហោង​នៃ​ការ​អនុវត្តន៍​ការ​វេច​ខ្ចប់ និង​ការ​ដាក់​ស្លាក​សញ្ញា​លើ​ផលិតផល​ថ្នាំជក់​នៅ​បណ្តា​ប្រទេស​អាស៊ាន​។ សេចក្តី​ប្រកាស​ដដែល​ឲ្យ​ដឹង​ទៀត​ថា ស​ន្ទ​ស្សន៍​នៃ​ការ​វេច​ខ្ចប់ និង​ការ​ដាក់​ស្លាក​សញ្ញា​លើ​ផលិតផល​ថ្នាំជក់​របស់ SEATCA បាន​រក​ឃើញ​ថា ប្រទេស​ចំនួន​៩ ក្នុង​ចំណោម​១០ បាន​និង​កំពុង​តែ​អនុវត្ត​សារ​ព្រមាន​សុខភាព​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ មាន​តែ​ប្រទេស​៣​ប៉ុណ្ណោះ មាន​សារ​ព្រមាន​សុខភាព​ដែល​មាន​ទំហំ​ធំ ដែល​គេ​ចាត់​ទុក​ថា ជា​គំរូ​ប្រតិបត្តិ​អន្តរជាតិ​ល្អ​បំផុត មាន​ប្រទេស​ថៃ ប្រទេស​ប្រ៊ុ​យ​ណេ និង​មី​យ៉ា​ន់​ម៉ា ។

លោក​វេជ្ជបណ្ឌិត Ulysses Dorotheo នាយក​កម្មវិធី FCTC​របស់ SEATCA បាន​ឲ្យ​ដឹង​ថា ការ​វេច​ខ្ចប់ និង​ការ​បិទ​ស្លាក​លើ​ផលិតផល​ថ្នាំជក់​ចាំបាច់​ត្រូវ​ពង្រឹង​ឲ្យ​បាន​ពេញ​លេញ ដោយ​អនុលោម​ទៅ​តាម​មាត្រា​១១ នៃ​អនុសញ្ញា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក WHO-FCTC ។ គោលការណ៍​ណែនាំ​សម្រាប់​អនុវត្ត​មាត្រា​១១ នៃ​អនុសញ្ញា WHO FCTC បាន​ណែនាំ​ថា សារ​ព្រមាន​សុខភាព​ត្រូវ​មាន​ទំហំ​ធំ​តាម​ដែល​អាច​ធ្វើ​បាន និង​រួម​បញ្ចូល​រូបភាព​ផង​ដែរ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​គ្រោះថ្នាក់​នៃ​ផលិតផល​ថ្នាំជក់​ទៅ​កាន់​អ្នក​ប្រើប្រាស់​រួម​ជាមួយនឹង​ការ​វេច​ខ្ចប់ ដោយ​កញ្ចប់​លាត ដែល​ធ្វើ​ឱ្យ​សារ​ព្រមាន​សុខភាព​ជា​រូបភាព​កាន់តែ​លេចធ្លោ​ដែល​ជួយ​កាត់​បន្ថយ​ភាព​ទាក់ទាញ​របស់​ផលិតផល​ថ្នាំជក់​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​លើ​ពិភពលោក មាន​អ្នក​ស្លាប់​ដោយសារ​ផលិតផល​ថ្នាំជក់​ចំនួន​៦​លាន​នាក់​ក្នុង​១​ឆ្នាំ ដោយឡែក​កម្ពុជា​មាន​១​ម៉ឺន​នាក់ ក្នុង​១​ឆ្នាំ បើ​គិត​ជា​មធ្យម​មាន​៣០​នាក់ បាន​ស្លាប់​ក្នុង​១​ថ្ងៃ ។ បើ​តាម​ការ​ស្រាវជ្រាវ​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​បញ្ជាក់​ថា អ្នក​ដែល​មាន​ជំងឺ​ដោយសារ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ត្រូវ​ចំណាយ​ថវិកា ១​ម៉ឺន​ដុល្លារ​សម្រាប់​ព្យាបាល​៕