ខេត្ត​កែប​កើត​ជំនន់​ទឹក​ភ្លៀង​បន្ទាប់ពី​ខ្វះខាត​ទឹក​ប្រើប្រាស់

កែបៈ បន្ទាប់ពីមានភាពរាំងស្ងួតដែលបង្កឲ្យពលរដ្ឋជាច្រើនម៉ឺនគ្រួសារខ្វះខាតទឹកប្រើប្រាស់ហើយសត្វពាហនៈជាច្រើនពាន់ក្បាល និងត្រីទឹកសាបរាប់សិបតោនងាប់ដោយសាររលកកម្ដៅនោះស្រាប់តែនៅខេត្តកែបបានរងនូវទឹកជំនន់លិចផ្លូវថ្នល់ សាលារៀន និងស្រែពង្រោះរបស់កសិករមួយចំនួនបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នានាពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ខេត្ត​កែប​កើត​ជំនន់​ទឹក​ភ្លៀង​បន្ទាប់ពី​ខ្វះខាត​ទឹក​ប្រើប្រាស់

ផ្ទះប្រជាពលរដ្ឋត្រូវទឹកជន់លិចនៅក្នុងស្រុកឈូក ខេត្តកំពតកាលពីឆ្នាំមុន។ រូបថត ហ្វេសប៊ុក

លោក កែន សត្ថា អភិបាលខេត្តកែបបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាពេលនេះផ្ទៃមេឃនៅបន្តចុះអ័ព្ទ និងមានភ្លៀងរលឹមធ្វើឲ្យមានកង្វល់ពីជំនន់ទឹកភ្លៀងដែលកំពុងជនលិចសាលារៀនមួយចំនួននៅស្រុកដំណាក់ចង្អើរ និងទីប្រជុំជនផ្សារមួយចំនួនក្នុងក្រុងកែបគ្រាដែលអាជ្ញាធរកំពុងរៀបចំជួសជុលផ្លូវ និងធ្វើប្រព័ន្ធលូមួយចំនួន។

លោកបានបញ្ជាក់ថា៖ «ភ្លៀងកាលពីថ្ងៃពុធមានកម្ពស់រហូតដល់ ១៨៨ ម.ម ពោលគឺភ្លៀងធំពេញមួយថ្ងៃមួយយប់បានធ្វើឲ្យជន់លិចសាលាបឋមសិក្សា ប៊ុនរ៉ានីហ៊ុនសែន ដំណាក់ចង្អើររហូតដល់ត្រឹមជង្គង់ ហើយដីស្រែមួយចំនួនបានជន់លិច»។

ទោះជាបែបណាក្ដីលោកថា៖ «នៅរសៀលថ្ងៃនេះ [ម្សិលមិញ] សមត្ថកិច្ចបានចុះបូមរំដោះទឹកចេញពីសាលានោះអស់ហើយដើម្បីឲ្យសិស្សបានចូលរៀន»។ លោកបានបន្ថែមថាពេលនេះខេត្តកែបទាំងមូលមានទឹកសាបប្រើគ្រប់គ្រាន់ហើយចាប់តាំងពីមានភ្លៀងធំៗជាប់ៗគ្នាមក រីឯយុទ្ធនាការចែកទឹកក៏ត្រូវបានបញ្ចប់ដែរ។

តាមការជូនដំណឹងពីក្រសួងធនធានទឹកនៅខេត្តជាប់មាត់សមុទ្រនឹងមានភ្លៀងពីមធ្យមទៅច្រើនរហូតដល់ថ្ងៃទី ២៨ ខែឧសភាដែលការជូនដំណឹងនេះបានអំពាវនាវដល់អ្នកនេសាទសមុទ្រ និងអ្នកកម្សាន្តតាមកោះមួយចំនួនឲ្យបង្កើនការប្រុងប្រយ័ត្នព្រោះអាចមានខ្យល់កន្ត្រាក់ និងផ្គររន្ទះកើតឡើង៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