ប្រទេស​កូរ៉េ ផ្ដល់​បទពិសោធន៍​នៃ​សិល្បៈ​ដាំ​ស្រូវ ដល់​មន្ទីរកសិកម្ម ចំនួន​៤​ខេត្ត​

ប្រទេស​កូរ៉េ ផ្ដល់​បទពិសោធន៍​នៃ​សិល្បៈ​ដាំ​ស្រូវ ដល់​មន្ទីរកសិកម្ម ចំនួន​៤​ខេត្ត​



បាត់ដំបង ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ចំនួន​៤​ខេត្ត បាន​អញ្ជើញ​មក​ចូលរួម​ ទទួលយក​នូវ​បទ​ពិសោធន៍​ នៃ​ការ​ដាំ​ស្រូវ​តាម​ជំនាញ​បែប​សិល្បៈ​ របស់​ក្រុម​អ្នក​ជំនាញ​របស់​ប្រទេស​កូរ៉េ​ ក្នុង​គោល​បំណង​យក​ទៅអនុវត្ត​ នៅ​តាម​មូលដ្ឋាន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ឲ្យ​ចូល​ទៅ​ទស្សនា និង​ប្រែក្លាយ​តំបន់​កសិកម្ម​ ឲ្យ​ទៅ​ជា​តំបន់​កសិទេសចរណ៍។

នៅ​រសៀល​ថ្ងៃទី​២៦ខែឧសភា ឆ្នាំ​២០១៦ ក្នុង​សាល​ប្រជុំ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង មានការ​រៀបចំ​ជា​សិក្ខាសាលា​មួយ​ ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ ​ក្នុង​នោះ​ផង​ដែរ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ ដែល​មកពី​ខេត្ត​នានា​ចំនួន​៤​ខេត្ត គឺ​ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប ​សរុប​ប្រមាណ​ជិត​៣០​រូប ដែល​ក្នុងនោះ​មាន kotra. Cedac. And Ockenden។

វត្តមាន​របស់​គ្រូ​បង្គោល​ដែលជា​អ្នក​បង្ហាត់ បង្ហាញ​នាពេល​នោះដែរ គឺ​លោក អូ ស៊ុន​ភី​ល​ បុគ្គលិក​នៃ​មជ្ឈមណ្ឌល បច្ចេកទេស​កសិកម្ម របស់​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េ ដែល​លោក​បាន​នាំ​យកមក​នូវ ​ផ្ទាំង​ទស្សនីយភាព​ដែល​ផលិត​ឡើង​ អំពី​ដើម​ស្រូវ​ដែល​មាន​ពណ៌​ខុសៗ​គ្នា​ ដែល​បាន​រចនា​ឲ្យ​ទៅជា​ផ្ទាំង​រូបភាព​ផ្សេងៗ​ ទៅតាម​ការ​និយម​ចូលចិត្ត​របស់​អ្នក​ដែល​រស់ នៅ​ក្នុង​តំបន់​នោះ។

អ្នក​ជំនាញ​បច្ចេកទេស​កសិកម្ម​កូរ៉េ​រូបនេះ​ បាន​សង្កត់ធ្ងន់​ថា ការដែល​លោក​បាន​ព្យាយាម​ចុះ​មក​ដល់​ប្រទេស​កម្ពុជា​ នា​ឱកាស​នេះ ​គឺ​ក្នុង​គោលបំណង​ចែករំលែក​នូវ​សិល្បៈ​ នៃ​ការ​ដាំ​ស្រូវ​ចម្រុះ​ពណ៌​ ដើម្បី​បង្កើត​ជា​រូបភាព​ប្លែកៗ អោយទៅជា​វាលស្រែ​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ អោយ​ចង់​ទៅ​គយគន់ និង​ទស្សនា​ផង​ដែរ ម្យ៉ាង​វិញ​ទៀត​ គឺ​លោក​កំពុងតែ​ត្រៀមខ្លួន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​ស្រូវ និង​បំបើង ក្នុង​ខែមករា ឆ្នាំ​២០១៧ខាងមុខនេះ​នៅក្នុង​ខេត្តបន្ទាយមានជ័យ។

លោក ស៊ឹម សាមឿន ទីប្រឹក្សា​អង្គការ Cedac បាន​មានប្រសាសន៍ថា ដោយសារតែ​អាកាសធាតុ​កម្ពុជា ជាមួយនឹង​ប្រទេស​កូរេ មានការ​ប្រែប្រួល​ខុសគ្នា ទើប​លោក​ចាំបាច់​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​គួរ​យក​ស្រូវ​ប្រភេទ​ណា​ដើម្បី​ដាំ​ ឲ្យ​បាន​លេចចេញ​ជា​រូបរាង និង​ទស្សនីយភាព​ប្លែកៗ ព្រោះ​រឿង​នេះ​លោក​មានការ​ចាប់អារម្មណ៍​ខ្លាំង​ ដោយសារតែ​កន្លងមក ប្រជាកសិករ​ខ្វល់​តែ​រឿង​ទិន្នផល​តែប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​ គឺជា​ឱកាស​មួយ​សម្រាប់​លោក​ យក​ទៅ​អនុវត្ត​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​មាន​សោភណភាព​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ផង​ដែរ៕

ប្រទេស​កូរ៉េ ផ្ដល់​បទពិសោធន៍​នៃ​សិល្បៈ​ដាំ​ស្រូវ ដល់​មន្ទីរកសិកម្ម ចំនួន​៤​ខេត្ត​

ប្រទេស​កូរ៉េ ផ្ដល់​បទពិសោធន៍​នៃ​សិល្បៈ​ដាំ​ស្រូវ ដល់​មន្ទីរកសិកម្ម ចំនួន​៤​ខេត្ត​