ថៃ​បិទ​ច្រក​អានសេះ ជា​ឯកតោភាគី​

ថៃ​បិទ​ច្រក​អានសេះ ជា​ឯកតោភាគី​



ខេត្តព្រះវិហារ ៖ ភាគី​ថៃ​បាន​បិទ​ច្រក​ទ្វារ​អានសេះ​ជា​ឯកតោភាគី​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៥ ខែឧសភា ដោយ​ចោទ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​នោះ​ថា ​បាន​ដាំដំឡូង​នៅ​ក្នុង​ តំបន់ហាមឃាត់​ដែល​ភាគី​ថៃ​ចាត់​ទុក​ថា ជា​តំបន់​ស ។

យោង​តាម​ មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ច្រក​អានសេះ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ថា ភាគី​ថៃ​បាន​បិទ​ច្រកទ្វារ​អានសេះ​ជា​ថ្មី​ទៀត​ហើយ​មិន​ឱ្យ​ប្រជាជន​ទាំង​២​ ភាគី​ធ្វើការ​ដោះ​ដូរ​ទំនិញ​គ្នា​ទេ ។ មន្ត្រី​នគរបាល​ដដែល​បន្ត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​បិទ​ច្រក​ទ្វារ​នេះ គឺ​ខាង​ភាគី​ថៃ​បាន​ចោទ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​នេះ​ថា បាន​ដាំដំឡូង​លើ​តំបន់ហាមឃាត់​ប្រមាណ​ជា​៣០​គុម្ព​នៅ​ក្បែរ​រណ្ដៅ​មានទឹក​ មួយ​កន្លែង ។

បន្ទាប់​ពី​ភាគី​ថៃ​បាន​បិទ​ច្រកព្រំដែន​ជា​ ឯកតោភាគី​នេះ អាជ្ញាធរ​និង​កងកម្លាំង​ទាំង​២​ភាគី ក៏​បាន​ព្រមព្រៀង​គ្នា​ទៅ​ត្រួតពិនិត្យ​កន្លែង​ដែល​ពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​ និង​ធ្វើការ​ចរចា​រក​ដំណោះស្រាយ​ដើម្បី​បាន​បើក​ច្រក​ទ្វារ​ឡើង​វិញ​។ លុះ​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ដដែល ភាគី​ថៃ​បាន​បើក​ច្រក​ទ្វារ​វិញ បន្ទាប់​ពី​ភាគី​កម្ពុជា​សុខចិត្ត​ដក​ដំឡូង​ដែល​បាន​ដាំ​នោះ​ចេញ ។

តាម ​ប្រភព​ព័ត៌មាន​ជុំវិញ​ការ​បិទ​ច្រក​ទ្វារ​អានសេះ​នេះ ត្រូវ​បាន​កត់​សម្គាល់ថា ធ្លាប់​កើត​មាន​ច្រើន​លើក​រាប់​មិន​អស់​មក​ហើយ ដែល​ភាគី​ថៃ​ចង់​បិទ​ឬ​បើក​ស្រេច​តែ​ក្បាលវ៉ាល់​របស់​ខ្លួន ហើយ​ប្រតិកម្ម​រហូត​បិទ​ច្រកព្រំដែន​នេះ​មិន​មានរឿង​អ្វី​ធំដុំ​នោះ​ទេ តែ​អាច​ចាត់​ទុក​ថា​កំពុង​យក​ប្រៀប​មក​លើ​ភាគី​កម្ពុជា ។

មន្ត្រី ​ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​អានសេះ ស្ថិត​ក្នុងស្រុក​ជាំ​ក្សាន្ត និយាយ​ថា បច្ចុប្បន្ន​នេះ​ធ្វើ​អ្វី​ក៏​មិនកើត​ដែរ ដូច​ជា​ផ្លូវ​កៅស៊ូ​ឡើង​ទៅ​ច្រក​ទ្វារ​អានសេះ​ត្រូវ​ថៃ​រារាំង​មិន​ឱ្យធ្វើ​ មក​ដល់​លើ​កំពូលភ្នំ​នេះ​ទេ និយាយ​រួម​ធ្វើ​អ្វី​ក៏​មិន​បាន​ដែរ ដោយ​ភាគី​ថៃ​ចាត់​ទុក​ថា ចំណុច​ដែល​ភាគី​កម្ពុជា​ឈរជើង​នៅ​លើ​ភ្នំ​នោះ​ជា​តំបន់​ស ។ មន្ត្រី​ព្រំដែន​កម្ពុជា​បាន​បដិសេធ​ជា​និច្ច​ថា ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ​មិន​មាន​តំបន់​ស​នោះ​ទេ តែ​អ្វី​ដែល​ក្លាយជា​តំបន់​ប្រទង់ប្រទាញ​នោះ ដោយសារ​តែ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រុករក​បង្គោល​ព្រំដែន​ដែល​បាត់បង់​ ទៅ ដើម្បី​កំណត់​ចំណុច​បន្ទាត់​ព្រំដែន​ជា​ថ្មី​ឡើង​វិញ​តាម​កិច្ចព្រមព្រៀង​ បារាំង​-​សៀម ឆ្នាំ​១៩០៧ ។

