យន្តហោះ​ប្រដេញ​អា​មេ​រិ​ក​2​គ្រឿង​ធ្លាក់​ក្នុង​ដែនទឹក​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា យន្តហោះ​ប្រដេញ​ធុន F/A-18 ចំនួន​២​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៦ ឧសភា ក្នុង​ដែនទឹក​ឆ្នេរសមុទ្រ​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង​របស់​សហរដ្ឋអាមេរិក ។

យោង​តាម​កាសែត VIRGINIAN PILOT ថា មនុស្ស​៤​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​តំបន់​មួយ ។ នេះ​ជា​ការ​អះអាង​របស់​លោក FAGAL NIFIN នាយទាហានរង​ម្នាក់​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក ។ សម្រាប់​ពេល​នេះ​គេ​ពុំ​ដឹង​ពី​ស្ថានភាព​របួស​របស់​មនុស្ស​ទាំង​៤​នាក់​នេះ​នៅឡើយ ។

កាសែត VIRGINIAN PILOT បន្ត​ថា យន្តហោះ​ទាំង​២​គ្រឿង​នេះ​បាន​ធ្លាក់​ក្នុង​ដែនទឹក​តំបន់ OUTER BANKS ជា​តំបន់​មួយ​ប្រើប្រាស់​សម្រាប់​ការ​បណ្តុះបណ្តាល​អ្នក​បើក​យន្តហោះ​នៃ​មូលដ្ឋាន​អាកាសចរណ៍ OCEANA នៅ VIRGINIA BEACH ។ ចំពោះ​មូលហេតុ​នៃ​ការ​ធ្លាក់​ពុំ​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ ៕