កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ CNRP បានបញ្ចប់, ប្រកាសបន្តយកវប្បធម៌សន្ធនា ដើម្បីស្តារស្ថានភាពនយោបាយឲ្យវិលមកភាពប្រក្រតីវិញ

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ CNRP នៅមុននេះបន្តិច គណបក្សបានចេញ លទ្ធផល នៃកិច្ចប្រជុំចំនួន៤ចំណុច ពាក់ព័ន្ធស្ថានភាពនយោបាយនាពេលថ្មីៗនេះ នៅក្នុងក្នុងនោះ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាន់យក វប្បធម៌សន្ធនាជាមូលដ្ឋាន ក្នុងការស្តារស្ថានការណ៍នយោបាយ ឲ្យមានភាពប្រក្រតីឡើងវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា នៅចំពោះមុខស្ថានការណ៍បែបនេះ គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស បានសម្រេចដូចខាងក្រោម៖ ទី១-ឲ្យថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់រាជធានី-ខេត្ត ដង្ហែញត្តិមករាជធានីភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រ។

ទី២-គាំទ្រឲ្យអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ តាមរយៈក្រុមសាមជិកសភា ធ្វើញត្តិផ្ញើជូនប្រធានរដ្ឋសភា ដើម្បីបញ្ជាក់ប្រាប់ថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំងអស់ មិនអាចទៅបំពេញការងារនៅមន្ទីររដ្ឋសភា បានក្នុងកាលៈទេសៈដែលមានការរំលោភបំពានអភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្រ្តជាបន្តបន្ទាប់បែបនេះ។

ទី៣-គណបក្សនឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងទី៤-បន្តយកវប្បធម៌សន្ទនា ធ្វើជាមូលដ្ឋាន ក្នុងការស្តារស្ថានការណ៍នយោបាយ ឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាឲ្យការបោះឆ្នោតនាឆ្នាំ២០១៧-២០១៨ ខាងមុខប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។

ការកោះប្រជុំបន្ទាន់នេះធ្វើឡើងបន្ទាប់ពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «បដិសេធ ក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនសំណុំរឿងទៅ ចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ CNRP បានបញ្ចប់, ប្រកាសបន្តយកវប្បធម៌សន្ធនា ដើម្បីស្តារស្ថានភាពនយោបាយឲ្យវិលមកភាពប្រក្រតីវិញ

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ CNRP បានបញ្ចប់, ប្រកាសបន្តយកវប្បធម៌សន្ធនា ដើម្បីស្តារស្ថានភាពនយោបាយឲ្យវិលមកភាពប្រក្រតីវិញ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ CNRP បានបញ្ចប់, ប្រកាសបន្តយកវប្បធម៌សន្ធនា ដើម្បីស្តារស្ថានភាពនយោបាយឲ្យវិលមកភាពប្រក្រតីវិញ

ប្រភពៈ freshnewsasia