ស្ថានភាព​ច្រក​អានសេះ​បច្ចុប្បន្ន​មិន ​ខុស​ពី​ច្រក​ជាំ​សា​ងាំ និង​មិន​ខុស​គ្នា​ពី​ច្រក​ប្រាសាទព្រះវិហារ កាលពីមុន​ឆ្នាំ​២០០៨​នោះ​ទេ ដែល​ភាគី​ថៃ​បិទ​បើក​ស្រេច​តែ​ចិត្ត ដោយសារ​តែ​ពេល​នោះ​ផ្លូវ​ចូល​ទៅ​ផ្សា​រលើ​ដី​ថៃ ងាយស្រួល​ជាង​ចុះ​ពី​កំពូលភ្នំ ដែល​ពេល​នោះ​សូ​ម្បី​តែ​ទឹក​ក៏​ទិញ​ពី​ថៃ​ដែរ ។ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ប្រឈម​មុខ​គ្នា ក្រោយ​ពី​ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ច្រក​ទ្វារ​ប្រាសាទព្រះវិហារ​ត្រូវ​បាន​បិទ ហើយ​រាជរដ្ឋាភិបាល​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រហូត​មក​ដល់​ពេល​នេះ​នៅ​ ច្រក​ប្រាសាទព្រះវិហារ លែង​ខ្ចី​សុំ​ដង្ហើម​ថៃ​ដក​ទៀត​ហើយ ។

ក្រឡេក ​មក​មើល​ទិដ្ឋភាព​នៅ​ច្រក​អានសេះ គ្រាន់តែ​ថៃ​បិទ​ច្រក​ទ្វារ​មិន​ដល់​១​ថ្ងៃ​ផង ពលរដ្ឋ​ខ្មែរ​ដែល​យក​ផ្សិត​ទៅ​លក់ ក៏​ត្រូវ​ដឹក​យក​ទៅ​លក់​នៅ​ច្រក​ជាំ​សា​ងាំ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ទៀត​នោះ គឺ​ស្ថានភាព​អ្នក​រស់នៅ​លើ​កំពូលភ្នំ​ក្បែរ​ច្រក​អានសេះ​នោះរ​ស់បាន​អាស្រ័យ ​ការ​ដោះ​ដូរ​ទំនិញ​ជាមួយ​ពលរដ្ឋ​ថៃ​ប៉ុណ្ណោះ និង​មិន​អាច​ខ្វះ​បាន​ទេ​ការ​ទាក់ទង​គ្នា​នេះ ។ ច្រក​អានសេះ បាន​ស្ថិត​ក្នុង​គម្រោង​ដំឡើង​ទៅ​ជា​ច្រក​ទ្វារ​អន្តរជាតិ​នា​ពេល​អនាគត ដែល​ពេល​នេះ​ក្នុង​១​ស​ប្តា​ហ៍​ច្រក​ទ្វារ​ព្រំដែន​នេះ​បើក​តែ​៣​ថ្ងៃ​ ប៉ុណ្ណោះ ៕

ព័ត៌មានប្រហាក់ប្រហែល


  • ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ០៨:៣២



    រាជធានី​ភ្នំពេញ ៖ លោកយាយ​ចំណាស់​ម្នាក់​ដែល​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន បាន​ត្រូវ​កូនស្រី​បង្កើត​បណ្តេញ​ចេញពីផ្ទះ និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង



  • ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៥:៥៤



    ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ចាប់ខ្លួន បន្ទាប់​ពី​លួច​ម៉ូតូ​គេ​បាន​ជិះ​យក​ទៅ​លក់ ចៃដន្យ​បាន​បុក​ឆ្កែ បណ្ដាល​ឱ្យ​ដួល រង​របួសធ្ងន់ និង



  • ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៥:៥៤



    ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ចាប់ខ្លួន បន្ទាប់​ពី​លួច​ម៉ូតូ​គេ​បាន​ជិះ​យក​ទៅ​លក់ ចៃដន្យ​បាន​បុក​ឆ្កែ បណ្ដាល​ឱ្យ​ដួល រង​របួសធ្ងន់ និង



  • ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៣:៤១



    ខេត្តព្រៃវែង ៖ ភូមិសាស្ត្រ​ខេត្ត​ដែល​ជា​តំបន់​វាលទំនាប មាន​តែ​ស្រុក​មួយ​ប៉ុណ្ណោះ មាន​ភ្នំ ហើយ​ក៏​មិន​ពិបាក​រក​ដែរ គឺ​ស្រុក​បាភ្នំ ដោយ​គ្រាន់តែ​ធ្វើ​ដំណើរ​ចេញពី​ទីប្រជុំជន



  • ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៣:៣២



    ខេត្តកំពត ៖ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ភ្លាំង ដែល​ជា​សកម្មជន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ឈ្មោះ​ដូង ថុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​នគរបាល​ស្រុក​ឈូក